Monday, March 19, 2012

ភូមិ​កំណើត​ខ្ញុំ

ដោយ ហោន ចន្រ្ទា
នៅ​ក្នុង​រថយន្ត​ក្រុង​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​អ្នក​ដំណើរ ​នៅ​ក្នុង​នោះ​នាង​ខ្ញុំ​បាន​អង្គុយ​ផ្អែក​ខ្ន​ង​ទៅ​នឹង​កៅអី រង់​ចាំ​រថយន្ត​ចេញ​ដំណើរ។ មិន​យូរ​ប៉ុន្មាន​រថយន្ដ​ក្រុង​មួយ​នេះ​ក៏​បាន​លូន​ចេញ​យ៉ាង​សន្សឹម​ៗ​ ពី​ទី​ក្រុង​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ឧត្តរមានជ័យ។​ ពេល​នោះ​ដែរ ​អារម្មណ៍​របស់​ខ្ញុំ​ដូចជា​រសាប់​រសល់​រក​ថា​មិន​ត្រូវ។​ ឱ ! ឧត្តរមានជ័យ​អើយដឹង​ទេ​ថា​ខ្ញុំ​នឹក​អ្នក​ប៉ុណ្ណា​? តើ​ឥឡូវ​អ្នក​បាន​ប្រែ​រូបរាង​ទៅ​ជា​យ៉ាង​ណា​ហើយ​? រឺ​ក៏​នៅតែ​ដដែល​ទេ? បើ​សិន​ជា​អាច​ហោះ​បាន​ខ្ញុំ​នឹង​ហោះ​ទៅ​ឲ្យ​ដល់​អ្នក​ភ្លាម​ៗ ​ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​១២​ម៉ោង លើ​រថយន្ត​នោះ​ទេ ប៉ុន្តែ​អ្វី​ៗ​ខុស​ស្រលះ ​ព្រោះ​នាងខ្ញុំ​​មិន​មែន​ជា​អ្នក​ចេះ​មន្ត​អាគម​ឯណា ដូច្នេះ​ហើយ​នាង​ខ្ញុំ​បាន​ត្រឹម​តែ​នឹក​ស្រមៃ ពី​នេះ​ម្តង ពី​នោះ​ម្តង អំពី​ភូមិ​កំណើត​ខ្ញុំ​។​ ហ៊ឺ​........​ហេតុ​អ្វី​ក៏​រថយន្ត​នេះ​យឺត​ម្ល៉េះ​? ៤ ទៅ ៥ម៉ោង​ កន្លង​ផុត​ទៅ រថយន្ត​ទើប​តែ​មក​ដល់​ខេត្ត​បាត់​ដំបង។ ពេល​វេលា​ពិត​ជា​យូរ​ខ្លាំង​ណាស់​សម្រាប់​អ្នក​រង់​ចាំ ​ដូច​ជា​ពេល​នេះ​អី​ចឹង ពេល ១នាទី ទៅ ១នាទី ហាក់​ដូច​ជា​យូរ​ខ្លាំង​ណាស់។ ប្រហែល​ជា​ម៉ោង​ ៤​ល្ងាច ទើប​រថយន្ត​ឈាន​​ជើង​ចូល​ទៅ​ដល់​ទឹក​ដី​ដែល​នាង​ខ្ញុំ​ទន្ទឹង​រង់​ចាំ​តាំង​ពី​ឈាន​ជើង​ចូល​ទៅ​ក្នុង​រថយន្ត​ក្រុង​មក​ម្ល៉េះ។ នៅ​តាម​សង​ខាង​ផ្លូវ​មាន​ដើម​ឈើ​គ្រប់​ប្រភេទ ដែល​ស្លឹក​របស់​វា​បក់​រេ​ចុះ​ឡើង​ ហាក់​កំពុង​សំលឹង​មើល​មក​អ្នក​ដំណើរ​យ៉ាង​រីករាយ​​បំផុត។ មិន​យូរ​ប៉ុន្មាន​រថយន្ដ​ក៏​ចូល​មក​កាន់​តែ​ជិត​ភូមិ​ខ្ញុំ​ហើយ ធ្វើ​ឲ្យ​ខ្ញុំ​អាច​សំលឹង​មើល​ភូមិ​កំណើត​ខ្ញុំ​ពី​ចម្ងាយ​ដោយ​ក្ដី​រំភើប​បំផុត​។ “គោកមន” ឈ្មោះ​នេះ​ហើយ​ដែល​នាងខ្ញុំ​ទន្ទឹង​​រង់​ចាំ​ចង់​ជួប ចង់​ឃើញ ​ចង់​ដឹង ថា​តើ​រយៈ​ពេល​១ឆ្នាំ ដែល​រូប​នាង​ខ្ញុំ​បាន​ឃ្លាត​ឆ្ងាយ​ពី​អ្នក តើ​រូប​អ្នក​បាន​ប្រែ​ប្រួល​អ្វី​ខ្លះ​ទៅ​?
            ពេល​ចូល​ដល់​ទឹក​ដី​កំណើត​ភ្លាម​ អនុស្សាវរីយ៍​ពី​កុមារភាព​ទាំង​ឡាយ​បាន​ផុស​ចេញ​ពី​ក្នុង​អារម្មណ៍​របស់​ខ្ញុំ។ ឱ! វ័យ​កុមារភាព​អើយ​....!​ ខ្ញុំ​ពិត​ជា​នឹក​អ្នក​ណាស់ នឹក​កាល​ដើរ​ទៅ​រើស​ខ្យង​តាម​វាល​ស្រែ​ជា​មួយ​មិត្កភក្ដិ​ជា​ច្រើន​នាក់​នៅ​ក្នុង​ពេល​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង ពួក​យើង​​​រត់​ប្រឡែង​គ្នា​ពេញ​វាល​ស្រែ​។ នឹក​ឃើញ កាល​ទៅ​ដក​ដើម​ច្រវ៉ា​ទូក យក​មក​បបរ​បាយ​ជ្រូក។ រវល់​តែ​បណ្ដែត​អារម្មណ៍​ទៅ​ឆ្ងាយ​ស្រាប់​តែ​ឡាន​បាន​ឈប់​ង៉ក់​នៅ​ទីធ្លា​មុខ​ផ្ទះ​របស់​នាង​ខ្ញុំ​ធ្វើ​ឲ្យ​អារម្មណ៍​ដែល​ស្រមៃ​ពី​ពេល​នៅ​កុមារភាព​បាន​បាត់​អស់​រលីង​។
            គោកមន គឺ​ជា​ឈ្មោះ​នៃ​ភូមិ​មួយ​ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ដែល​ជា​ខេត្ត​មួយ​នៅ​ជាប់​ព្រំ​ប្រទល់​ប្រទេស​ថៃ​។ ខេត្ត​នេះ​មាន​ចម្ងាយ​ ៤៦៩ ​គីឡូ​ម៉ែត្រ ពី​ទី​ក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង។ បើ​តាម​ខ្ញុំ​ដឹង​ភូមិ​នេះ ​កាល​ពី​មុន​សម័យ​ប៉ុល​ពត ប្រជាជន​ភាគ​ច្រើន​គឺ​ចិញ្ចឹម​ដង្កូវ​នាង ដើម្បី​យក​សរសៃ​សូត្រ​មក​ត្បាញ​ធ្វើ​ជា​ក្រណាត់​សំរាប់​លក់ ឬ​ ប្រើប្រាស់​ផ្ទាល់​ខ្លួន​ ទើប​នៅ​គ្រប់​ផ្ទះ​មាន​ដាំ​ដើម​មន​ដើម្បី​យក​ស្លឹក​ធ្វើ​ជា​ចំណី​របស់​ដង្កូវ​នាង។​ ដូចនេះ​ហើយ​បាន​ជា​គេ​ឲ្យ​​ឈ្មោះ​ភូមិ​នេះ​ថា “ ភូមិ​គោកមន” ។
            គោក​មន មិន​មែន​ជា​ភូមិ​ដែល​ស្ថិត​នៅ​ក្នុង​ទី​រួម​ខេត្ត​នោះ​ទេ គឺ​វា​ស្ថិត​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ប្រហែល​ជា ២៥​គីឡូ​ម៉ែត្រ ឆ្ពោះ​ទៅ​កាន់​ទិស​ខាង​លិច ​តាម​ផ្លូវ​ជាតិ​លេខ​៥៩។ ភូមិ​នេះ​សំបូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​ចាស់​ៗ​បាក់​បែក​  ជា​ពិសេស​នោះ​គឺ​ប្រាសាទ​តា​មន្ត និង ប្រាសាទ​តា​ក្របី ដែល​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដង​រ៉ែក។
            បើ​គេ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ភូមិ​នេះ​ពី​ចំងាយ គេ​នឹង​មើល​ឃើញ​ជួរ​ភ្នំ​ដង​រ៉ែក​ដែល​មាន​រាង​​ពត់​ពែន​យ៉ាង​វែង​លាត​សន្ធឹង​នៅ​ពី​ក្រោយ​ភូមិ​ដ៏​សែន​ឆ្ងាយ ប្រៀប​ដូច​ទៅ​នឹង​រូប​ចម្លាក់​នាគរាជ​មួយ​យ៉ាង​ធំ។ ពេល​ដែល​គេ​ចូល​ទៅ​ដល់​ក្នុង​ភូមិ គេ​ឃើញ​មាន​ផ្ទះ​អ្នក​ភូមិ​ជា​ច្រើន​ខ្នង​ឈរ​បង្អួត​​សម្រស់​​គ្នា​យ៉ាង​សង្ហា​នៅ​តាម​ដង​ផ្លូវ។
            នៅ​ខាង​មុខ និង​ ខាង​ក្រោយ​ភូមិ​នេះ ​សុទ្ធ​សឹង​តែ​ជា​វាល​ស្រែ​ទាំង​អស់​។ បើ​នៅ​រដូវ​វស្សា​វិញ​គេ​មើល​ឃើញ​ទេសភាព​ជុំវិញ​ភូមិ​នេះ​មាន​ពណ៌​បៃតង​ស្រស់​ ប្រៀប​បាន​ទៅ​នឹង​ផ្ទាំង​គំនូរ​វាល​ស្រែ​មួយ​ផ្ទាំង​ដែល​ត្រូវ​បាន​ផាត់​ពណ៌​ដោយ​វិចិត្រករ​ដ៏​ចំណាន​ម្នាក់​ដូច្នោះ​ឯង។ ចំណែក​នៅ​រដូវ​ចម្រូត​វិញ ក៏​ដូច​គ្នា​ដែរ​គឺ វាល​ស្រែ​ដែល​មាន​ពណ៌​ខៀវ ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ពណ៌​មាស​ក្រហម​ឆ្អិន​ឆ្អៅ​ទាំង​អស់។​ បើ​គេ​ធ្វើ​ដំណើរ​កាត់​ភូមិ​នេះ​នៅ​រដូវ​ច្រូត​កាត់​ គេ​នឹង​មើល​ឃើញ​អ្នក​ភូមិ​ស្រវា​ស្រទេញ ​ខិត​ខំ​ប្រមូល​ផល​រៀង​ៗ​ខ្លួន​នៅ​ក្រោម​កំដៅ​ថ្ងៃ​ដ៏​ក្ដៅ ហាក់​ដូច​ជា​គ្មាន​ការ​ធុញ​ទ្រាន់​​នឹង​ការងារ​ប្រមូល​ផល​នេះ​សោះ​។ ប្រជាជន​ភូមិ​ខ្ញុំ​ចេះ​ជួយ​គ្នា និង ចេះ​សាមគ្គី​គ្នា​ណាស់ នៅ​រដូវ​ដក​ស្ទូង​ ឬ រដូវ​ច្រូត​កាត់​​ពួក​គាត់​តែង​តែ​ធ្វើ​ស្រែ​ប្រវាស់​ដៃ​គ្នា​។  ពេល​ល្ងាច​ប្រហែល​ជា​ម៉ោង​៥ ពួក​គាត់​នាំ​គ្នា​សម្រាក​ពី​ការងារ​ហើយ​ត្រលប់​មក​ផ្ទះ​វិញ ​ពេលនេះ​ហើយ​ដែល​គេ​លឺ​សម្លេង​គោយន្ដ​កន្រ្តៃ​យ៉ាង​រន្ថាន់​ចូល​មក​ក្នុង​ភូមិ ខុស​ស្រលះ​ពី​ប៉ុន្មាន​​​ឆ្នាំ​មុន​ដែល​គេ​លឺ​តែ​​សម្លេង​រទេះគោ​ង៉េតៗ​នៅ​ក្នុង​ភូមិ​នេះ​។ ក្រៅ​ពី​របរ​កសិកម្ម​អ្នក​ភូមិ​ខ្ញុំ​បាន​នាំ​គ្នា​ប្រកប​របរ​មួយ​ទៀត​គឺ ធ្វើ​ចម្ការ​ដំឡូង​មី។
            ទោះបី​ជា​ភូមិ គោក​មន ជា​ភូមិ​មួយ​នៅ​ក្បែរ​ជួរ​ភ្នំ​ដងរ៉ែក​ក្ដី និង ជា​ភូមិ​ដែល​ស្ថិត​នៅ​ក្នុង​​តំបន់​​ជនបទ​ក្ដី ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ស្រលាញ់​ភូមិ​ខ្ញុំ​ណាស់​​ ។ ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ឆ្ងាយ​គឺ​ខ្ញុំ ពិត​ជា​នឹក​អាល័យ​ដល់​ភូមិ​ខ្ញុំ​ជា​និច្ច។ ខ្ញុំ​នឹក ឪពុក​ម្ដាយ លោក​តា លោក​យាយ និង បង​ប្អូន​របស់​នាង​ខ្ញុំ ហើយ​ខ្ញុំ​តែង​តែ​នឹក​ឃើញ​នូវ​រាល់​សកម្មភាព​កាល​ខ្ញុំ​នៅ​ពី​​​​ក្មេង​ៗ ជា​ពិសេស​​នោះ​គឺ​នឹក​ឃើញ​កាល​ខ្ញុំ​ទៅ​ឃ្វាល​គោ ជា​មួយ​មិត្ត​ភក្តិ​នៅ​តាម​ជើង​ភ្នំ​ដង​រ៉ែក​ ពេល​នោះ​​គឺ​ជា​ពេល​ដែល​សប្បាយ​បំផុត​ព្រោះ​ថា ពួក​យើង​បាន​នាំ​គ្នា​លេង​ដេញ​ចាប់​នៅ​លើ​ចុង​ឈើ​ទាប​ៗ ជា​ពិសេស​គឺ ដើម​កកោះ ពីព្រោះ​ដើម​នេះ​មាន​មែក​ស្វិត​ណាស់​ មិន​បាក់​ងាយ​ៗ​ទេ ។ ពួក​យើង​បាន​លោត​ហក់​តោង​មែក​ចុះ​ឡើង​យ៉ាង​ស្វា​ហាប់ ប្រៀប​ដូច​ជា​សត្វ​ស្វា​ដែល​កំពុង​តែ​ប្រដេញ​គ្នា​នៅ​លើ​ចុង​ព្រឹក្សា​នានា​ដូច្នោះ​ឯង។ ក្រៅ​ពី​ទៅ​ឃ្វាល​គោ គឺ​នាង​ខ្ញុំ​ចូល​​​ចិត្ត​ទៅ​ស្ទូច​ត្រី ឬ​បាច​ត្រី ។ ជា​ការ​ពិត​ណាស់​ក្មេង​ៗ​នៅ​ស្រុក​ស្រែគឺ​តែងតែ​ជួប​ប្រទះ​នូវ​ការងារ​ទាំង​អស់​​នេះ ប៉ុន្តែ​​​នាង​ខ្ញុំ​មិន​ដែល​គិត​ថា នាង​ខ្ញុំ​កើត​មក​គ្មាន​សំណាង​នោះ​ទេ ។ នៅ​ថ្ងៃ​មួយ​នា​រដូវ​ទឹក​ឡើង​ខ្លាំង បន្ទាប់​ពី​ស្ទូច​ត្រី​មិន​បាន​សូម្បី​តែមួយ ពួក​យើង​បាន​នាំ​គ្នា​ទៅ​លោត​ទឹក​តាម​ទំនប់ ឬ ប្រលាយ​ធំៗ​យ៉ាង​សប្បាយ​រីករាយ ដោយ​គ្មាន​គិត​ថា​ម្ដាយ ឪពុក​ បារម្ភ​យ៉ាង​ណា​នោះ​ទេ។ បន្ទាប់​ពី​លេង​ទឹក​ឆ្អែត​ហើយ ក៏​នាំ​គ្នា​ដើរ​ទៅ​ផ្ទះ​វិញ​ទាំង​សម្លៀក​បំពាក់​សើម បើ​មើល​​ទៅ​ស្បែក​វិញ​គឺ​ឡើង​ខ្មៅ​ដូច​ក្របី ​ព្រោះ​តែ​លេង​លោតទឹក​យូរ​ពេក ណា​មួយ​ត្រូវ​នឹង​កំដៅ​ថ្ងៃ​ផង ដូច្នោះ​​ហើយ​បាន​ជា​កូន​ក្មេង​នៅ​ភូមិ​ខ្ញុំ​ភាគ​ច្រើន​គឺ​មាន​សម្បុរ​ខ្មៅ​ដូច​តែ​នាង​ខ្ញុំ​ដែរ​។
            ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ទើប​នាង​ខ្ញុំ​មាន​ឱកាស​ទៅ​លេង​ភូមិ​កំណើត​ដ៏​សែន​ស្រស់​ស្អាត​មួយ​នេះ​។ ពេល​ដែល​ឈាន​ជើង​ចូល​ដល់​ភូមិ​កំណើត​ភ្លាម នាងខ្ញុំ​​មាន​អារម្មណ៍ ភ័យ​ផង អរ​ផង ពីព្រោះ​តែ​ការ​នឹក​រលឹក​ទៅ​ដល់​ ឪពុក ម្ដាយ ខ្លាំង​ពេក។ រយៈ​ពេល​កន្លះ​ខែ​ដែល​នាង​ខ្ញុំ​បាន​ស្នាក់​នៅ​ស្រុក​កំណើត​គឺ​វា​ខ្លី​ណាស់ វា​ផ្ទុយ​គ្នាស្រលះ​អំពី រយៈ​ពេល​​មួយ​ថ្ងៃ​មុន​ទៅ​លេង​ស្រុក​កំណើត គឺ​វា​មាន​រយៈពេល​យូរ​ដូច​រាប់​ខែ​ដូច្នោះ​ឯង។
            ភូមិ​ខ្ញុំ​ឥឡូវ​រីក​ចំរើន​ណាស់​បើ​ប្រៀប​ធៀប​ទៅ​នឹង ១០​ឆ្នាំ​មុន​។ គេ​ឃើញ​ថា ផ្ទះ​ឈើ​ទាំង​ឡាយ​បាន​ប្រែ​កាឡា​ខ្លួន​ទៅ​ជា​ផ្ទះ​ថ្ម​ដែល​សង់​នៅ​ជាប់​ៗ​គ្នា​នៅ​តាម​ដង​ផ្លូវ ចំណែក​ផ្លូវ​ថ្នល់​​​វិញ​ក៏​ដូច​គ្នា​ដែរ ​គឺ​បាន​ប្រែ​ខ្លួន​ពី​ផ្លូវ​លំ​ទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​រលោង​ស្រិល ​មិន​ចាញ់​​ទីក្រុង​ឡើយ ។ នាងខ្ញុំវ​ពិត​ជា​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​ នៅ​ពេល​បាន​ឃើញ​ជីវភាព​របស់​អ្នក​ភូមិ​ខ្ញុំ​មាន​​ការ​រីក​ចំរើន​ដូច​នេះ៕៚​