ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញរស្មី ប្រជាជនក្មេងចាស់ប្រុសស្រីនាំគ្នាក្រោកដាំបាយវិចខ្ចប់ជាមួយស្លឹកចេកឬស្លឹកឈូក ខ្លះដាក់ជាមួយចានស្រាក់ឬជាមួយឆ្នាំងជាដើម។ ខ្លះក្រោកពីព្រលឹមដើម្បីស្រោចដំណាំ ខ្លះទៀតក្រោកទឹមគោរទេះ ខ្លះទៀតនោះក្រោកទៅដល់ស្រែពីព្រលឹមដើម្បីធ្វើការបានយូរហើយត្រជាក់ផងនោះ។ រដូវវស្សាលឿនណាស់ផ្លាស់ចូលរដូវចម្រូតយ៉ាងរហ័ស ជារដូវមួយដែលប្រជាជនទទឹងរងចាំអស់មួយរយះពេលតូចផងដែរ។ ពួកគាត់ខិតខំធ្វើការងារដោយមិនសំចៃដៃ កិច្ចការនេះពួកគាត់ត្រូវបញ្ចប់អោយបានលឿន ពីព្រោះពួកគាត់នូវមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។
សកម្មភាពនៅលើវាលស្រែដ៏សែនក្ដៅហែងដែលពោពេញទៅដោយកម្ដៅរាប់អង្សាបានធ្វើអោយពួកគាត់មានការពិបាកនិងនឿយហត់យ៉ាងខ្លាំងប៉ុន្តែផ្ទៃមុខរបស់ពួកគាត់នៅតែញញឹមរកគ្នានិងបន្តការសប្បាយរីករាយជានិច្ច។ ប្រជាជននៅភូមិខ្ញុំស្រលាញ់និងចូលចិត្តធ្វើការងារនេះណាស់ ពីព្រោះថានៅពេលដែលពួកគាត់បំពេញការងារនេះម្ដងៗ គ្រប់គ្នាមានការសប្បាយគ្រប់ម៉ោង ដោយ មានអ្នកខ្លះជជែក ខ្លះទៀតនិយាយរឿងកំប្លែង ដាក់ពាក្យបណ្ដៅ ពាក្យប្រស្នាឲ្យគ្នាទៅវិញទៅមកក្រោមរូបភាពយ៉ាងសស្រាក់សស្រាំហើយនិងញញឹមជានិច្ច ចំណែកអ្នកខ្លះទៀតនោះនាំគ្នាប្រណាំងក្នុងការច្រូតស្រូវផងដែរ…..។ ពេលវេលាកាន់តែទៅមុខបន្តិចម្ដងៗ មិនយូរប៉ុន្មានពេលបាយថ្ងៃត្រង់និងពេលសម្រាកក៏ឈានចូលមកដល់ ពេលវេលានេះជាពេលដែលពោពេញទៅដោយភាពសប្បាយរីករាយជាទីបំផុត ព្រោះថាពេលដែលពួកគាត់ទទួលទានអាហារថ្ងៃត្រង់នោះ ពួកគាត់មានម្ហូបជាច្រើនដូចជា បុកអំបិល ប្រហុក អន្លក់សណ្ដែក ត្រួយស្ដៅ ត្រួយត្រកួន ត្រសក់ និងអន្លក់ជាច្រើនទៀត អ្នកខ្លះមានត្រីអាំងត្រីចៀននិងសម្លជាដើម យកមកដាក់ញ៉ាំជាមួយគ្នាអោយកាន់តែមានភាពសាមគ្គីសប្បាយរីករាយមួយកម្រិតទៀតព្រមទាំងអោយមានឱជារសកាន់តែឆ្ងាញ់ឡើងៗ។ទម្លាប់របស់ពួកគាត់ពេលក្រោយបាយ គេនាំគ្នាសម្រាកបន្តិច ពេលនោះខ្លះមានបុកអំបិលម្ទេសជ្រលក់ជាមួយផ្លែម្កាក់ ស្រម៉ ត្របែក …ឯខ្លះទៀតជជែកគ្នានិងសួរសុខទុក្ខគ្នាទៅវិញទៅមកតាមទម្លាប់ក្រោយបាយរបស់ពួកគាត់។
ព្រះអាទិត្យបញ្ចេញរស្មីកាន់តែខ្លាំងជាពេលដែលពួកគាត់បន្តកិច្ចការទៀត។ ពេលវេលាពីមួយម៉ោងទៅមួយម៉ោងគឺលឿនណាស់ ព្រោះតែការច្រូតកាត់នេះមានភាពសប្បាយជាមួយរឿងកំប្លែង ពាក្យបណ្ដៅនិងពាក្យចំអន់លេងសើចផង មិនយូរប៉ុន្មានពេលម៉ោងបួនក៏ចូលមកដល់ ពួកគាត់ក៏សម្រាកពីកិច្ចការងារនិងបញ្ចប់កិច្ចការថ្ងៃនេះ ហើយនាំគ្នាសម្រាកនិងត្រឡប់ទៅលំនៅឋានរៀងៗខ្លួនទៅ៕៚
និពន្ធដោយនិស្សិត ស្ងាម ក្រឹម