Thursday, August 2, 2012

មូលនិធិ​និស្សិត​ខ្មែរ​ដើម្បី​ខ្មែរ​ផ្ដល់​អំណោយ​ដល់​សិស្ស​ក្រីក្រ​នៅ​ឧត្ដរមានជ័យ

RFA/Uon Chhin
៣០-កក្កដា-២០១២៖ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ភូមិ​អរបាត់ដាវ សង្កាត់​បន្សាយរាក់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ អបអរ​សាទរ​ទទួល​អគារ​សិក្សា​បណ្ដោះ​អាសន្ន ១​ខ្នង ពី​មូលនិធិ​និស្សិត​ខ្មែរ​ដើម្បី​ខ្មែរ។


2012-08-01
សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ ២០០​នាក់ នៅ​ភូមិ​មួយ​ក្នុង​តំបន់​ជនបទ​ដាច់ស្រយាល នៃ​ខេត្ត​ឧត្តរមានជ័យ បាន​អបអរ​សាទរ ដោយ​ពួក​គេ​បាន​ទទួល​អគារ​សិក្សា​បណ្ដោះ​អាសន្ន ១​ខ្នង ពី​ក្រុម​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។
សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ឈរ​ជា​ជួរ​អម​ផ្លូវ​ចូល​សាលា ដែល​មើល​ទៅ​ឃើញ​តែ​ចុង​ស្បូវ​បក់​រវិចៗ គឺ​ពួក​គេ​ឈរ​រង់ចាំ​ទទួល​បដិសណ្ឋារកិច្ច​តំណាង​និស្សិត និង​សាស្ត្រាចារ្យ​ចំនួន ១០​នាក់​នៃ​មូលនិធិ​និស្សិត​ខ្មែរ​ដើម្បី​ខ្មែរ ដែល​ជា​ម្ចាស់​អំណោយ​របស់​ពួក​គេ។
នោះ​គឺ​ជា​ប្រជាពលរដ្ឋ​ភូមិ​អរបាត់ដាវ និង​សិស្ស​នៃ​សាលា​បឋម​សិក្សា​អូរបាត់ដាវ ស្ថិត​ក្នុង​សង្កាត់​បន្សាយរាក់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។
ការ​ទទួល​ជា​លក្ខណៈ​ពិធីការ ដូច​ជា​ការ​ទទួល​មេ​ដឹកនាំ​ថ្នាក់​ជាតិ​យ៉ាង​នេះ បាន​ធ្វើ​ឲ្យ​និស្សិត​ខ្លះ​លាន់​មាត់​ថា ពួក​គេ​រឹង​ខ្លួន​ណាស់។
គ្រូ​បង្រៀន​តែ​ម្នាក់​ដែល​បង្រៀន​សិស្ស​ចំនួន ៣​ថ្នាក់​នៃ​សាលា​បឋម​សិក្សា​អូរបាត់ដាវ លោក អ៊ុយ លីណា ថ្លែង​អំណរគុណ​ចំពោះ​សន្ដានចិត្ត​របស់​ក្រុម​និស្សិត​ខ្មែរ៖ «ជំនួយ​លុយ ៧៥០​ដុល្លារ​មក​ដល់​សាលា​របស់​ខ្ញុំ​នេះ ខ្ញុំ​បាន​នាំ​ប្រជាពលរដ្ឋ បាន​នាំ​មេភូមិ បាន​នាំ​គណៈកម្មការ នាំ​គ្នា​ធ្វើ​ដើម្បី​បាន​សាលា​ហ្នឹង។ ហើយ​ខ្ញុំ​បាន​សាលា ហើយ​ខ្ញុំ​មាន​ទឹកចិត្ត​សប្បាយ​រីករាយ​មែន​ទែន ដោយ​បាន​បង​សមាគម​ពី​កូរ៉េ​មក​ជួយ។ បាទ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់! ជាក់ស្ដែង គាត់​ចុះ​មក​មែន ចែក​អំណោយ​ដល់​សិស្សានុសិស្ស​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​មោទនភាព​យ៉ាង​ជ្រាលជ្រៅ។ នៅ​ទី​នេះ​កាល​មុន ខ្ញុំ​មិន​សូវ​សប្បាយ​ទេ ដល់​ពេល​បង​បាន​ចុះ​មក គឺ​ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន​ថា​សិស្ស​របស់​ខ្ញុំ គឺ​បាន​ទទួល​អំណោយ​ពី​សប្បុរសជន មូលនិធិ​និស្សិត​ខ្មែរ​ដើម្បី​ខ្មែរ​មែន»
ប្រធាន​មូលនិធិ​និស្សិត​ខ្មែរ​ដើម្បី​ខ្មែរ និង​ជា​និស្សិត​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សំណង់​ស៊ីវិល​នៅ​ប្រទេស​កូរ៉េ លោក ជាន សុភក្ដិ ពន្យល់​ប្រជាពលរដ្ឋ​ដែល​ជា​អាណាព្យាបាល​សិស្ស​អំពី​តម្លៃ​នៃ​ការ​អប់រំ ហើយ​លោក​ស្នើ​ឲ្យ​ពួក​គាត់​លើក​ទឹកចិត្ត​កូន​ចៅ​ឲ្យ​បាន​រៀន​ចប់​ចុង​ចប់​ ដើម ដើម្បី​កែប្រែ​ជីវភាព​របស់​ពួក​គាត់៖ «យើង​មក​នេះ​មិនមែន​ចង់​បាន​ អំណោយ​ដែល​ប្រើ​បាន​មួយ​រយៈ​ទេ។ យើង​ចង់​ឲ្យ​ជំរុញ​ទឹកចិត្ត​ពួក​ក្មេងៗ ហើយ​មីង​ពូ​ផង​ដែរ ឲ្យ​ជំរុញ​កូន​រៀន ព្រោះ​អី​មាន​តែ​ការ​សិក្សា​ទេ​ដែល​អាច​ធ្វើ​យើង​ជៀស​ផុត​ពី​ភាព​ក្រីក្រ។ ហើយ​យើង​ត្រូវ​ប្រឹង​រៀន​ថែម​ទៀត។ ថ្ងៃ​មុខ យើង​នឹង​ឃើញ​ជីវភាព​ធូរធារ​មួយ​ដែល​ចេញ​ពី​ពូក​គាត់»
លោក សុភក្ដិ បញ្ជាក់​ថា ថវិកា​សម្រាប់​ជួយ​សាលា​បឋម​សិក្សា​អូរបាត់ដាវ គឺ​បាន​មក​ពី​ការ​បង់​វិភាគទាន​ប្រចាំ​ខែ​របស់​សមាជិក​មូលនិធិ​និស្សិត​ ខ្មែរ​ដើម្បី​ខ្មែរ​ផង ជា​អំណោយ​របស់​ពលករ​ពល​ការិនី​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ផង ព្រម​ទាំង​សប្បុរសជន​ខ្មែរ និង​ជនជាតិ​កូរ៉េ​ផង។ លោក​អះអាង​ថា ក្រុម​របស់​លោក​នឹង​បន្ត​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​កុមារ​នៅ​សាលា​បឋម​ សិក្សា​អូរបាត់ដាវ៖ «ខ្ញុំ​សង្ឃឹម​ថា សិស្សានុសិស្ស​ទាំង​អស់ យល់​ទេ​ប្អូនៗ? ខំ​ប្រឹង​រៀន ហើយ​រៀន​តទៅ​ទៀត កុំ​ឈប់​ត្រឹម​ហ្នឹង ត្រឹម​ថ្នាក់​ទី​៥ ទី​៦។ យើង​ត្រូវ​រៀន​ត​ទៀត ហើយ​ពូ​នឹង​ខិតខំ​ប្រឹងប្រែង​រក​ជំនួយ ដើម្បី​ឲ្យ​ប្អូន​បាន​មាន​ថ្នាក់​រៀន​សមរម្យ មាន​សម្ភារៈ​រៀន​សមរម្យ»
និស្សិត​ដែល​ទើប​តែ​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​សំណង់​ស៊ីវិល​ពី​ប្រទេស​ កូរ៉េ និង​ជា​ស្ថាបនិក​នៃ​មូលនិធិ​និស្សិត​ខ្មែរ​ដើម្បី​ខ្មែរ លោក អ៊ី សាំងឡេង ថ្លែង​ថា ក្រុម​របស់​លោក​មាន​ក្ដី​រំភើប​ចំពោះ​ការ​តស៊ូ​ព្យាយាម​របស់​គ្រូ​បង្រៀន និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​បាត់ដាវ។ កត្តា​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​ក្រុម​របស់​លោក​តាំង​ចិត្ត​ចូល​រួម​បំពេញ​ កាតព្វកិច្ច​ផ្នែក​មនសិការ និង​មនុស្សធម៌​នេះ៖ «ពួក​ខ្ញុំ​បាន​ឃើញ បាន​ទទួល​ព័ត៌មាន​តាម​រយៈ​វិទ្យុ​អាស៊ី​សេរី ដែល​បាន​បង្ហាញ​នូវ​ភាព​ខ្វះខាត និង​ក្រ​លំបាក​របស់​ប្រជាជន​នៅ​ទី​នេះ ហើយ​ពួក​យើង​យល់​ឃើញ​ថា ពួក​យើង​រៀន​មិនមែន​ដើម្បី​តែ​មាន​ជំនាញ​មួយ​សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួក​យើង​ទេ ប៉ុន្តែ​ពួក​យើង​រៀន​ដើម្បី​ជា​ទីពឹង​ចំពោះ​មនុស្ស​ដូច​ជា​ពូក​គាត់​អ៊ីចឹង»
សាលា​បឋម​សិក្សា​អូរបាត់ដាវ ជា​ចំណុច​ផ្ដោត​អាទិភាព​របស់​មូលនិធិ​និស្សិត​ខ្មែរ​ដើម្បី​ខ្មែរ។ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ថ្នាក់​រៀន​ចំនួន​ពីរ​បន្ទប់ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១២ និស្សិត​ដែល​ជា​សមាជិក​នៃ​មូលនិធិ​និស្សិត​ខ្មែរ​ដើម្បី​ខ្មែរ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​កូរ៉េ បាន​យក​ចិត្ត​ទុក​ចំពោះ​ព្រឹត្តិការណ៍​នេះ។
អំណោយ​របស់​ក្រុម​និស្សិត មាន​ដូច​ជា​សម្ភារៈ​សិក្សា នំនែក​បន្តិច​បន្តួច ថ្នាំ​ដុស​ធ្មេញ និង​ច្រាស​ដុស​ធ្មេញ​ផង ត្រូវ​បាន​ចែក​ឲ្យ​កុមារ​ជាង ១០០​នាក់​នៅ​សាលា​បឋម​សិក្សា​អូរបាត់ដាវ។
និស្សិត​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ជីវៈ​កសិកម្ម កញ្ញា ផាត ផាន់ណា បាន​ថ្លែង​តាម​ទូរស័ព្ទ​ពី​ប្រទេស​កូរ៉េ ថា កញ្ញា​ចង់​ឲ្យ​កុមារ​កម្ពុជា​ទទួល​បាន​ការ​អប់រំ​ដោយ​ស្មើ​មុខ​ស្មើ​មាត់៖ «យើង ​ត្រូវ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ចេះ​ចែក​រំលែក​ទោះ​តិច​ក្ដី​ច្រើន​ក្ដី ហើយ​ពួក​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ជួយ​យក​ចិត្ត​ទុកដាក់​នូវ​ ប្រជាជន​ក្រីក្រ ដែល​នៅ​តំបន់​ដាច់​ស្រយាល ដែល​គាត់​ខ្វះខាត ហើយ​ដូច​ថា ពួក​គាត់​ជួប​ការ​លំបាក គាត់​ត្រូវ​ការ​អ៊ីចឹង មិន​គួរ​អ្នក​ដែល​អត់​ត្រូវ​ការ ហើយ​គាត់​ទទួល​របស់​ថែម​ទៀត​ទេ។ អ៊ីចឹង អ្នក​ដែល​ត្រូវ​ការ​ខ្លាំង​ជាង​គេ គឺ​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ជាង​គេ»
កញ្ញា​បន្ថែម​ថា ការ​បរិច្ចាគ​នៃ​ក្រុម​របស់​កញ្ញា​ស្ដួចស្ដើង​មែន តែ​វា​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដែល​ផុស​ចេញ​ពី​សន្ដាន​ចិត្ត និង​ក្រអៅ​បេះដូង ដោយ​ក្ដី​ស្រឡាញ់ អាណិត និង​គិត​អំពី​ជោគ​វាសនា​អនាគត​របស់​កុមារ​កម្ពុជា​ពិតៗ៖ «នៅ​ពេល​ដែល​យើង ​ត្រូវ​ការ​អ្វី​មួយ ហើយ​គេ​នឹង​ផ្ដល់​អ្វី​មួយ​ឲ្យ​យើង​ភ្លាម យើង​សប្បាយ​ចិត្ត​ណាស់។ ដូច​ខ្ញុំ ខ្ញុំ​នៅ​ពី​តូចៗ​អ៊ីចឹង ខ្ញុំ​ក្រ​អ៊ីចឹង នៅ​ពេល​ដែល​គេ​ចែក​អំណោយ​ជា​សម្ភារៈ​សិក្សា​អ៊ីចឹង ខ្ញុំ​មាន​អារម្មណ៍​ថា​អូ សប្បាយ​ចិត្ត​មែនទែន! ទោះ​ជា​ថា​តិចតួច​ក្ដី សម្រាប់​អ្នក​មាន ទោះ​បាន​ប៉ុណ្ណឹង​គេ​អត់​សប្បាយ​រីករាយ​ទេ តែ​គាត់​ទាំង​អស់​គ្នា​នៅ​ក្នុង​ភូមិ​ហ្នឹង ប្រហែល​ជា​សប្បាយ​រីករាយ ហើយ​ជា​ពិសេស​កូន​សិស្ស​ដែល​ទទួល​បាន​អំណោយ​សៀវភៅ កាតាប​ហ្នឹង គេ​មាន​អារម្មណ៍​ដូច​ខ្ញុំ​ធ្លាប់​រំភើប​កាល​ពី​ខ្ញុំ​នៅ​តូច​ដែរ»
ជា​ការ​ពិត ក្រោយ​ពី​បាន​ទទួល​អំណោយ កុមារា​កុមារី​មាន​សេចក្ដី​សប្បាយ​រីករាយ។ ពួក​គេ​សើច​ក្អាកក្អាយ ហើយ​នាំ​គ្នា​ហូប​នំ​ចំណី​ផង។ កុមារ​ខ្លះ​យក​ដៃ​រូត​សម្ពៀត​ដាក់​សម្ភារៈ​សិក្សា ដែល​ពួក​គេ​ទើប​តែ​ទទួល​បាន ហើយ​លូក​រាវ​រក​របស់​របរ​ផ្សេងៗ​នៅ​ក្នុង​នោះ ដោយ​ទឹក​មុខ​ញញឹមញញែម​បិទ​មាត់​មិន​ជិត។
សាស្ត្រាចារ្យ​សំណង់​ស៊ីវិល​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​នៃ​កម្ពុជា និង​ជា​ទីប្រឹក្សា​នៃ​មូលនិធិ​និស្សិត​ខ្មែរ​ដើម្បី​ខ្មែរ លោក តេង ឆាយ មាន​ប្រសាសន៍​ថា គម្រោង​របស់​មូលនិធិ គឺ​សង់​អគារ​សិក្សា​មួយ​ខ្នង​អំពី​ឈើ​ប្រក់​ហ្វីបប្រូស៊ីម៉ង់ត៍ ដែល​មាន​៣​បន្ទប់។ ប៉ុន្តែ​ដោយ​ខ្វះ​ថវិកា និង​ដោយសារ​សេចក្ដី​ត្រូវ​ការ​ជា​បន្ទាន់​នូវ​ថ្នាក់​រៀន​សម្រាប់​កុមារ​ ក្នុង​ឱកាស​បវេសនកាល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ មូលនិធិ​បាន​សម្រេច​សង់​ជា​ថ្នាក់​រៀន​បណ្ដោះ​អាសន្ន​ប្រក់​ស្បូវ​ដែល​មាន ២​បន្ទប់​សិន បន្ថែម​ទៅ​លើ​អគារ​ចាស់​ដែល​មាន​ ២​បន្ទប់​ស្រាប់​នោះ ហើយ​នឹង​បន្ត​ការ​រៃអង្គាស​តទៅ​ទៀត។
សាលា​បឋម​សិក្សា​អូរបាត់ដាវ ស្ថិត​ក្នុង​ភូមិ​អូរបាត់ដាវ ចម្ងាយ​ប្រមាណ ២៥​គីឡូម៉ែត្រ តាម​ផ្លូវ​លំ​ក្រាល​គ្រួស​ក្រហម ពី​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ សំដៅ​ទៅ​ខណ្ឌសីមា​កម្ពុជា-ថៃ គឺ​នៅ​ក្បែរ​ជួរ​ភ្នំដងរែក។ សាលា​នេះ​បាន​ចាប់​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៧ ដោយ​មាន​តែ​អគារ​តូច​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ខ្ទម​ស្រែ ឬ​ខ្ទម​ចាំ​ចម្ការ​យ៉ាង​ដូច្នោះ។ ទោះ​យ៉ាងណា សាលា​នេះ​ជា​សមិទ្ធផល​ដែល​កើត​ចេញ​ពី​ការ​រៃអង្គាស​ប្រាក់​របស់​ប្រជាពលរដ្ឋ ​ភូមិ​អូរបាត់ដាវ ហើយ​វា​បាន​ក្លាយ​ជា​ជម្រក​សិក្សា​សម្រាប់​កុមារ​ជិត ១០០​នាក់​ហើយ​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។