Monday, June 11, 2012

វិស័យ​សិក្សា​សាលា​បាក់​បែក


យើង​ដឹង​ហើយ​ថា​ការ​សិក្សា​គឺ​មាន​ប្រយោជន៍​ណាស់​សម្រាប់​មនុស្ស​ ដែល​មាន​ជីវិត​រស់​នៅ​លើ​សាកល​លោក​ ក៏​ដូច​ជា​ប្រ​ទេស​កម្ពុជា​យើង​ទាំង​មូល​ផង​ដែរ​​ ទាស់​ការ​សិក្សា​​នោះ​ប្រកប​ដោយ​ចំណេះដឹង​ដែល​មាន​កម្រិត​មួយ​ទទួលយក​បាន​​។​ ជា​ការ​ពិត​ណាស់​ការ​សិក្សា​ស្វែង​រក​ចំ​នេះ​ដឹង​ គឺ​មាន​លក្ខ​ណៈ​ខុស​ប្លែក​ពី​គ្នា​ ជា​រឿង​ធម្មតា​ទេ​ ហើយ​ចំនេះ​ដឹង​ដែល​ទទួល​បាន​ក៏​មាន​លក្ខណៈ​មិន​ដូច​គ្នា​ដែរ​ ពី​ព្រោះ​ថា​ខ្លះ​គេ​យក​ជំនាញ​គណិត​ ខ្លះ​គេយក​រូប​ គីមី​ ជីវៈ​មាន​ជំនាញ​ច្រើន​ផ្សេង​ទៀត​ដែល​គេ​ជ្រើស​រើស​។​ ចំនែក​សាលា​បណ្ដុះ​បណ្ដាល​វិញ​ ក៏​មាន​លក្ខណៈ​ខុស​គ្នា​ដែរ​ ដោយ​អ្នក​ខ្លះ​គេ​បាន​រៀន​សាលា​ល្អ​ៗ​ ទាំង​សាលា​ល្អ​ ហើយ​ល្អ​ទាំង​គ្រូ​ទៀត​ ហើយ​ចំនែក​ចំនេះដឹង​របស់​ពួក​គេ​​ ក៏​ដូច​ជា​សមត្ថ​ភាព​របស់​ពួក​គេ​មាន​លក្ខណៈ​ល្អ​ប្រសើ​រ​ណាស់​ដែរ​។ ​ដោយ​ឡែក​ការ​សិក្សា​របស់​ខ្ញុំ​វិញ​ គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ ពីព្រោះ​យើង​ដឹង​ហើយ​ថា​ការ​អប់​រំ​នៅ​ស្រុក​ស្រែ​ ឬ​នៅតាម​ជន​បទ​វា​មិន​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​វិស័យ​អប់​រំ​នៅទី​ក្រុង​ទេ​ តែង​តែ​មាន​ចន្លោះ​ខ្វះ​ខាត​ខ្លះៗ​ទៅ​លើ​ការ​សិក្សា​ ដោយ​ថា​ការ​សិក្សា​នៅ​តាម​ជន​បទ​ ក៏ដូច​ជា​នៅតាម​បណ្ដា​ខេត្ត​ក្រីក្រ​នានា​ គឺ​មាន​លក្ខណៈ​កម្សត់​ណាស់​ ជាក់​ស្ដែង​រូប​ខ្ញុំ​ផ្ទាល់​តែ​ម្ដង​។​​ ​ កាល​ខ្ញុំ​នៅ​រៀន​បឋម​សិក្សា​ ខ្ញុំ​បាន​រៀន​នៅ​សាលា​មួយ​ក្នុង​ភូមិ​ ក៏ដូច​ជានៅ​តាម​ទី​ជន​បទ​មួយ​ចំនួន​ទៀត​ផង​ដែរ​ គឺ​មាន​ការ​ឈឺ​ចាប់​​ណាស់​ អាណិត​ស្រណោះ​ខ្លួន​ ក៏ដូចជា​មិត្ត​ភក្តិ​រួម​សាលា​​ទាំង​អស់​គ្នា​ដែរ​ ពី​ព្រោះ​សាលា​សាង​សង់​ដោយ​ឈើ​​ ជញ្ជាំង​ធាង​ដូង​ហើយ​ដំបូល​គឺ​ប្រក់​ដើម​កក់​​រួម​ជា​មួយ​ស្លឹក​ដូង​ បាត​ក្រោម​ក្រាល​ដី​ ប៉ុន្តែ​អ្វី​ដែល​កត់​សម្គាល់​គឺ​ ដោយ​ទី​ធ្លា​នៅ​ក្នុង​សាលា​មាន​ដើម​ឈើ​ធំៗ​ ​លោក​គ្រូ​អ្នក​គ្រូ​ ក៏​ដូចជា​សិស្សា​នុសិស្ស​ បាន​ប្រមែ​ប្រមូល​កំទេចឈើ​ ឬ​ខ្នងក្ដា​ដែល​នៅ​សេស​សល់​ យក​ទៅ​ធ្វើ​ជា​តុ​សម្រាប់​អ​ង្គុយ​លេង​ពេល​សម្រាកពី​​ម៉ោង​សិក្សា​ក្រោម​ដើម​ឈើ​ ឬ​ម្លប់​ដែល​មាន​មែក​បែក​សាខា​នោះ​ ​ចំនែក​រនាំង​ និង​ដំបូលក៏​ធ្លុះ​ធ្លាយ​ផងដែរ​នោះ​​ សាលា​នេះ​រៀន​បាន​តែ​ពេល​ព្រឹក​ត្រជាក់ៗ​ទេ​ ពេល​ថ្ងៃ​ក្ដៅ​ដល់​ក៏ផ្អាក​ការ​សិក្សា​ បើសិន​ជាមាន​ភ្លៀង​វិញ​គឺ​រឹត​តែ​ពិបាក​ ពី​ព្រោះ​មួយ​ថ្ងៃពេញ​គ្មាន​បុណ្យ​អ្វី​សោះ​​បែរ​ជា​មិន​បាន​រៀន​ទៅ​វិញ ​ដោយ​សារ​មាន​ភ្លៀង​ត្រូវ​និង​សាលា​​ដំបូល​ធ្លុះ​ធ្លាយហើយ​ប្រក់​មេឃ​មួយ​អន្លើរ​ផង​នោះ​​ អ្វី​ដែល​រំខាន​ដល់​ការ​សិក្សា​មិន​អាច​បំភ្លេច​បាន​នោះគឺ​ ដើម​ឈើ​ក្នុង​ទីធ្លា​សាលា​ដ៏​ធំ​ស្គុម​​ស្គៃ​មាន​សត្វ​អង្រ្កង​ និង​ស្រមោច​ក្រហម​​(ស្រមោច​យួន)​ ខាំពេល​ដែល​ដី​ចាប់​ផ្តើម​ជោគជាំ​ដោយ​ទឹក​ភ្លៀង​។ ​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​ការ​សិក្សា​ចល័ត​ ​ដោយ​សិស្ស​ច្រើន​ពេក​កន្លែង​រៀន​មិន​គ្រប់​គ្នា​ លោក​គ្រូ​បាន​ចាត់​វិធាន​ការ​យក​ដើម​ឈើ​ធ្វើ​សាលា​តែ​ម្ដង​​ ពេល​ព្រឹក​រៀន​ក្រោម​ដើម​ឈើ​ណា​ដែល​បាំង​ពន្លឺ​ថ្ងៃ​​ លុះ​ពេល​ដែល​ពន្លឺ​ថ្ងៃ​​ក្ដៅ​ដល់​ទើប​នាំ​គ្នា​​​រត់​ដូរ​ដើម​ឈើមួយទៀត​ ការ​ឈឺ​ចាប់​របស់​សិស្ស​ និង​គ្រូ​គឺនៅ​ចាប់​ផ្តើម​ និង​ចុង​​រដូវ​វស្សា ​ការណា​រដូវ​វស្សា​តែង​តែ​មាន​ភ្លៀង​ធ្លាក់​ ដូច្នេះ​ការ​សិក្សា​គឺ​តែង​តែ​មាន​ឧបសគ្គ​មក​រារាំង​ជានិច្ច​កាល។ ការ​សិក្សា​បែប​នេះ​ គឺ​ប្រឈម​និង​ការ​ពិបាក​យ៉ាង​ខ្លាំង​ ហើយ​ចំ​នេះ​ដឹង​ដែល​ទទួល​​បាន​​ពី​ការ​បង្ហាត់​បង្រៀន​ របស់​លោក​គ្រូ​អ្នក​គ្រូ​វិញ​ក៏​មាន​កំរិត​ទាបនៅ​ឡើយ​ ពីព្រោះ​មាន​រឿង​រំខាន​ច្រើន​ពេក​ មិន​ដូច​កូន​គេ​ដែល​បាន​សិក្សា​សាលា​ល្អៗ​ គេទទួល​បាន​ទាំង​ការ​រៀន​សូត្រ​​ និង​ទទួល​បាន​ទាំងភាព​ស្ងប់​ស្ងាត់ ជា​ពិសេស​ចំនេះ​ដឹង​គេ​គឺ​ បាន​ទទួល​យ៉ាង​ល្អ​​ពី​សំណាក់​លោក​គ្រូ​​អ្នក​គ្រូ ។ ​ដោយសារ​មូល​ហេតុ​ទាំង​អស់​នេះ​ហើយ​ទើប​ការ​សិក្សា​របស់​កូន​អ្នក​ជន​បទ​មាន​កំរិត​ទាប​ជាង​កូន​អ្នក​ទី​ក្រុង​ បើ​ប្រៀប​ពី​ការ​ងារ​វិញ​​គឺ​ចាញ់​​ដាច់​ និង​អ្នក​ទី​ក្រុង​ ដោយ​ហេតុ​ថា​នៅ​ទី​ជន​បទ​ បើ​មិន​បាន​រៀន​សូត្រ​គឺ​មាន​តែ​ស្រែ​ចំការ​ទេ​ ដែល​ទទួល​ស្វាគមន៍​ ពី​ព្រោះ​កត្តា​ខាង​លើ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិន​បាន​ចូល​សាលា​ មូល​ហេតុ​គឺ​មាន​តែ​មួយ​គត់​គ្មាន​សាលា​ បើ​នៅ​ទី​ក្រុង​វិញ​សាលា​គេ​ក៏​សំបូរ​ ការងារ​ក៏​សំបូរ​គេ​មាន​អ្វី​គ្រប់​យ៉ាង​ទាំង​អស់​ ហើយ​គេ​បាន​រៀន​សូត្រ​ជ្រៅ​ជ្រះ​មាន​ចំនេះ​ដឹង​និង​សមត្ថភាព​ពេញ​ខ្លួន​ ហើយ​អនាគត​គេ​ក៏​ល្អ​ទៀត​។ នេះ​គ្រាន់​តែ​ទុក​តូច​មួយ​ដែល​ខ្ញុំ​បាន​មើល​ឃើញ​​កាល​ពី​៨​ ទៅ​៩​ឆ្នាំមុន។ សូម្បីតែ​ពេល​ដែល​ខ្ញុំ​បាន​បន្ត​ការ​សិក្សា​នៅ​ទី​ក្រុង​សព្វ​ថ្ងៃ​ផង​ នៅ​តែ​ទីក្រុង​ មិន​មាន​នៅ​ខ្វះ​អាគារ​សិក្សា​រហូត​ដល់​៣៦​ស្មើរ​នឹង​ ៣៧០បន្ទប់ ដែល​អាគារ​ទាំង​នោះ​សម្បូរបែប​ជាង​នៅ​ជន​បទ។ ចុះ​ទម្រាំនៅ​​ជនបទ​តើអាគារ​ប៉ុន្មាន​ខ្នង​ដែល​កំពុង​ខ្វះ​ខាត​ និង​ត្រូវការ​ប្រញាប់​សម្រាប់​ផ្តល់​ចំណេះដឹង​​ដល់​អ្នក​ជនបទ។ ចំណែកឯ​គ្រូបង្រៀនវិញ​ដែល​អ្នក​ផ្ទេរ​ចំណេះ​ជូន​កូន​អ្នក​ជន​បទ​ ក៏កាន់​តែ​ខ្វះ​ទៅ​ទៀត។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ ទោះ​បី​តំបន់​ជនបទ​បាន​អភិ​វឌ្ឍន៍​អស់​រយៈពេល​​១០​ឆ្នាំ​ ហើយ​ក៏ដោយ​​​ ក៏​បញ្ហាទាំង​អស់​នៅ​មិន​ទាន់​បាន​ប្រែ​ប្រួល​ឲ្យ​មាន​អ្វី​ដែល​កត់​សម្គាល់​នៅ​ឡើយទេ។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​ចូលរួម​ដោះស្រាយ​បញ្ហាប្រឈម​ក្នុង​តំបន់​ជនបទ​​ ជាពិសេស​មន្រី្តអប់​រំ​ក្នុងតំបន់នោះ​ផងដែរ។​
ដូច​នេះ​យើង​ទាំង​អស់​គ្នា​ ជា​ពិសេស​ប្រជា​ជន​នៅ​តាម​ជនបទ​ ត្រូវ​ខិត​ខំ​ស្វះ​ស្វែង​ធ្វើ​យ៉ាង​ណា​ត្រូវ​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ ដើម្បី​បឺត​ជញ្ជក់​​យក​ចំនេះ​វិជ្ជា​ ក៏​ដូច​ជា​ជំនាញ​ផ្សេង​ៗ​ឲ្យ​បាន​គ្រប់​ៗគ្នា ដើម្បី​យក​ចំនេះ​ដឹង​និង​ជំនាញ​ទាំង​អស់​នោះ​មក​អភិ​វឌ្ឍ​ខ្លួន​ ក្រុម​គ្រួសារ​ សង្គម​ និង​​ប្រទេស​ជាតិ​ឲ្យ​បាន​រីក​ចំរើន​ និង​មាន​សុភមង្គល​គ្រប់ៗ​គ្នា ​កុំ​ឲ្យ​ចាញ់​កូន​អ្នក​ទី​ក្រុង​ បើ​គេ​ធ្វើ​បាន​យើង​ក៏​ធ្វើបាន​ទាំង​អស់​ដែរ​ ឲ្យ​តែ​សង្គម​ចូល​ចិត្ត​ និង​ច្បាប់​លើក​លែង​៕
ស្ងាម​ ក្រឹម​
Sngam kroem