ខ្ញុំបាទឈ្មោះ លឿង ត្រា ជាអ្នកស្រុកភូមិផងរបងជាមួយនឹងបងចន្រ្ទា ក្នុងស្រុកអំពិល ខែត្រឧត្តរមានជ័យ។ ខ្ញុំសោកស្តាយខ្លាំងណាស់ចំពោះរឿងសោកនាកម្មដ៏ខ្លោចផ្សាមួយនេះដែលបានកើតឡើងចំពោះបងស្រីម្នាក់។ ដែលរូបខ្ញុំផ្ទាល់ចាត់ទុករូបគាត់ជាបងស្រីដ៏ល្អម្នាក់ប្រៀបដូចជាបងបង្កើតរបស់ខ្ញុំ និងមិត្តឯទៀតក្នុងផ្ទះ។គាត់ជាមនុស្សម្នាក់ដែលសមាជិកក្នុងផ្ទះគោរពស្រឡាញ់ ព្រោះគាត់ជាមនុស្សដែលមានសណ្ដានចិត្តល្អ រស់រាយ រាក់ទាក់ចំពោះមនុស្សរាល់គ្នា និងខិតខំឧស្សាហ៍ព្យាយាមតស៊ូរៀនសូត្រជំនះរាល់គ្រប់ឧបសគ្គដែលរារាំងដល់រូបគាត់ ថ្វីបើរូបគាត់ជានារីដែលមកពីស្រុកឆ្ងាយដាច់ស្រយាល។ មិនត្រឹមតែប៉ុណ្ណោះបងស្រីជាមនុស្សចេះជួយយកអាសាគ្នាពេលជួបទុក្ខលំបាកផ្សេងៗ។ ជាក់ស្ដែងរូបខ្ញុំផ្ទាល់មិនស្រួលខ្លួនមានជំងឺ ពេលនោះគាត់មិនសប្បាយចិត្តទាល់តែសោះខ្វល់ខ្វាយនិងយកចិត្តទុកដាក់ពីខ្ញុំ ហើយគាត់ប្រញាប់ឌុបខ្ញុំទាំងគាត់មិនទាន់បានប្ដូរសំលៀកបំពាក់សាលាទៅរកលោកគ្រូពេទ្យ។ ពេលត្រឡប់មកដល់ផ្ទះវិញបងស្រីរៀបចំបាយទឹកភ្លាម គាត់ក៏បង្ខំខ្ញុំអោយញ៉ាំបាយទាំងខ្ញុំមិនឈ្លានបន្តិចសោះ គាត់បាននិយាយថា<< អូនខំញ៉ាំបាយអោយបានច្រើន កុំអោយជំងឺវាធ្វើទុក្ខ >>។ ពាក្យនេះខ្ញុំនឹកថាមានតែម្ដាយរបស់ខ្ញុំទេដែលគាត់បារម្ភពីខ្ញុំ តែការពិតបងស្រីម្នាក់នេះដែលជាអ្នកស្រុកជាមួយគ្នាគាត់ក៏បារម្ភអំពីខ្ញុំណាស់ដែរ សំដីរបស់គាត់មួយមាត់នេះធ្វើអោយខ្ញុំមានភាពកក់ក្ដៅនិងមានកំលាំងព្រើត។ មួយទៀតពេលប្អូនៗណាខ្វះខាតប្រាក់កាសក៏គាត់អាចអោយខ្ចីចាយបាន។ ឯរូបខ្ញុំវិញក៏ដូច្នោះដែរ គឺខ្ញុំបានពឹងបងស្រីអោយជួយយកអង្ករដែលម្ដាយខ្ញុំផ្ញើពីស្រុកដោយសារកាលពីភ្ជុំបិណ្ឌឆ្នាំ ២០១១កន្លងមកនេះខ្ ញុំមិនបានត្រឡប់ទៅលេងស្រុកកំណើតទេ ហេតុដូច្នេះទើបខ្ញុំត្រូវពឹងពាក់រូបបងដែលជាអ្នកស្រុកភូមិជាមួយគ្នា រហូតមកដល់ភ្នំពេញ។ ពេលបងស្រីត្រឡប់មកពីស្រុកម្ដងៗបងតែងតែមានបញ្ញើជូនប្អូនៗជានិច្ច ដូចជាណែម នំអន្សម ផ្លែក្រូច... អោយពួកយើងញ៉ាំទាំងអស់គ្នា។ ខ្ញុំតែងគិតថាពេលឃ្លាតឆ្ងាយពីឪពុកម្ដាយ តើមាននរណាបារម្ភពីខ្ញុំ? តើខ្ញុំមានថ្ងៃដែលរីករាយដូចនៅជាមួយឪពុកម្ដាយបានដែររឺទេ? តើខ្ញុំអាចជួបមិត្តភ័ក្ដិល្អដែររឺទេ? នៅពេលមកដល់ក្រុងភ្នំពេញខ្ញុំបានមករស់នៅក្នុងសមាគមនិស្សិតឧត្តរមានជ័យ ដែលមានរាមច្បងនិងមិត្តភ័ក្ដិជាច្រើននាក់ជានិស្សិតមកពីខែត្រតែមួយ ក្នុងនោះខ្ញុំក៏បានជួបនឹងបងស្រីចន្ទ្រាដែលគាត់ជាអ្នកស្រុកជាមួយខ្ញុំដែរ។ ពួកយើងបានរស់នៅជាមួយគ្នាក្រោយដំបូលផ្ទះតែមួយក្រោមការគ្រប់គ្រងរបស់សមាគមជាអ្នកមើលថែរក្សា។ គ្រានោះទាំងបងស្រីចន្ទ្រា ទាំងខ្ញុំនិងសិស្សផ្សេងទៀតប្រឹងប្រេងរៀនសូត្រដើម្បីអនាគតរបស់ខ្លួនឯង គ្រួសារ និងសង្គម សំខាន់គឺដើម្បីលើកកម្ពស់ធនធានមនុស្សក្នុងខែត្រឧត្ដរមានជ័យ។ ច្រើនណាស់ដែលបងស្រីតែងតែផ្ដល់ព័ត៌មានទាក់ទងទៅនឹងកន្លែងសិក្សាភាសារបរទេសដល់ខ្ញុំនិងប្អូនៗជំនាន់ក្រោយបានដឹងគ្រប់ៗគ្នា។ នៅពេលគាត់ទំនេរពីការសិក្សារបស់គាត់តិចតួច គាត់ក៏បានជួយបង្រៀនកុំព្យូទ័រដល់ខ្ញុំអោយចេះ Typing និងចេះប្រើប្រាស់កម្មវិធី Microsoft Word តាមរយៈដែលគាត់អោយខ្ញុំជួយវាយ Assignments និងឯកសារស្រាវជា្រវផ្សេងៗ។ លើសនេះទៅទៀតបងស្រីចន្ទ្រាបានផ្ដល់ដំបូន្មានល្អៗដល់ប្អូនៗទាំងអស់ ជាសមាជិកក្នុងសមាគម ការរាប់អានមិត្តភ័ក្ដិល្អម្នាក់ យើងមិនអាចមើលត្រឹមតែសម្បត្តិក្រៅខ្លួនប៉ុណ្ណោះនោះទេ។ បងស្រីចន្ទ្រាក៏គាត់ជាមនុស្សចូលចិត្តលែងសើចម្នាក់ដែរ នៅពេលយើងញ៉ាំបាយជាមួយគ្នាពេលល្ងាច ពួកយើងតែងមានរឿងអស់សំណើចមួយកំឡុងពេលញ៉ាំបាយធ្វើអោយបងស្រីនិងខ្ញុំអស់សំណើចស្ទើតែបើកភ្នែកពុំរួចជារាងរាល់ថ្ងៃ។ ភាពសប្បាយរីករាយរបស់ពួកយើងនៅតែមានរាល់ថ្ងៃ ដែលអារម្មណ៍បែបនេះសូម្បីគ្រួសារខ្លះក៏គ្មានផង។ ពួកយើងសប្បាយរីករាយណាស់ដូចជាបងប្អូនបង្កើតយ៉ាងអញ្ចឹង រហូតដល់ពួកយើងអោយឈ្មោះថា<< គ្រួសាររីករាយ >> ។ ឈ្មោះគ្រួសាររីករាយនេះគឺពិតជារីករាយដូចសកម្មភាពមែន ហើយធ្វើអោយបងស្រីចន្ទ្រា និងមិត្ដឯទៀតចង់តែសើច ប៉ុន្តែបងស្រីចន្ទ្រាគាត់ពេញចិត្តនិងឈ្មោះនេះណាស់។ ព្រោះវាគួបផ្សំនិងទឹកមុខរបស់ពួកខ្ញុំ ពេលណាក៏គាត់ឃើញរីករាយ ឃើញញញឹម ឃើញសើច។ វាកើតឡើងដោយសារពួកយើងចេះជួយគ្នា សាមគ្គីគ្នា ជាក់ស្ដែងដូចជាការធ្វើម្ហូប សំអាតឆ្នាំង ចាន សំអាតបន្ទប់ទឹក ជូតផ្ទះសំបែង ចេះចែករំលែកចំណេះដឹង ជួយដោះស្រាយទុក្ខធុរៈគ្នានិងបញ្ហាផ្សេងៗច្រើនទៀត។ ខ្ញុំក៏សង្ឃឹមថាសកម្មភាពទាំងនេះ ហើយនិងឈ្មោះថាគ្រួសាររីករាយនិងមានរហូតលុះត្រាតែ ពួកយើងបញ្ចប់ការសិក្សានិងមានការងារល្អធ្វើរៀងៗខ្លួន។ ហើយថ្មីៗនេះមាននៅដើមខែមិនាឆ្នាំ ២០១២ពេលញ៉ាំបាយល្ងាចជុំគ្នាក៏បាននិយាយរឿងដែលទាក់ទងនឹងការត្រឡប់ទៅលេងស្រុកកំណើតវិញក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ អ្នកខ្លះមានគំរោងថាសុំម្ដាយទៅដើរលេងស្រុកគេ ខ្លះក៏ថានៅលេងតាមវត្តក្បែរៗភូមិ។ ពេលនោះបងស្រីចន្ទ្រាបាននិយាយឡើងប្រាប់ប្អូនៗទាំងអស់ថា<< អូ! និយាយអញ្ចឹងនៅផ្ទះរបស់បងពេលចូលឆ្នាំមានធ្វើកម្មវិធីជួបជុំបងប្អូនមួយ ចាំដល់ថ្ងៃនោះបងនឹងហៅប្អូនៗទាំងអស់គ្នាទៅចូលរួមដែរ >>។ ហើយពួកខ្ញុំក៏បញ្ជាក់ព្រមគ្នាទៀតថា<< មែនឬអត់បង? ខ្ញុំអរគុណបងទុកជាមុនណា+>>។ ប៉ុន្តែជាអកុសលពេលវាដែលពួកយើងធ្លាប់រួមសុខរួមទុក្ខនិងគ្នា អនុស្សាវរីយ៍ដែលមានទាំងប៉ុន្មានត្រូវរលាយសាបសូន្យ រសាត់បាត់ទៅឆ្ងាយអស់មួយរំពិចភ្នែក ហើយក៏គ្មានថ្ងៃដែលពួកយើងមានឱកាសបានជួបនឹងបងស្រីសាជាថ្មីម្ដងទៀតដែរ ពីព្រោះបងស្រីត្រូវបានខ្យល់មច្ចុរាជចង្រៃឃោរឃៅបក់គួចយករូបបងទៅបាត់។ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃអាទិត្យ បងស្រីរបស់ខ្ញុំត្រូវបានចោរប្លន់យកម៉ូតូ ហើយបាញ់បងស្រីអោយបាត់បង់ជីវិតនៅវេលាម៉ោង ៨:៤០ នាទីយប់។ ពេលទទួលបានដំណឹងដ៏រន្ធត់អំពីបងស្រីភ្លាម ប្អូនៗនិងសមាជិកក្នុងផ្ទះទាំងអស់តក់ស្លុតស្រឡាំងកាំងរកនឹកហានិយាយមិនចេញមួយស្របក់។ ខ្ញុំវិញមិនជឿនៅឡើយទេថាបងស្រីរបស់ខ្ញុំត្រូវបានបាត់បង់ជីវិត ព្រោះខ្ញុំទើបបានជួបគាត់កាលពីថ្ងៃពុធមុននេះតែបន្តិចទេ។ គេបន្តទៀតថាឥឡូវនេះសាកសពរបស់បងស្រីនៅក្នុងមន្ទីរទេព្យរ៉ូស៊ី ហើយមានមិត្តនិងនិស្សិតឧត្តរមានជ័យបីបួននាក់ទៀតកំពុងនៅកំដរសាកសពនៅក្នុងមន្ទីរពេទ្យ។ រីឯប្រធានដែលជាអ្នកគ្រប់គ្រងសមាជិកក្នុងសមាគមឆ្វេចឆ្វាចផ្ដល់ដំណឹងដល់អតីតនិស្សិតដែលរស់នៅទីក្រុងភ្នំពេញនិងមិត្តភ័ក្ដិផ្សេងទៀតអោយបានជ្រាបជាដំណឹងនិងជួយរំលែកទុក្ខ។ លុះដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១២ឪពុកម្ដាយនិងសាច់ញាតិរបស់បងស្រីបានមកដល់ក៏ឃើញកូនរបស់គាត់ត្រូវបានគេគ្របនឹងក្រណាត់ពណ៌សជិតអស់ទៅហើយ ពេលនោះគាត់ក៏ស្រែកទ្រហូរយំពេញមួយទំហឹងជាលើកទីពីរ ធ្វើអោយអ្នករាល់គ្នាដែលនៅទីនោះសោកសង្រេងតាមពួកគាត់រហូត។ ក្រោយទៀតឪពុកម្តាយរបស់បងស្រី ចាប់ផ្តើមរៀបចំយកសាកសពបងស្រីទៅបូជានៅវត្តទឹកថ្លាទីក្រុងភ្នំពេញដែលមានរូបខ្ញុំសិស្សប្អូនឯទៀតនិង និស្សិតឧត្តរមានជ័យដែលមកសិក្សានៅទីក្រុងភ្នំពេញព្រមទាំងមិត្តភ័ក្ដិរបស់គាត់ជាច្រើននាក់ទៀតដែលមកចូលរួមកាន់ទុក្ខ និង ជួយការងារបុណ្យសពរបស់បងស្រី។ លោកអាចារ្យបានរំលាយសពរបស់បងស្រីនៅម៉ោង៣:៣០នាទីល្ងាច ប្រហែលជាពីម៉ោងក្រោយបងស្រីជាទីស្រឡាញ់បានក្លាយទៅជាផេះផង់លាយជាមួយធ្យូងអស់ទៅហើយ បន្ទាប់មកទៀតលោកអាចារ្យបានអនុញ្ញាតអោយលោកឪពុកអ្នកម្តាយសាច់ញាតិ រួមទាំងខ្ញុំនិងមិត្តរបស់គាត់ជាច្រើននាក់ទៀតរើសធាតុគាត់ដាក់លើកូនកញ្ច្រែងទ្រាប់ក្រណាត់សមួយផ្ទាំងតូច។ ហើយក៏ត្រូវបានបញ្ចប់សព្វគ្រប់នៅម៉ោង ៥:៣០ នាទីល្ងាច។
ខ្ញុំពិតជាសោកស្តាយបងស្រីចន្ទ្រាជាទីស្រឡាញ់ ដែលគាត់ខិតខំស្វាធ្យាយសិក្សាតាំងពីតូចមិនបោះបង់ចោល រហូតបានចូលរៀននៅសកលវិទ្យាល័យ។ ពេលចូលដល់មហាវិទ្យាល័យនេះទៀតសោធ បងស្រីចន្ទ្រាប្រឹងប្រែងរៀននូវជំនាញរបស់គាត់គឺអក្សរសាស្រ្តខ្មែររហូតដល់ឆ្នាំទី៤ នឹងត្រៀមបញ្ចប់នៅការសិក្សានៅថ្នាក់មហាវិទ្យាល័យក្នុងខែកក្កដាឆ្នាំ២០១២ខាងមុខនេះ ប៉ុន្តែពន្លឺជីវិតរបស់បងត្រូវរលត់ក្នុងថ្ងៃទី១១ខែមីនាឆ្នាំ២០១២។ ខ្ញុំសោកស្តាយចំពោះទឹកចិត្តកំលាំងកាយរបស់បងស្រីដែលយកចិត្តទុកដាក់ផ្តល់ដំបូន្មានល្អៗ និង ផ្តល់ភាពកក់ក្តៅដល់រូបខ្ញុំអ្នករាល់គ្នាក្នុងសមាគម។ បន្ទាយអំពិលទើបតែមានធនធានមនុស្សដ៏ល្អដូចបងស្រីដុះលូតឡើង ក៏ត្រូវភ្លើងចង្រៃបំផ្លាញអស់ ហើយខ្ញុំសោកសង្រេងខ្លាំងគឺចំពោះឪពុកម្ដាយរបស់បងស្រីគឺពេលកូនរបស់គាត់មករៀននៅភ្នំពេញគឺជាមនុស្សដ៏គួរអោយស្រឡាញ់ តែបួនឆ្នាំក្រោយកួនស្រីរបស់គាត់ត្រឡប់ទៅផ្ទះវិញគឺជាធាតុមួយចានប៉ុណ្ណោះ។ ឥឡូវនេះពួកយើងលេងមានឱកាសបានពាក្យថាគ្រួសាររីករាយចេញពីមាត់បងស្រីទៀតហើយ ព្រោះបងបានឃ្លាតឆ្ងាយពីពួកយើងទៅហើយបែកគ្នាជារាងរហូតគ្មានថ្ងៃនឹងអាចឃើញមុខបងទៀតទេ។
ជាចុងបញ្ចប់ខ្ញុំសូមអំពាវនាវដល់ក្រុមមន្ត្រីប៉ូលិសទាំងអស់រឹតបន្តឹងច្បាប់អោយមានសណ្ដាប់ធ្នាប់ និង សន្តិសុខក្នុងសង្គមអោយបានល្អជាងនេះទៀត។ ហើយក៏សូមមេត្តាកុំមានសកម្មភាពត្រឹមតែចាប់អ្នកបើកបរម៉ូតូអត់ពាក់មួក អត់មានកញ្ជាក់ សូមលោកមេត្តាជួយបំផ្លាញនិងលុបបំបាត់កម្ចាត់ចោលនូវអំពើចោរកម្មមួយនេះ។ ជាចុងក្រោយខ្ញុំសូមជូនពរដល់មិត្តអ្នកអានមានសុខភាពល្អ និង ជួបតែសំណាងល្អគ្រប់ពេលវេលា និង សូមអ្នកទាំងអស់គ្នាចូលរួមរំលែកទុក្ខទាំងអស់គ្នាដល់រូបបងស្រីរបស់ខ្ញុំ ហោន ចន្ទ្រា ៕៚