Saturday, April 23, 2011

ពិធី​ឡើង​អ្នក​តា​របស់​អ្នក​ក្រុង​សំរោង


អត្ថបទ​ដោយ​ សូដា

       បើ​និយាយ​ពី​អ្នក​ឧត្តរមានជ័យ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្ដា​ខេត្ត​ផ្សេង​ៗ​ជា​ច្រើន​ តួយ៉ាង​ដូច​ជា​ ភាសា​និយាយ​​ ប្រពៃណី ​ជំនឿ និង​ មន្ត​អាគម​ផ្សេងៗ.... ឧត្តរមានជ័យ​ពេល​ បច្ចុប្បន្ន​ជា​អ្នក​ស្រុក​ សង្កាត់​មាត់​ញក​ តែ​ពី​សម័យ​រុងរឿង​​អ្នក​ឧត្តរមានជ័យ​ ជា​អ្នក​នៅ​ចន្លោះ​ អាណាចក្រ​ក្រុង​អង្គរ​ និង​ក្រុង​ភីម៉ៃ​ (ប្រាសាទ​ភី ម៉ៃ​ប្រទេស​ថៃ​បច្ចុប្បន្ន) ចំណែក​ក្រុង​​សំរោង​ មាន​ប្រពៃ​ណី​​ខុស​ពី​បណ្ដា​ស្រុក​ផ្សេង​ៗ​ ត្រង់​ថា​បាន​កំណត់​ថ្ងៃ​នៃ​ការ​ឡើង​អ្នក​តា​ក្នុង​ភូមិ។
       ការ​ឡើង​អ្នក​តា​នេះ​​មាន​កន្លែង​ផ្សេងៗ​ពី​គ្នា​ទៅ​តាម​ភូមិ​នីមួយ​ៗ​ ក្នុង​ភូមិ មួយ​មាន​អ្នក​តា​មួយ​ដែល​ប្រជាជន​ក្នុង​ភូមិ​គោរព​បូជា​ក្នុង​មួយ​ឆ្នាំ​ម្ដង​។ តួយ៉ាង​ដូច​ជា​ភូមិ​ដូន​កែន​ខាង​ គោរព​អ្នក​តា​នៅ​​ក្បែរ​មាត់​ត្រពាំង​ដូន​កែន​។ ដូន​កែន​ខាង​ជើង​ ឡើង​អ្នក​តា​នៅ​ស្រែ​ចិន​ (ដី​ចេក​ប៉ាក) ចំណែក​ឯ​ភូមិ​បន្សាយ​រាក់​វិញ​ គោរព​អ្នកតា​នៅ​ដើម​ពោធិ​ ផ្លូវ​បំបែក​ក្បែរ​ត្រពាំង​បន្សាយ​រាក់​តែ​ម្ដង។ ពិធី​ឡើង​អ្នក​តា​នេះ​ ត្រូវ​បាន​កំណត់​យក​ ថ្ងៃ​៣​កើត​ ខែ​មាឃ​ វេលា​ម៉ោង​២ និង​៣០​នាទី​ល្ងាច​​ ឯ​ពេល​ព្រឹក​អ្នក​ភូមិ​ជា​បុរស​នាំ​គ្នា​សំអាត​ជុំវិញ​ខ្ទម​អ្នក​តា​​ឲ្យ​ស្អាត។ បន្ទាប់​ពី​រដូវ​ច្រូត​កាត់​រួច​ ប្រជាជន​ក្នុង​ភូមិ​នីមួយ​ៗ​មិន​ដែ​​ល​ខាន​ក្នុង​ពិធី​នេះ​ទេ​ គឺ​តែង​តែ​ចាំ​ជា​និច្ច​​ក្នុង​ពិធី​នេះ​ ហើយ​បាន​រៀបចំ​ម្ហូប​អាហារ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​ ហើយ​យក​ទៅ​ខ្ទម​អ្នក​តា​ក្នុង​ភូមិ​នោះ​ ក្រៅ​ពី​អាហារ​ មាន​នាំ​យក​នូវ​ជាមួយ​ ស្រូវ​ សណ្ដែក​ ល្ង និង​ប្រភេទ​ដំណាំ​ផ្សេងៗ​ទៀត​ ដាក់​ក្នុង​ថង់​ដោយ​ឧប​គេច​ជា​បាវ សម្រាប់​សែន​នៅ​ខ្ទម​អ្នក​តា​។
      ពេល​យក​អាហារ​ទៅ​ដល់​ខ្ទម​អ្នក​តា​ ពួក​គាត់​រៀបចំ​សែន​ហៅ​អ្នក​តា​ដែល​រក្សា​ភូមិ​ស្ថាន​ នោះ​មក​សែប​សោយ​អាហារ​ និង​ទទួល​យក​ដង្វាយ​ផ្សេងៗ​ដែល​ពួក​គាត់​មាន​។ បន្ទាប់​ពី​សែន​ហៅ​ដូច្នេះ​ហើយ ឲ្យ​ម្នាក់​ជា​បុរស​ដែល​មាន​វ័យ​ចំណាស់​ លាប​មុខ​មាត់​និង​​ឡើង​ ​ទៅ​លើ​ខ្ទម​អ្នក​តា​ អង្គុយ​ចំាំ​ឆ្លើយ​តម​និង​សំណូមពរ​ផ្សេង​ៗ​របស់​អ្នក​ភូមិ​ទៅ​ដែល​ទៅ​សែន​ សំណូម​ពរ​ដែល​អ្នក​ភូមិ​តែង​តែ​សំណូម​ពរ​​គឺ​ទាក់​ទង​និង​ទឹក​ភ្លៀង​ សុំ​ឲ្យ​ភោគ​ផល​ដំណាំ​បាន​ផល​ល្អ​គួរ​ជាទី​គាប់​ចិត្ត​ ហើយ​សុំ​សេចក្ដី​សុខ​ចំរើន​ក្នុង​ភូមិ​ កុំ​ឲ្យ​មាន​គ្រោះ​កាច ឧបទ្រព​ចង្រៃ​មក​បៀតបៀន​ភូមិ​ស្ថាន​និង​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ដែល​ជា​កូន​ចៅ​របស់​លោក​តា។ ក្រោយ​ពី​សែន​ចប់​មក​ អ្នក​ភូមិ​នាំ​គ្នា​សែង​អ្នក​តា​តំណាង​ទម្លាក់​ទឹក​ឲ្យ​ត្រជាក់​ត្រជំ​ដូច​ជា​ទឹក​ដូច​ផង​ដែរ៕៚​