ហោន ចន្រ្ទា
ថ្ងៃបើកបវេសនកាលថ្មី
- សុំទោសលោក ងាកបន្តិចបានទេ?
- ខ្ញុំមិនងាកទេ។ ហេតុអីនាងមិនដើរផ្លូវខាងនោះទៅ?
- នៅខាងនោះវាចង្អៀត។ នេះជាផ្លូវសាធារណៈ ហើយក៏មិនមែនជាផ្លូវរបស់លោកតែម្នាក់ដែរ។
- ហើយវាក៏មិនមែនជារបស់នាងតែម្នាក់ឯងដែរ។ ផារី ខឹងមុខឡើងក្រហម ដើរគេចទៅម្ខាងជាមួយមិត្តនាង ពីរ បី នាក់។
ព្រឹកថ្ងៃបន្ទាប់
- សួស្ដី.........ស្រីស្អាត ផារី..!
- ណែ៎លោក..! តើអ្នកណានិយាយជាមួយលោក? កុំមកស្រែកហៅគេតែផ្ដេសតែផ្ដាស់ ខ្ញុំដល់ម៉ោងចូលរៀនហើយ ចេញទៅ!
- ផារី! គេនោះជាអ្នកណាទៅ? ហេតុអីតែងតែតាមរករឿងឯងអញ្ចឹង? (ស្រីពៅបានសួរទៅនាង)
- ខ្ញុំមិនស្គាល់គេនោះទេ យើងជួបគ្នាដោយចៃដន្យ កាលពីថ្ងៃបើកបវេសនកាល។
- មើលទៅគេដូចជាមានចំណាប់អារម្មណ៍លើឯងហើយ។
- កុំនិយាយអញ្ចឹង គ្នាមិនចូលចិត្តទេ។ នាងក៏ដើរចូលទៅក្នុងថ្នាក់ ព្រោះថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់នាង។
សិស្សទាំងអស់កំពុងអង្គុយចាំគ្រូដោយស្ងៀមស្ងាត់នៅក្នុងថ្នាក់ (ពេលនោះអ្នកគ្រូបានមកដល់)
- សួស្ដី ប្អូនៗ ! ថ្ងៃនេះជាថ្ងៃដំបូង អញ្ចឹងអ្នកគ្រូចង់ឲ្យប្អូនៗណែនាំឈ្មោះឲ្យអ្នកគ្រូបានស្គាល់។ ពីតុខាងនេះមុនចុះ!
មិត្តភក្តិផារី បានណែនាំបន្តបន្ទាប់គ្នា បន្ទាប់មកក៏ដល់វេននាង។
- ជំរាបសួរអ្នកគ្រូ! នាងខ្ញុំឈ្មោះ សន ផារី...! ចប់ប្រយោគស្ទើរមិនទាន់ សុខណេង ក៏បន្ត៖
- ហៅកាត់ថា កូនឆ្មារកំពូលឆ្នាសប្រចាំថ្នាក់។ (សុខណេង បានបែរមុខទៅលៀនអណ្តាតដាក់ផារី)
- ពេលចេញទៅផ្ទះវិញនឹងត្រូវហើយ ចាំមើលទៅនាយមនុស្សស៊យ។ (នាងរអ៊ូតែម្នាក់ឯង)
ចប់ម៉ោងភ្លាម សិស្សទាំងអស់នាំគ្នាស្រូតទៅផ្ទះ៖
- អូយ..! នែ៎លោក..មនុស្សគ្មានសតិ មិនឃើញខ្ញុំឈរនៅទីនេះទេឬ? ម៉េចដើរមកប៉ះមនុស្សទាំងរស់អញ្ចឹង?
- បើនាងជាមនុស្សស្លាប់ ធ្វើម៉េចខ្ញុំអាចដើរមកប៉ះនាងបាន?
- ខ្ញុំមិនយល់ពីលោកទេ ហេតុអីចេះតែមកតាមរករឿងខ្ញុំគ្រប់ពេលយ៉ាងនេះ?
- ខ្ញុំមិនបានមករករឿងនាងនោះទេ។ ចុះនាងមកឈរពាំងផ្លូវគេដើរធ្វើអី?
- ចុះខាងនោះក៏ជាផ្លូវដែរតើ! ហេតុអីមិនដើរទៅខាងនោះទៅ?
- ខ្ញុំអត់ចង់ទេ ខ្ញុំចង់ដើរកន្លែងនេះវិញ។ នាងមានសិទ្ធិអីមកហាមឃាត់ខ្ញុំ?
- ខ្ញុំមិនបានហាមមិនឲ្យលោកដើរទេ តែបើដើរកុំឲ្យមកប៉ះគេឯងដូច្នេះទៀត។
- សាច់នាងជាគ្រាប់ពេជ្រមែនទេ? គេបើកភ្នែកធំៗដាក់នាង។
ផារីខឹងណាស់ គឺខឹងរកពាក្យអ្វីមកថ្លែងពុំបាននោះទេ នាងបែរមកចាប់ស្វាយត្រាំដែលមិត្តភក្ដិនាងអង្គុយញ៉ាំនៅលើបង់ គប់សំដៅទៅរកមុខសុខណេង លឺសូរផាច់។ រួចហើយនាងក៏បន្ទោរ៖
- តើឆ្ងាញ់ទេលោក? ប្រហែលឃ្លានយូរហើយបានជាឃើញគេកំពុងញ៉ាំ ដើរមកឆ្វែលយ៉ាងនេះនោះ។
- នាង.....នាង.....នាងម្ទេសខ្មាំងអើយ។ សុខណេង ថាបណ្ដើរយកដៃជូតទឹកស្វាយត្រាំដែលប្រឡាក់អាវចេញបណ្ដើរ។
- អូ! ស្រីពៅ ចិន្ដា លោកប៉ាគ្នាមកទទួលហើយ ។ Bye Bye....! នាងដើរសំដៅទៅចូលឡានដោយមិនភ្លេចបែរមកបើកភ្នែកធំៗដាក់ សុខណេង ដោយរីករាយ ព្រោះនាងជាអ្នកមានប្រៀបជាង។
ព្រឹកថ្ងៃបន្ទាប់ទៀត.........
- ផារី.....ផារី.!
- អេ..យ៉ាងម៉េចហ្នឹង ចិន្ដា?
- មានគេផ្ញើរបស់នេះមកឲ្យឯងណា។
- ហាក..! គឺក្រដាសហ្នឹង។ អ្នកណាគេផ្ញើមក? នាងសួរដោយឆ្ងល់។
- អត់ដឹងដែរព្រោះ សុភា ហុចឲ្យមកខ្ញុំ ហើយប្រាប់ថាមានគេផ្ញើមកឲ្យឯង។
- អូ អញ្ចឹង..! អរគុណណា។ នាងនិយាយបណ្ដើរ លាតកូនក្រដាស ពណ៌លឿងមើលបណ្ដើរ “សួស្ដី នាងកូនឆ្មារសែនឆ្នាសលើលោកអើយ.....! ថ្ងៃនេះខ្ញុំទុកឲ្យនាងមានក្ដីសុខមួយថ្ងៃចុះ ថ្ងៃស្អែកចាំខ្ញុំតាមរករឿងនាងបន្តទៀត។ សូមឲ្យថ្ងៃនេះនាងស៊យពេញមួយថ្ងៃ ហាស.....ហា...!”។
- អ្នកណាគេហ្នឹង ផារី?
- គឺមនុស្សឆ្កួត រោគចិត្តថ្ងៃមុនហ្នឹងណា។
- ម្នាក់ដែលឯងគប់នឹងចំណិតស្វាយថ្ងៃមុនមែនទេ? មើលទៅគេដូចជាស្រលាញ់ឯងហើយ។
- ឆ្កួត! ធ្វើម៉េចអាចទៅរួច មនុស្សស្រលាញ់គ្នាគេមិនដែលនិយាយពាក្យអាក្រក់អញ្ចឹងទេ។(ទោះបីជានាងប្រកែកតែចិត្តនាង បានទទួលនូវអារម្មណ៍មួយចម្លែករកថាមិនត្រូវ)។
យប់នេះសុខណេង គេងមិនលក់សោះ ព្រោះរវល់តែគិតពីរឿងនេះបន្តិច រឿងនោះបន្តិចក៏ចូលដល់រឿងគេជាមួយផារី។
- នាងឆ្កួតអើយ! ហេតុអីក៏នាងកាចយ៉ាងនេះ? ចាំមើលណាខ្ញុំនឹងតាមរករឿងនាងរាល់ថ្ងៃ។ គិតចុះគិតឡើងនាយញញឹមតែម្នាក់ឯង តាមពិតទៅនាយចូលចិត្តណាស់នៅពេលដែលផារីខឹង គឺមុខនាងគួរឲ្យស្រលាញ់។
ព្រឹកនេះសុខណេង បានជូនសំបុត្រអញ្ជើញខួបកំណើតគេឲ្យទៅមិត្តគេមួយម្នាក់ រួមទាំងផារីផងដែរ។
- ខ្ញុំមិនទំនេរទេ សុំទោសណាដែលធ្វើឲ្យលោកខកបំណង ព្រោះខ្ញុំត្រូវទៅចូលរួមកម្មវិធីជាមួយលោកប៉ា អ្នកម៉ាក់របស់ខ្ញុំ។(ផារីឆ្លើយដោយមិនខ្ចីមើលមុខសុខណេង)
- នែ៎ នាងមេមាន់អើយ..! ស្មានថាខ្ញុំចង់អញ្ជើញនាងខ្លាំងណាស់មែនទេ? សុំទោស គឺគ្មានសូម្បីតែបន្តិចនោះទេ កុំតែខ្លាចនាងទៅផ្ទះវិញអង្គុយយំហើមភ្នែក ស្រែកថាខ្ញុំមិនបានហៅទៅចូលរួម ខ្ញុំក៏មិនខ្ចីប្រាប់នាងដែរ។
- នាយ.....នាយ....នាយសុខណេងឆ្កួត ហ៊ានថាឲ្យយើងជាមេមាន់ផង ខ្ញុំមិនទទួលយកទេព្រោះខ្ញុំមិនមែនជាមាន់។
- ហាស.........ហា...នាងមេមាន់តឿ។
- នាយហ្នឹងហើយតឿ។
- ហ៊ានវាស់គ្នាទេ?
- មិនចាំបាច់អីខ្ញុំទៅវាស់ជាមួយលោកនោះទេ។
- នាងចាញ់ហើយ។
- លោក...............!
- មានរឿងអីហ្នឹង? ហេតុអីលឺសម្លេងស្រែកខ្លាំងៗម្ល៉េះ?
សិស្សទាំងអស់ស្ងាត់ជ្រៀប គ្មាននរណាហ៊ានលឺមាត់ទេ ហើយសុខណេងក៏ឆ្លើយ៖
- គឺ.....ប្អូន ផារី ភ្លាត់មាត់ស្រែក ព្រោះមានសត្វជីងចក់ ធ្លាក់នៅលើតុនាងណាអ្នកគ្រូ។
ចប់ម៉ោងរៀន......
- លើកក្រោយកុំមកហៅខ្ញុំថាប្អូនៗ ពេញមាត់ពេកព្រោះខ្ញុំមិនមែនជាប្អូនលោកទេ។
- ខ្ញុំមិនចង់ហៅនាងទេនាំឲ្យស៊យពេញមួយជាតិនោះ ព្រោះនាងជាមេមាន់ដែលនាំឲ្យគេឯងស៊យនោះអី។
- អូ..! ប្រហែលចំពោះតែលោកទេដែលស៊យ បើគេផ្សេងគឺប្រហែលជាមានលាភធំ។
សុខណេង អាក់សម្ដីបន្តិចព្រោះផារី ឆ្លើយមកធ្វើឲ្យគេរកអ្វីមកឆ្លើយមិនបាន។
- ខ្ញុំទៅសិនហើយ មិនចង់នៅជិតលោកយូរ ក្រែងឆ្លងរោគឆ្កួត។ នាងក៏ដើរសំដៅទៅឡានប៉ារបស់នាង។
នៅក្នុងបន្ទប់របស់ ផារី គឺនាងកំពុងតែលង់លក់ក្នុងដំនេកយ៉ាងស្រួល ស្រាប់តែទូរស័ព្ទរោទ៍ឡើង ហើយនាងបានបើកភ្នែកទាំងងងុយគេងមកអានសារ ពេលនោះនាងក៏បើកភ្នែកធំៗ សម្លឹងមើលតួអក្សរ ”ខ្ញុំគេងមិនលក់ទេ ព្រោះខ្ញុំកំពុងនឹកនាង”។ សាររបស់ សុខណេង បានធ្វើឲ្យអារម្មណ៍របស់នាងភ័យញាប់ញ័រ ហើយគេងស្ទើរមិនលក់ពេញមួយយប់៕៚