Wednesday, 02 November 2011 16:17
ទេព និមល
ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍
ឧត្តរមានជ័យៈ អាជ្ញាធរកម្ពុជានៅតំបន់ព្រំដែនជាប់ប្រទេសថៃ បានឲ្យដឹងថា ពលរដ្ឋខ្មែរ ៥នាក់ ត្រូវបានទាហានឈុតខ្មៅថៃបាញ់រះមកលើកាលពីថ្ងៃអង្គារម្សិលមិញនៅលើខ្នងភ្នំដងរែក ខណៈពេលពួកគេបានលួចឆ្លងដែនខុសច្បាប់ចូលទៅដីថៃ ក្នុងស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ប្រទេសថៃ ដែលឈមនឹងឃុំគោកខ្ពស់ ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។
លោក ឃុល ធិន អធិការនគរបាលរងស្រុកបន្ទាយអម្ពិល បានឲ្យដឹងថា ពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោម ៥នាក់នោះ បានរងរបួសដោយសារការបាញ់ប្រហាពីទាហានឈុតខ្មៅថៃកាលពីថ្ងៃទី០១ ខែវិច្ឆិកា ហើយបុរសខ្មែរ ៤នាក់ផ្សេងទៀតដែលបានរួមដំណើរជាមួយគ្នា បានរត់គេចខ្លួនពីការដេញបាញ់ ត្រឡប់ចូលក្នុងទឹកដីខ្មែរវិញ។
លោកមិនបានដឹងច្បាស់ពីមូលហេតុពិត ដែលពលរដ្ឋទាំងនោះឆ្លងដែនចូលប្រទេសថៃឡើយ តែថា ទាហានឈុតខ្មៅថៃបានយកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់មកលើពលរដ្ឋខ្មែរ ដោយពួកគេសង្ស័យថា ពលរដ្ឋខ្មែរ មានបំណងលួចកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ។