Friday, June 3, 2011

ចំណាប់​អារម្មណ៍​របស់​និស្សិត អ៊ិន សូដា​ក្នុង​ការ​រស់​និង​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ

ខ្ញុំ​បាទ​ឈ្មោះ អ៊ិន សូដា ជា​គរុ​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ និង​ជា​និស្សិត​អាហារូបករណ៍ ថ្នាក់​អនុបណ្ឌិត ជំនាញ​គ្រប់​គ្រង​​រដ្ឋបាល​សាធារណៈ ​នៃ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា។​ មុន​នឹង​និយាយ​ពី​ការ​រស់​នៅ​ក្នុង​ទី​ក្រុង​​ភ្នំពេញ ខ្ញុំ​សូម​ធ្វើ​ការ​បង្ហាញ​​​ពី​ការ​​សិក្សា​របស់​ខ្ញុំ​កាល​នៅ​ឧត្តរ​មានជ័យ​ជា​មុន​សិន​ ដែល​ជា​​បុព្វ​ហេតុ​ឲ្យ​ខ្ញុំ​បន្ត​ការ​សិក្សា​រហូត​ដល់​ពេល​នេះ។
 កាល​ពី​សម័យ​ខ្ញុំ​រៀន​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ​ មាន​អនុ​វិ​​​ទ្យា​ល័យ​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ក្រុង​សំរោង​បច្ចុប្បន្ន ហើយ​កា​រ​សិក្សា​ក៏​ពិបាក​ទៀត​កាល​ពី​សម័យ​នោះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខំ​តស៊ូ​រៀន ​ទោះ​បី​ជា​មាន​​ការ​លំបាក​ក៏ដោយ តែ​ការ​តស៊ូ​វា​មិន​ឥត​ប្រយោជន៍​ទេ រួម​នឹង​កំលំាង​ជំរុញ​ពី​ក្រុម​គ្រួសារ​ទៀត ដែល​ពួក​គាត់​និយាយ​ថា “គាត់​គ្មាន​អី្វ​ឲ្យ​ទេ មាន​តែ​ការ​សិក្សា​ទេ ដែល​រក​ចំណេះ​ដឹង និង អាច​ជួយ​ខ្លួន​ឯង​បាន​” ដូច​នេះ​ហើយ​ការ​សិក្សា​របស់​ខ្ញុំ​បាន​ជាប់ បន្ទាប់​ពី​បាន​មក​ប្រលង​នៅ​ស្រុក​ក្រឡាញ់​ខេត្ត​សៀម​រាប។​ ទោះ​ជា​លទ្ធ​ផល​​បាន​ចេញ​មក​ហើយ​ក៏​ដោយ​ ការ​សិក្សា​របស់​ខ្ញុំ​មិន​បាន​បញ្ចប់​ត្រឹម​​​សញ្ញា​បត្រ​​​មធ្យម​សិក្សា​បឋម​ភូមិ​ទេ  ខ្ញុំ​បាន​លះបង់​ការ​រស់​​​នៅ​ជា​មួយ​គ្រួសារ​ទៅ​បន្ត​ការ​សិក្សា នៅ​ខេត្ត​សៀមរាប​រយៈ​ពេល​បី​ឆ្នាំ​ទៀត។​ កាល​​ឈាន​​ដល់​​ខេត្ត​សៀមរាប​ដំបូង ខ្ញុំ​បាន​ឃើញ​ការ​រៀន​សូត្រ​ទូលំ​ទូ​លាយ​​ជាង ក្នុង​ខេត្ត​ដ៏​តូច​ដែល​​ទើប​​​នឹង​ប្រកាស​ឈ្មោះ​ជា​ផ្លូវ​ការណ៍ ខ្ញុំ​ខិត​ខំ​
រៀន​ភាសា​អង់​គ្លេស​​២​ឆ្នាំ​បន្ថែម​ទៀត ដោយ​គិត​ថា​វា​មាន​សារៈសំខាន់​ ដែល​​កាល​ពី​នៅ​ខេត្ត ​មិន​មាន​គ្រូបង្រៀន​ច្រើន​ទេ។
ឆ្លង​កាត់​បី​ឆ្នាំ​នៅ​ក្នុង​ខេត្ត​សៀមរាប ខ្ញុំ​បាន​រៀន​រស់​នៅ​ដោយ​ខ្លួន​ឯង ដោយ​រៀន​ធ្វើ​ការ​ងារ​ស្រី្ត ដូចជា ទៅ​ផ្សារ​ទិញ​ម្ហូប ដាំ​បាយ​ធ្វើ​ម្ហូប រក​អុស ហើយ​និង​ការងារ​ឯ​ទៀត​ក្រៅ​ពី​ការ​សិក្សា។ កាល​ពេល​នោះ​ការ​សិក្សា​របស់​ខ្ញុំ​មិន​បាន​ល្អ​ប៉ុន្មាន​​ទេ​ ព្រោះ​គ្រឹះ​កាល​នៅ​ខេត្ត​មិន​រឹង​មាំ តែ​ខ្ញុំ​មាន​​​ឆន្ទៈ និង ចិញ្ចឹម​ចិត្ត​ចង់​ចេះ​ចង់​ដឹង​ក្នុង​ការ​សិក្សា ដើម្បី​ក្រេប​យក​ចំណេះ​​ដឹង ​មក​​​ចិញ្ចឹម​ជីវិត​នៅ​ពេល​អនាគត។ ថ្វី​ត្បិត​តែ​ការ​ធ្វើ​ដំណើរ​ទៅ​សិក្សា​​របស់​ខ្ញុំ​មាន​ចម្ងាយ​ឆ្ងាយ​ក៏​ដោយ  ខ្ញុំ​ចំា​បាន​​ថា ខ្ញុំ​ប្រើ​រយៈ​ពេល​៤៥​​​នា​ទី បើ​ធាក់​កង់​ដោយ​មិន​ឈប់​ជើង​ទេ តែ​ផ្ទុយ​ទៅ​វិញ​បើ​ជិៈ​ធម្មតា​ចំណាយ​ពេល​១​ម៉ោង​ជាង​ឯណោះ។ នៅ​ចុង​ឆ្នាំ​២០០២ ខ្ញុំ​បាន​ប្រលង​ជាប់​សញ្ញា​បត្រ​​មធ្យម​​សិក្សា​​ទុតិយ​ភូមិ(BacII)។​ ពេល​ដំបូង​ខ្ញុំ​រា​រែក​យ៉ាង​ខ្លាំង​ក្នុង​ការ​បន្ត​ការ​សិក្សា​ដោយ​សារ​គ្មាន​គោល​ដៅ​ច្បាស់​លាស់ ​បន្ទាប់​ពី​គិត​និង​កំ​ណត់​គោល​ដៅ​អស់​រយៈ​ពេល​​១​ខែ​រួច​មក ខ្ញុំ​បាន​សម្រេចចិត្ត​ទៅ​បន្ត​ការ​​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ ដោយ​យក​មូល​ដ្ឋាន​នៃ​ការ​ប្រៀន​ប្រដៅ​របស់​ក្រុ​ម​​គ្រួសារ​មក​គិត​ពិចារណា ហើយ​និង​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី តា អ៊ំ​ ពូ មីង​ផង។ ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ចូល​រៀន​ភាសា​អង់​គ្លេស ខ្ញុំ​បាន​ទទួល​ការ​មើល​ងា​យ​ពី​សំណាក់​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​យ៉ាង​ខ្លាំង ​ដែល​គួរ​ឲ្យ​ឈឺ​ចាប់ តែ​ខ្ញុំ​មិន​បាន​បោះ​បង់​ការ​សិក្សា​ចោល​ទេ ទោះ​បី​ជា​គេ​ថា​ភាសា​និយាយ​រដឺន ភាសា​អង់គ្លេស​មិន​ចេះ។ ខ្ញុំ​បាន​យក​អី្វ​ដែល​គេ​ថា​នោះ​មក​ជា​ការ​កំណត់​អត្ត​សញ្ញាណ​របស់​ខ្ញុំ និង​យក​វា​ធ្វើ​ជា​កំលាំង​ចល​ករ​​មូល​ដ្ឋាន ដើម្បី​ពង្រឹង និង​ព្យាយាម​ក្នុង​ការ​សិក្សា ក្រោយ​មក​មិន​យូរ​ប៉ុន្មាន ពួក​គេ​ទទួល​ស្គាល់​នូវ​អី្វ​​ដែល​យើង​បាន​ធ្វើ ដោយ​គេ​ឈប់​រើសអើង​យើង​ដូច​មុន។ ពេល​ដែល​ខ្ញុំ​បាន​មក​សិក្សា​នៅ​ទី​ក្រុងភ្នំពេញ ខ្ញុំ​បាន​ឃើញ​ចំណុច​ល្អៗ​ជា​ច្រើន ជា​ពិ​សេស​​ការ​សិក្សា និង​ការ​ប្រកួត​ប្រជែង​ការងារ។ ការ​សិក្សា​នៅ​ទី​ក្រុង​មាន​វិសាល​ភាព​​យ៉ាង​ទូលំ​ទូលាយ​ជាង​នៅ​តាម​បណ្តា​ខេត្ត និង​ជនបទ​ ទាំង​ការ​​​រៀន ភាសា​បរទេស សាកលវិទ្យាល័យ​ល្អ​ៗ ការ​រៀន​កុំព្យូទ័រ​...។ ក្នុង​ពេល​រៀន​នៅ​មហា​វិទ្យា​ល័យ​មិន​មែន​នៅ​​តែ​រៀន​មួយ​មុខ​ទេ ត្រូវ​ស្វែ​ង​​​​​​​រក​ការងារ​ធ្វើ ដើម្បី​ជា​ការ​ពិសោធន៍​ទោះ​បី​ជា ការ​ងារ​ស្ម័គ្រ​ចិត្ត ឬ​មាន​លុយ​​ខែ​ក៏​ដោយ គឺ​ត្រូវ​តែ​ហ៊ាន​លះ​បង់​ការ​លំបាក​ធ្វើ​វា​។ ខណៈ​រស់​នៅ​ទី​ក្រុង ខ្ញុំ​បាន​ទទួល​បទ​ពិសោធន៍​ជា​ច្រើន ទាំង​ការ​រស់​នៅ​​ជា​ក្រុម​មក​ពី​ប​ណ្តា​ខេត្ត​ផ្សេង​ៗ ក្រុម​ដែល​មក​ពី​ខេត្ត​ដូច​គ្នា ហើយ​និង​រស់​នៅ​តែ​ឯង​ដែល​​ធ្វើ​ជា​​អ្នក​គ្រប់​គ្រង​​ការងារ​ការដ្ឋាន​សំណង់ ដែល​ជីវិ​ត​ដូច​ជា​ជីវិត​កម្មករ​សំណង់​ដែរ។
នៅ​ចុង​បញ្ចប់ ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​ដល់​ប្អូន​ជំនាន់​ក្រោយ​ត្រូវ​ខិត​ខំ​រៀន​សូត្រ​ភាសា​អង់គ្លេស កុំព្យូទ័រ និង​ចំណេះ​ដឹង​ទូទៅ ដែល​ខាង​លើ​នេះ​វា​ជា​យាន​មួយ​យ៉ាង​ធំ​ និង​រឹង​មាំ​សម្រាប់​​ដឹក​យើង​ទៅ​រក​​ការ​សិក្សា​បន្ត​ និង​ប្រល​ង​​​​យក​អាហា​រូបករណ៍​នៅ​ក្នុង​និង​ក្រៅ​ប្រទេស។ ប្អូន​ៗ​ជំនាន់​ក្រោយ​នេះ​មាន​​ឱកាស​ជាច្រើន​ដែល​មាន​បង​ជំនាន់​មុន បាន​ផ្ដល់​យោបល់​ដល់​ការ​សិ​ក្សា ហើយ​ប្អូន​ៗ​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​ចាប់​យក​ឱកាស​ដ៏​ល្អ​នេះ​សម្រាប់​អភិវឌ្ឍ​ខ្លួន​ឯង។ លើស​ពី​នោះ​ទៅ​ទៀត ប្អូន​ៗ​ត្រូវ​កំណត់​គោល​ដៅ​ ឲ្យ​បាន​ច្បាស់លាស់​បន្ទាប់ពី ប្អូន​បាន​អាន​នូវ​ការ​ពិសោធន៍​របស់​​រៀម​​​ច្បង​ជំនាន់​មុន​មក​រួចហើយ។ ដូច​ពាក្យ​ស្លោក​មួយ​សរសេរ​ថា “បើ​ខ្ញុំ​មិន​អាច​​​ធ្វើអ្វី​ឲ្យ​ធំធេង​បាន ខ្ញុំ​នឹង​ធ្វើ​របស់​តូច​ក្នុង​ផ្លូវ​ដ៏​ធំ​មួយ” ដែល​ភាសា​អង់គ្លេស ថា “If I cannot do great things, I’ll do small things in a great ways” ។ ខ្ញុំ​សូម​ថ្លែង​អំណរ​អគុណ​ដល់ លោក​អ៊ំ លោកពូ អ្នកមីង បងប្អូន ខែ្មរ​នៅ​ប្រទេស​បារាំង​ទាំង​អស់ ដែល​ជួយ​គាំទ្រ​ និង​ឧបត្ថម្ភ​ទាំង​ថវិកា និង​កម្លាំង​ចិត្ត ព្រម​ទាំង​លោក​អ៊ំ លោកពូ អ្នកមីង លោកយាយ លោកតា បងប្អូន នៅ​សហរដ្ឋ​អាមេរិក​ទាំងអស់ ថែម​ទាំង​សប្បុរសជន​នានា​ដែល បា​ន​ជួយ​គ្រាំ​ទ្រ​គ្រប់​បុព្វ​ហេតុ និង​សកម្មភាព​ទាំង​អស់​របស់​សមាគម។ សូម​ប្រសិទ្ធ​ពរ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​២០១១​ ជួប​តែ​សេចក្តី​សុខ និង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​៕៚



ពុំមានជណ្តើរយន្តនាំអ្នកទៅរកជោគជ័យទេ អ្នកត្រូវតែឡើងតាមជណ្តើរ​ម្តងមួយកាំៗ។
There is no elevator to success. You have to take the stairs.