ដោយ ៖ អប្សរា
ថ្ងៃ អង្គារ ទី ៥ ខែ មេសា ឆ្នាំ ២០១១
ដកស្រង់ពីគេហទំព័រ កោះសន្តិភាព
ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋចំនួន២៣២គ្រួសាររស់នៅក្នុងភូមិអូរត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ បានដាក់ពាក្យប្តឹងតវ៉ាទៅអាជ្ញាធរស្រុកត្រពាំងប្រាសាទ ឱ្យជួយដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ដោយចោទប្រកាន់ មន្ត្រីកងទ័ពមួយចំនួនរំលោភយកដីសាងសង់លំនៅឋាន និងដីស្រែចំការសម្រាប់បង្កបង្កើនផលស្រូវចំនួន៨១១ហិកតា ស្ថិតនៅក្នុងភូមិត្រាំប៉ោង។ ក្នុងខ្លឹមសារពាក្យបណ្តឹងនោះបានចោទប្រកាន់លោកវរសេនីយ៍ឯក មាស សាមេត លោកវរសេនីយ៍ឯក ចាប អឿយ លោកវរសេនីយ៍ត្រី អ៊ឹង សាវ៉ាត លោកវរសេនីយ៍ត្រី យ៉ែម វណ្ណដេត និងលោកអនុសេនីយ៍ត្រី ជុំ រ៉ុម ទាំង៥រូបនេះនៅក្នុងកងឯកភាពកងពលតូចថ្មើរជើងអន្តរាគមន៍ លេខ៨ ។
លោកមោក មាន មេភូមិអូរត្រាំប៉ោង តំណាងប្រជាពលរដ្ឋរៀបរាប់ឱ្យកោះសន្តិភាពដឹងថា កាលពីឆ្នាំ២០០៣ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក-ខេត្តបានឯកភាពបង្កើតភូមិ ដើម្បីរៀបចំឱ្យប្រជាពលរដ្ឋក្រីក្រ និងជនពិការមកពីតាមបណ្តាខេត្ត-ក្រុងផ្សេងៗរស់នៅដោយបែងចែក ដីលំនៅឋានទំហំទទឹង៣០ម៉ែត្រគុណ១០០ម៉ែត្រនៅតាមដងផ្លូវជាតិ លេខ១៧១ និងបែងចែកដីសម្រាប់បង្កបង្កើនផលក្នុងមួយគ្រួសារ ខ្លះចំនួន២ទៅ៣ហិកតា សម្រាប់ចិញ្ចឹមជីវិត។
លោកមេភូមិបន្តទៀតថា ប្រជាពលរដ្ឋទាំង២៣២គ្រួសារនោះ បន្ទាប់ពីបានទទួលដីសម្រាប់កសាងលំនៅឋាន និងដីសម្រាប់បង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំមក កាលពីឆ្នាំ២០០៣ គ្រួសារខ្លះមានដើមទុនបានភ្ជួររាស់បង្កបង្កើនផលលើដីរបស់ខ្លួន ទាំងមូល ចំណែកអ្នកខ្លះពុំមានដើមទុនធ្វើបាន៦០ភាគរយប៉ុណ្ណោះ លើផ្ទៃដីដែលត្រូវបានបែងចែក ។ ស្របពេលនោះស្រាប់តែមន្ត្រីយោធាទាំង៥រូបបានទៅវាស់វែងកំណត់យក ផ្ទៃដីលំនៅឋាន និងផ្ទៃដីបង្កបង្កើតផលស្រូវចំនួន៨១១ហិកតា ។ រឿងនេះប្រជាពលរដ្ឋចំនួន២៣២គ្រួសារ កើតទុក្ខមិនសុខចិត្តក៏តវ៉ាទៅអាជ្ញាធរស្រុកត្រពាំងប្រាសាទ រួមទាំងដាក់ពាក្យបណ្តឹងមួយច្បាប់ និងមានស្នាមមេដៃទាំង២៣២គ្រួសារផងដែរ។
លោកទេព សារុន ហៅពឿន មេឃុំព្រះប្រឡាយឱ្យកោះសន្តិភាពដឹងថា កន្លងមកឃុំព្រះប្រឡាយ បានជួយឧបត្ថម្ភដីធ្លីសម្រាប់ទីតាំងគ្រួសារកងទ័ពចំនួន៣៨២ ហិកតា ស្ថិតនៅក្នុងភូមិប្រាសាទក្រហមសែនជ័យ ជាជំហានទី១ តែជំហានទី២ កងទ័ពបានចុះរៀបចំដោយខ្លួនឯងសម្រាប់កសាងគេហដ្ឋានគ្រួសារកង ទ័ពលើផ្ទៃដីចំនួន៥០០ហិកតា ហើយអាជ្ញាធរបានទទួលឯកភាពតាម តែជំហានទី៣ នេះ គឺអាជ្ញាធរភូមិ-ឃុំ-ស្រុក-ខេត្តបានឯកភាពវាស់វែងបែកចែកជូន ប្រជាពលរដ្ឋតាំងពីឆ្នាំ២០០៣ មកម៉្លេះ ដើម្បីរៀបចំកសាងលំនៅឋាន និងដីបង្កបង្កើនផល ។
លោកមេឃុំបន្តទៀតថា បន្ទាប់មកប្រជាពលរដ្ឋមានប្រតិកម្មតវ៉ាមកអាជ្ញាធរឃុំឱ្យ ជួយដោះស្រាយ ហើយលោកបានដោះស្រាយជាមួយមន្ត្រីយោធាដែលមានឈ្មោះខាងលើ តែត្រូវមន្ត្រីទាំងនោះឆ្លើយតបមកវិញថា ការវាស់វែងយកដីចំណុចនោះ គឺធ្វើតាមគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យរៀបចំដល់គ្រួសារកងទ័ព ទើបដោះស្រាយមិនចេញអាជ្ញាធរឃុំក៏ចាត់ការបញ្ជូនបណ្តឹងប្រជាពល រដ្ឋបន្តទៅអាជ្ញាធរស្រុកត្រពាំងប្រាសាទ ឱ្យដោះស្រាយម្តង ។
លោកវណ្ណ កុសល អភិបាលស្រុកត្រពាំងប្រាសាទឱ្យកោះសន្តិភាពដឹងថា យោងតាមការចង្អុលបង្ហាញពីក្រសួងមហាផ្ទៃ និងគោរពតាមអនុសាសន៍របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលលើការកាត់ បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋដែលខ្វះខាតជំរកស្នាក់នៅទូទាំង ប្រទេស ទើបមានគោលការណ៍ឱ្យអាជ្ញាធររៀបចំវាស់វែងបែងចែកដីដែលពុំមាន ពាក់ព័ន្ធក្នុងដែនព្រៃឈើសម្រាប់ជូនដល់ប្រជាពលរដ្ឋដែលមកពី បណ្តាខេត្ត-ក្រុងទាំង២៤ ដែលក្នុងនោះមានទាំងជនពិការក្នុងសង្គ្រាម កន្លងមក៥០ភាគរយផងដែរ។
លោកអភិបាលស្រុកត្រពាំងប្រាសាទបន្តទៀតថា បន្ទាប់ពីបានទទួលការចង្អុលបង្ហាញរបស់ក្រសួងមហាផ្ទៃមកក្រុមការ ងារថ្នាក់ខេត្ត-ស្រុក-ឃុំ-ភូមិបានឯកភាពចុះត្រួតពិនិត្យទៅ លើផ្ទៃដីត្រង់ចំណុចទីតាំងភូមិអូរត្រាំប៉ោង ក្នុងឃុំព្រះប្រឡាយ ឃើញថា ទីតាំងនោះអាចធ្វើការអភិវឌ្ឍរៀបចំធ្វើភូមិឋាន និងទីតាំងដីសម្រាប់បង្កបង្កើនផលបានទើបអាជ្ញាធរវាស់វែងបែង ចែកជូនប្រជាពលរដ្ឋបានក្នុងមួយគ្រួសារដីភូមិចំនួន៣០ម៉ែត្រ គុណ១០០ម៉ែត្រ និងដីស្រែចំការទទួលបានចំនួន២ហិកតា កាលពីឆ្នាំ២០០៣ ។ ប៉ុន្តែនាពេលបច្ចុប្បន្នចំណុចទីតាំងភូមិដែលបានរៀបចំជូនប្រជា ពលរដ្ឋនោះត្រូវមន្ត្រីយោធាវាស់យកធ្វើឱ្យប្រជាពលរដ្ឋមាន ប្រតិកម្មដាក់ពាក្យបណ្តឹងមកសាលាស្រុកត្រពាំងប្រាសាទឱ្យជួយដោះ ស្រាយ ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងរួចលោកយកចិត្តទុកដាក់ដោះស្រាយ ជូនប្រជាពលរដ្ឋនាពេលខាងមុខនេះ ។
ទាកទិននឹងហេតុការណ៍នេះកោះសន្តិភាពពុំអា ចទំនាក់ទំនងជាមួយនឹងមន្ត្រីយោធាដែលពាក់ព័ន្ធបានទេ ។ អនុសាសន៍សម្តេចតេជោ មិនបានបង្កឱ្យកើតមានបញ្ហាបែបនេះទេ ព្រោះប្រជាពលរដ្ឋ និងគ្រួសារកងទ័ព គឺតែមួយទេ ។ សម្តេចតេជោជាប្រមុខដឹកនាំដែលមានការសន្តោសប្រណីចំពោះប្រជាពល រដ្ឋទូទៅដូច្នេះមានតែការយកអនុសាសន៍ទៅអនុវត្តដោយខុសឆ្គង ពីគតិបណ្ឌិតសម្តេចតេជោទេ ទើបបង្កឱ្យមានបញ្ហា ៕