Friday, July 22, 2011

ជីវិត​ និង​ការ​តស៊ូ​របស់​ខ្ញុំ

នាងខ្ញុំ យ៉ាន ចិន្តា បាន​កើត​នៅ​ក្នុង​គ្រួសារ​មួយ​មាន​ជីវភាព​លំបាក មាន​ទី​លំ​នៅ ភូមិ​ដូនកែន ឃុំ​សំរោង ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ។ តាំង​តែ​ពី​តូច​រហូត​ដល់​ឥឡូវ​ ខ្ញុំ​បាន​ឆ្លង​កាត់​ការ​លំបាក និង បញ្ហា​ជា ច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​រៀន​នៅ​បឋម​សិក្សា​ ខ្ញុំ​មាន​តែ​ជើង​ទាំង​ពីរ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន ហើយ​ជា​ពិសេស​នោះ ខ្ញុំ​គ្មាន​លុយ​សម្រាប់​ទិញ​នំ​ញ៉ាំ​ដូច​គេ​ឯង​ឡើយ។ ចំណែក​ឯ​គ្រួសារ​វិញ​ក៏ មិន​មាន​លុយ​សម្រាប់​ផ្ដល់​ឲ្យ​នាងខ្ញុំ​ក្នុង​ការ​រៀន​សូត្រ​ទេ គាត់​តែង​តែ​ប្រាប់​ខ្ញុំ​ថា​បើ​ខ្ញុំ​ចង់​រៀន​ឲ្យ​ចប់​ទាល់​តែ​ខ្ញុំ​ឈប់​រស់​នៅ​ជា​មួយ​គាត់ ព្រោះ​គាត់​គ្មាន​សមត្ថភាព​ចិញ្ចឹម​ខ្ញុំ​ឡើយ​។ ខ្ញុំ​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​មួយ​ដែល មាន​តែ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​រៀង​រាល់​ថ្ងៃ​។ ក្នុង​ជីវិត​របស់​ខ្ញុំ​មាន​តែ​ភាព​ជូរ​ចត់ និង អស់​សង្ឃឹម​ដែល​ដើរ​តាម​ជាប់​ខ្លួន​ប្រាណ​របស់ខ្ញុំ​រហូត។​ ពី​មួយ​ថ្ងៃ​​​​​​​​ទៅ​មួយ​ថ្ងៃ​ ខ្ញុំ​មាន​តែ​ក្តី​ស្រមៃ​ក្លែង​ក្លាយ​ដែល​មិន​មែន​ជា​ការ​ពិត​នូវ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ប៉ង​នោះ។ ដោយ​សារ​ខ្ងុំ​ជា​កូន​ច្បង​ក្នុង​គ្រួសារ​ ខ្ញុំ​បាន​បង្ខំ​ចិត្ត​ឈប់​រៀន​ពេល​រៀន​វិទ្យាល័យ។​​ព្រោះ​តែ​ជីវភាព ​គ្រួសារ​ ខ្ញុំ​បោះបង់​ចោល​ការ​សិក្សា​ទាំង​អាល័យ​ ខ្ញុំ​មាន​ការ​សោកស្ដាយ​ យ៉ាង​ខ្លាំង​ព្រោះ​តែ​គ្មាន​អ្នក​ណា​ជួយ​ធ្វើ​ស្រែ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ជួយ ធ្វើ​ស្រែ​គ្រួសារ​ខ្ញុំ​។ ពេល​រដូវ​វស្សា​បាន​មក​ដល់​ក្នុង​នាម​ខ្ញុំ​ជា​កូន​កសិករមួយ​រូប​ តែង​តែ​រៀប​ចំ​បាយ​ទឹក​យក​ទៅ​ស្រែ។ ខ្ញុំ​កើត​មក​ជា​កូន​អ្នក​ស្រែ​ដល់​រដូវ​ច្រូត​កាត់​ក៏​ច្រូត ​ដល់​រដូវ​ស្ទូង​ក៏​ស្ទូង​ត្រូវ​ក្ដៅ​ភ្លៀង​ផ្គរ​គួរ​ឲ្យ​អាណិត​ខ្លួន បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​មាន​ចំណេះវិជ្ជា​វិញ​ គេ​មិន​ចាំ​បាច់​ហាល​ក្ដៅ ភ្លៀង​ផ្គរ​ដូច​យើង​ទេ។ គេ​ប្រើ​ខួរ​ក្បាល​ធ្វើ​ការ ធ្វើការ​នៅ​ក្នុង​តែ​ម៉ាស៊ីន​ត្រជាក់​ មិន​សូវ​ប្រើ​កម្លាំង​ដូច​អ្នក​អវិជ្ជា​ទេ។
ខ្ញុំ​បាន​ពិចារណា​ឡើងវិញ ​គឺ​ខ្ញុំ​ចង់​គេច​ឲ្យ​ផុត​ពី​ការ​ធ្វើ​ស្រែ​ចម្ការ​ ពី​ភាព​ល្ងង់​ខ្លៅ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​? តើ​ខ្ញុំ​ជួយ​ខ្លួន​ឯង​ដោយ​វិធី​ណា​? ក្រោយ​មក​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ម្ដាយ​របស់​ខ្ញុំ​ថា ” ម៉ែ​តើ​ខ្ញុំ​អាច​មាន​ឱកាស​ចូល​រៀន​ម្ដង​ទៀត​បាន​ទេ​? ខ្ញុំ​ពិត​ជា​ចង់​រៀន​ឲ្យ​បាន​ខ្ពង់​ខ្ពស់​ដូច​គេ​ឯង​ ខ្ញុំ​ចង់​មាន​ការងារ​ធ្វើ" ម៉ែ​គាត់​ឆ្លើយ​ថា“ ម៉ែ​មិន​មាន​លុយ​ទេ”។
មិន​យូរ​ប៉ុន្មាន​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ឧត្តរ​មាន​ជ័យ​មក​នៅ​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ ប៉ុន្តែ​ដោយ​ខ្ញុំ​រៀន​បាន​តិច​ពេក គឺ​ពិត​ជា​ពិបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ខ្លាំង​ណាស់​។ ដោយ​ការ ស្វះ​ស្វែង​នាង​ខ្ញុំ​ក៏​បាន​ទទួល​នូវ​ការងារ​មួយ​នៅ​ភ្នំពេញ​។ ភ្នំពេញ​ជា ទី​ក្រុង​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ធនធាន​និស្សិត សំបូរ​ទៅ​ដោយ អ្នក​មាន​ចំណេះវិជ្ជា​ដូច្នេះ​ធ្វើ​ឲ្យ​នាងខ្ញុំ​មាន​ចិត្ត​ចង់​រៀន​យ៉ាង​ខ្លាំង ហើយ ក៏​បាន​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​ទី​១២នៅ​សាលា​មួយ​នៅ​ទីក្រុង​ភ្នំពេញ​។ ក្នុង​ការ​ចាប់​ផ្ដើម​បន្ត​ការ​សិក្សា​ជា​ថ្មី​ឡើង​វិញ​នេះ​ នាង​ខ្ញុំ​បាន​ប្ដេជ្ញា​រួច​ជា​ស្រេច​ថា​ នាងខ្ញុំ​នឹង​ខិតខំ​រៀន​រហូត​ទាល់​តែ​បាន​ទទួល ការងារ​ដែល​នាងខ្ញុំ​បាន​ប៉ង​ទុក​ជា​យូរ​មក​ហើយ។ ឥឡូវនេះ​ក្នុង​នាម​ខ្ញុំ ដែល​ជិត​ក្លាយ​ជា​និស្សិត​ម្នាក់ ដើម្បី​សម្រេច​នូវ​គោល​បំណង​ឲ្យ​បាន​ជោគជ័យ​ ខ្ញុំ​បាន​រៀប​ចំ​ធ្វើ​ផែនការ​ធ្វើ Schedule ប្រចាំ​ថ្ងៃ​ហើយ​យក​ទៅ​អនុវត្ត។ ខ្ញុំ​មាន​ជំនឿ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ថា​ ខ្ញុំ​ពិត​ជា​ប្រលង​ជាប់​បាក់​ឌុប​ក្នុង​ឆ្នាំ​នេះ​។ បន្ថែម​ពី​នេះ​ទៅ​ទៀត​ខ្ងុំ​មាន​គោល​បំណង​ចង់​បន្ត​ការ សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ​។​ នេះ​ជា​ជំនាញ​ដែល​ខ្ងុំ​បាន​រំពឹង​ទុក​ក្នុង​ឧត្ដមគតិ​របស់​ខ្ញុំ។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ថា​នឹង​បាន​ទទួល​ភាព​ជោគជ័យ​នៅ​ពេល​ខាង​មុខ​នេះ​ជាក់​ជា​មិន​ខាន​។ ពេល ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ខ្ញុំ​មាន​សង្ឃឹម​ថា​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​បុគ្គលិក​ធនាគារ​មួយ​រូប​ដែល​មាន​កេរ្តិ៍ឈ្មោះ​កិត្តិយស​ក្នុង​សង្គម​។
ភ្នំពេញ ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ២០០៩
                                                                                យ៉ាន ចិន្តា