Wednesday, June 1, 2011

អរម្ភកថា​នៃសៀវភៅ​ចំណាប់អារម្មណ៍​និស្សិត​

អារម្ភកថា


រៀន ​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ រៀន​គឺ​ដើម្បី​ផ្លាស់ប្ដូរ។ ពាក្យ​នេះ​មាន​​​សារៈ​សំខាន់​ណាស់​ បើ​យើង​យក​មក​ពិចារណា ដូច្នេះ​បើ​ប្អូន​ៗ​ជំនាន់​ក្រោយ​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ការ​ផ្លាស់ប្ដូរ ត្រូវ​តែ​ខិតខំ​រៀន​សូត្រ​។
យើង​គួរ​សួរ​ខ្លួន​ឯង​ថា តើ​យើង​នឹង​ទៅ​ជា​មនុស្ស​ប្រភេទ​ណា? ជា​អ្នក​គ្រប់​គ្រង​ដឹកនាំ​គេ ឬ​ជា​អ្នក​ត្រូវ​គេ​ដឹក​នាំ? បើ ​យើង​ប្រាថ្នា​ទៅ​ជា​អ្នកដឹកនាំ យើង​ត្រូវ​រៀបចំ​ខ្លួន​ច្រើន​ណាស់ ពិសេស​គឺ​ត្រូវ​រៀន​សូត្រ រៀន​យក​ជំនាញ ហើយ​រៀន​គ្មាន​ទី​បញ្ចប់​។ គ្មាន​មេដឹកនាំ​ណា​ខ្វះ​ឆន្ទៈ​ក្នុង​ការ​រៀន​សូត្រ​ឡើយ។ សម្រាប់​អ្នក​ឧត្តរមានជ័យ​ជំនាន់​ថ្មី សូម​រួបរួម​គ្នា មាន​​ក្តី​ប្រាថ្នា ​ហើយ​រៀបចំ​ខ្លួន ដើម្បី​ចូលរួម​កសាង​ស្រុក​ទេស​ដោយ​បាត​ដៃ និង​ប្រាជ្ញា​ស្មារតី​របស់​ខ្លួន​។
យើង ​ជា​អ្នក​ផ្ដួច​ផ្ដើម អ្នក​ត្រួស​ត្រាយ​បង្កើត​សមាគម​និស្សិត​ឧត្តរ​មានជ័យ មាន​បំណង​ច្បាស់​លាស់ គឺ​លើក​ស្ទួយ​ការ​អប់រំ​ដល់​សិស្ស និស្សិត​អ្នក​ឧត្តរមាន​ជ័យ ឲ្យ​បាន​ទទួល​ការ​អប់រំ​នៅ​កម្រិត​ឧត្តម​សិក្សា​។ តែ​ដំណើរការ​នេះ​អាច​ធ្វើ​ទៅ​​​បាន​ក៏​អាស្រ័យ​ដោយ​ការ​រួម​ចំណែក​ពី​អ្នក​ ឧត្តរមានជ័យ ​អ្នក​មាន​កំណើត​នៅ​​ឧត្តរមាន​ជ័យ​ និង​អ្នក​ដែល​ស្រឡាញ់​ទឹក​ដីនេះ។
ដោយ ​សេចក្តី​សង្ឃឹម ខ្ញុំ​សង្ឃឹម​ថា​ឧត្តរមានជ័យ​ នឹង​មាន​ធន​ធាន​មនុស្ស​ច្រើន ដុះ​ដាល​ចេញ​ពី​ឫស​គល់​នៃ​ទឹក​ដី​នេះ ចូល​រួម​អភិវឌ្ឍន៍​ភូមិ​កំណើត​របស់​ខ្លួន​នា​ពេល​អនាគត។​
ខូ តារាឫទ្ធិ  ស្ថាបនិកសមាគមនិស្សិតឧត្តរមានជ័យ