ថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០១១ ម៉ោង ១៦:២២
គេហទំព័រកោះសន្តិភាព
ខេត្តឧត្តរមានជ័យ ៖ គិតត្រឹមវេលាម៉ោងជាង១រសៀលថ្ងៃទី២៤ មេសា ២០១១ ស្នូរអាវុធធុនធ្ងន់ផ្លោងដាក់គ្នាទៅវិញទៅមក រវាងកងទាហានកម្ពុជា និងសៀមស្ងប់ស្ងាត់បន្តិចហើយ លើសមរភូមិតំបន់ប្រាសាទតាក្របី និងតំបន់ប្រាសាទតាមាន់ធំ ខណៈទាហានសៀមបានកើនអ្នកស្លាប់ជាបន្តទៀត ចំណែកទាហានកម្ពុជាមិនមានបាត់បង់ជីវិតទេ...ថ្ងៃនេះទៀត សោត ការផ្ទុះអាវុធបានកើតឡើង២លើក គឺលើកទី១នៅវេលាម៉ោង៤ទៀបភ្លឺបានបាញ់កាំភ្លើងធំ និងកាំភ្លើងតូចដាក់គ្នាមួយប្រាវ ក៏ស្ងប់ស្ងាត់ទៅវិញ និងលើកទី២ នៅវេលាម៉ោងប្រមាណ៩និង៣០នាទី ចាប់ផ្តើមបាញ់ផ្លោងដាក់គ្នាម្តងទៀត គឺភាគីសៀមប្រើកាំភ្លើងធុនធ្ងន់ច្រើនជាងកាំភ្លើងធុនស្រាល សង្គ្រប់មកលើកម្ពុជាយ៉ាងខ្លាំងតែម្តង។
ព្រឹកនេះទាហានសៀមស្លាប់កើន៤នាក់ទៀត ចំណែកទាហានកម្ពុជាមិនមានប៉ះពាល់អ្វីទេ។យោងតាមតួលេខជាជំហានៗពី មន្ត្រីយោធាដែលឈរជើងនៅខ្សែត្រៀមជួរមុខបានឱ្យដឹងថា ការប្រយុទ្ធគ្នារយៈពេល៣ថ្ងៃនៅសមរភូមិប្រាសាទតាក្របី និងសមរភូមិប្រាសាទតាមាន់ធំ ទាហានសៀមស្លាប់កើនដល់២៤នាក់ និងរបួសជាង៣០នាក់ ចំណែកទាហានកម្ពុជាស្លាប់៦នាក់ និងរបួស១០នាក់។ តួលេខអ្នកស្លាប់ និងរបួសរវាងទាហានទាំង២ភាគីកំពុងត្រូវបានសម្រង់ និងតាមដានជាបន្តទៀត ។
ការប្រយុទ្ធគ្នាដ៏ស្វិតស្វាញបានរាលដាល ចេញពីតំបន់ប្រាសាទតាក្របី មកដល់តំបន់ប្រាសាទតាមាន់ធំ ខណៈកងទ័ពកម្ពុជាទទួលរងសម្ពាធនូវការបាញ់ផ្លោងពីសំណាក់ កងទាហានសៀមយ៉ាងខ្លាំង ពីព្រោះសៀមបានប្រើរថក្រោះបាញ់ចេញពីខាងក្រោយខ្សែ ត្រៀមគាំទ្រដល់កងទាហានរបស់គេ និងកាំភ្លើងធុនធ្ងន់ប្រភេទ១២៥មិល្លីម៉ែត្រ, ១៥៥មិល្លីម៉ែត្រ ។ ការបាញ់ផ្លោងខ្លាំងៗនេះ បណ្តាលឱ្យខូចខាតផ្ទះប្រជាជនស្លូតត្រង់ទាំងស្រុង២ខ្នងថែម ទៀតស្ថិតក្នុងភូមិតាណេស ឃុំគោកមន...ចំណែកទាហានកម្ពុជាមិនទាន់ប្រើកាំភ្លើងធុនធ្ងន់ បាញ់តបត ឬគាំទ្រកងកម្លាំងជួរមុខរបស់ខ្លួននៅឡើយទេ ពីព្រោះខាងកម្ពុជាមានសុច្ឆន្ទៈគោរពបទឈប់បាញ់ដែលសម្រេចដោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រធានអាស៊ាន ។ មុននេះទាហានសៀមបានលបឆ្មក់វាយប្រហារទៅលើកងទាហាន កម្ពុជា កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៤ មេសា ២០១១ នៅតំបន់ប្រាសាទតាក្របី...ប៉ុន្តែការឆ្មក់វាយប្រហារនេះ មិនមានសភាពធ្ងន់ធ្ងរទេ គឺផ្លោងកាំភ្លើងធំ និងបាញ់កាំភ្លើងដៃមួយប្រាវតែប៉ុណ្ណោះក៏ស្ងាត់់ទៅវិញ ។
សូមបញ្ជាក់ថា កាលពីម្សិលមិញស្នូរអាវុធបានចាប់ផ្តើមឡើងម្តងទៀតរវាង កងទាហានកម្ពុជា-សៀម កាលពីវេលាម៉ោង៦ព្រឹកព្រលឹមអុរថ្ងៃទី២៣ មេសា ២០១១ នៅលើទីតាំង៣ចំណុចគឺតំបន់ប្រាសាទតាក្របី តំបន់ប្រាសាទតាមាន់ធំ និងតំបន់ថ្មដូន ដែលប្រើកាំភ្លើងដៃ និងកាំភ្លើងធុនធ្ងន់លាន់ឮកក្រើកព្រៃ ។ គេមិនដឹងថា កូនសង្គ្រាមមួយនេះវាត្រូវបញ្ចប់នៅពេលណានោះទេ ពីព្រោះថា ការស្ងាត់ម្តងម្កាលកន្លងមកគ្រាន់តែជាការស្ងាត់រៀងៗ ខ្លួនតែប៉ុណ្ណោះ មិនមែនស្ងាត់ដោយសារការចរចារវាងមេបញ្ជាការទាំង២ភាគីឡើយ ៕