Wednesday, January 5, 2011

ការប្រកបរបររកស៊ីស្រុកខ្ញុំ

ការ​ប្រកប​របរ​រក​ស៊ី​ស្រុក​ខ្ញុំ​
និពន្ធដោយ ហូយ វាសនា

ពេល​វេលា​នេះ គឺ​ជា​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍ ស្រស់​ថ្លា​នឹង​ជា​ពេល​ដែល ខ្ញុំ​នឹក គិត​ដល់​គ្រួសារ​របស់ខ្ញុំ​នឹក​ផ្ទះ​និង​នឹក​ដល់​ស្រុក​របស់​ខ្ញុំ​គឺ​នឹក​គិត​ដល់​អ្នក​ស្រុក​ភូមិ​នៅ​ទី​នោះ​ ហើយ​ក៏​គិត​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​នៅ​ស្រុក​ខ្ញុំ​ហ្នឹង​មាន​អារម្មណ៍​ចាប់​កាន់​ប៉ិច​ សរសេរ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​គិត​។ សរសេរ​ចេញ​ពី​អារម្មណ៍​នូវ​ពាក្យពេចន៍​ដែល​ហាក់​ដូច​ជា​ផុស​ ចេញ​ពី​គំនិត​ដែល​ខ្ញុំ​ចង់​បរិយាយ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ឮ​និង​បាន​ជួប​ប្រទះ​ទាក់​ទង​ទៅ​ នឹង​ជីវភាព​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​អ្នក​នៅ​ទីនោះ​។ ប៉ុន្តែ​មុន​នឹង​ចាប់ផ្ដើម​ខ្ញុំ​សូម​បង្ហាញ​ អំពី​ ស្រុក​របស់​ខ្ញុំ​ គឺ​ស្រុក​សំរោង​ដែល​ឥឡូវ​ប្រែក្លាយ​ទៅ​ជា​ក្រុង​សំរោង​វិញ​។ ក្រុង​សំរោង​គឺ​ជា​ ក្រុង​តែ​មួយ​ របស់​ខេត្ត​ឧត្តរមានជ័យ​ដែល​មាន​ផ្ទៃ​ដី​សរុប ​១,៤២៥​គីឡូម៉ែត្រ​ មាន​ប្រជាពលរដ្ឋ​ ចំនួន​១០,២៩៣​ គ្រួសារ​ស្មើ​នឹង​ ៥១,៣៨២​ នាក់​ក្នុង​នោះ​មាន​ស្រី​ចំនួន​ ២៤,៧៨៣​នាក់​ ។ ក្រុង​សំរោង​មាន​ សង្កាត់​ចំ​នួន​៥​ គឺ​សង្កាត់​បុស្បូវ​ បន្សាយរាក់​ សំរោង​ កូនក្រៀល​ និង​សង្កាត់​អូស្មាច់​ដែល​មាន​ភូមិ​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ​ចំនួន​៤៧​ ភូមិ​និង​ភូមិ​មិន​ទាន់​ មាន​ ប្រកាស​ចំនួន​២៤​ភូមិ​។ ខ្ញុំ​រស់​នៅ​ខេត្ត​ឧត្តរមានជ័យ​ ក្រុង​សំរោង​ សង្កាត់​សំរោង​ ភូមិ​សំរោង​ គិត​ៗ​ទៅ​ខ្ញុំ​ក៏​ជា​អ្នក​ក្រុង​ដែរ​តើ​ បើ​តាម​ស្ដាប់​ទៅ​ហាក់​ដូច​ជា​តំបន់​ ហ្នឹង​មាន​ការ​រីក​ចំរើន​ណាស់​តែ​តាម​ពិត​ទៅ​មាន​ឯណា​ខ្ញុំ​គិត​ថា​ប្រជាជន​ពុំ​ទាន់​មាន​ជីវភាព​ ធូរធារ​នៅ​ឡើយ​ទេ​ គឺ​ នៅ​មាន​ភាព​ខ្សត់​ខ្សោយ​នៅ​ឡើយ​ទេ​។ ប្រជា​ពល​រដ្ឋ​នៅ​ទី​នោះ​ភាគ​ច្រើន​ប្រកប​របរ​ កសិកម្ម​។ ដែល​ប្រជាជន​មួយ​ចំនួន​មាន​ដីស្រែ​ច្រើន​គួរ​សម​ តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក៏​ប្រជាជន​ពុំ​សូវ​ទទួល​បាន​ទិន្នផល​ច្រើន​ដែរ​ពីព្រោះ​ការ​ធ្វើ​ស្រែ​ គឺ​ពឹង​ផ្អែក​ទៅ​លើ​ទឹក​ភ្លៀង​ ដែល​គេ​ហៅ​ថា​ ធ្វើ​ស្រែ​ប្រវាស់​មេឃ​នោះ​ឯង​ ​គឺ​ធ្វើ​តែ​រដូវវស្សា​ព្រោះ​ គ្មាន​ប្រឡាយ​ទឹក​សម្រាប់​ផ្គត់ផ្គង់ គ្មាន​ទំនប់​ទប់​ទឹក​ គ្មាន​អាង​ទប់​ទឹក​នោះ​ទេ​។ និយាយ​រឿង​ដី​នឹក​ឃើញ​កាល​ បួន​ប្រាំ​ឆ្នាំ​មុន​ ដែល​ដី​ឡើង​ថ្លៃ​ធ្វើ​អោយ​អ្នក​មាន​ដី​ សប្បាយ​រីក​រាយ​លក់​ដី​បាន​ប្រាក់​កាស​ ច្រើន​គួរសម​សម្រាប់​ប្រកប​របរ​រក​ស៊ី​ទិញ​សម្ភារៈ​​ ឧបករណ៍​ប្រើប្រាស់​។ ចំណែក​នាក់​លក់​ដូរ​ក៏​លក់​ដាច់​ខ្លាំង​ណាស់​ដែរ​ព្រោះ​ប្រជាជន​សំបូរ​ប្រាក់​កាស​សម្រាប់​ចាយវាយ​។​ ហើយ​ក៏​មាន​មនុស្ស​ម្នា​មួយ​ចំនួន​មាន​លុយ​ច្រើន​សម្រុក​ទិញ​ដី​សម្រាប់​ទុក​លក់​ បាន​ចំណេញ​នៅ​ថ្ងៃ​ខាង​មុខ​ អ្នក​ខ្លះ​ចងការ​ធនាគារ​យក​លុយ​មក​រក​ស៊ី​ដី​(សូម​កុំ​ច្រឡំ​មិន​មែន​ជា​សត្វ​ជន្លេន​ទេ​)​ខ្លះ​ហៅ​ថា​ រក​ស៊ី​គក់​ជេរ​ដី​ដើម្បី​ចំណេញ​កម្រៃ​ជើងសា​។ ខ្លះ​គេ​សម​ប្រកប​ តែ​មួយ​ចំនួន​ធំ​តាម​ខ្ញុំ​ដឹង​មាន​ អញ្ចឹង​ឯណា គឺ​ពេល​ដែល​ទិញ​ដី​បាន​ មិន​ទាន់​ទាំង​បាន​លក់​ផង​ស្រាប់​ តែ​ដី​លក់​លែង​ចេញ​ ធ្វើ​អោយ​អស់​លុយ​ ខ្លះ​ចងការ​គេ​អត់​ទាំង​លុយ​បង់​ការ​ប្រាក់​ក៏​មាន​ដែរ​ (តើ​ទាំង​អស់​នេះ​ បណ្ដាល​មក​ពី​អ្វី​?)​។ ត្រឡប់​មក​អ្នក​លក់​ ដូរ​វិញ​ឥឡូវ​នេះ​ក៏​លក់​មិន​ សូវ​ដាច់​ដូច​កាល​មុន​ក៏​ ពីព្រោះ​ តែ​ប្រជាជន​នៅ​ទី​នោះ​រក​ចំណូល​ បាន​តិចតួច​ និង​ស្រែ​ស្រូវ​មិន​សូវ​កើត​ផង​នោះ​។ មួយ​ចំនួន​ ប្រកប​របរ​កសិកម្ម​កាប់​គាស់​ដាំ​ដំណាំ​ បន្លែ​បន្លុក​ ផ្លែ​ឈើ​ហូប​ផ្លែ​ ចិញ្ចឹម​សត្វ​ ឃើញ​ថា​របរ​នេះ​ គឺ​បាន​ចំណូល​គួរ​សម​តែ​លក្ខណៈ​​ខ្នាត​តូច​ ពុំ​ផ្ដល់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​បាន​គ្រប់​ គ្រាន់​។​ ដូច្នោះ​ហើយ​មួយ​ចំនួន​ធំ​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ថៃ​​ តាម​ច្រក​អូស្មាច់​ និង​ច្រក​ផ្សេង​ ទៀត​ ដូចជា​ នំចំណី​ ឧបករណ៍​ប្រើប្រាស់​ បន្លែ​ផ្លែ​ឈើ​ សាច់​សត្វ​ ត្រី​…..​។​ ហើយ​ក៏​មាន​ ប្រជាជន​មួយ​ចំនួន​ទៀត​ ពេញ​កម្លាំង​ធ្វើ​ការ​ បែរ​ជា​ធ្វើ​ការ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ឆ្លង​ដែន​ដែល​ ប្រឈម​នឹង​គ្រោះ​ថ្នាក់​។​ តែ​ក៏​នៅ​មាន​មួយ​ចំនួន​តូច​នៅ​ខាង​ ភូមិ​ឈូក​ខ្នារ​មាន​ ប្រកប​របរ​ត្បាញ​ក្រមា​ ចិញ្ចឹម​នាង​ដើម្បី​យក​សរសៃ​សូត្រ​សម្រាប់​ត្បាញ​ ហូល​ផាមួង​ តែ​សូម​ បញ្ជាក់​ថា​មាន​តិច​តួច​តែ​ប៉ុណ្ណោះ​។ មួយ​ចំនួន​ទៀត​នោះ​ជា ​អ្នក​ធ្វើ​ការ​មន្ត្រី​រាជការ​ តាម​ស្ថាប័ន​រដ្ឋ​​ ហើយ​ក៏​មាន​អង្គការ​មួយ​ចំនួន​តូច​ ហើយ​អ្នក​ធ្វើ​ការ​ តាម​ស្ថាប័ន​ទាំង​នោះ​ភាគ​ច្រើន​ ជា​អ្នក​មក​ពី​ខេត្ត​ផ្សេង​ៗ​ពុំ​សូវ​មាន​អ្នក​ក្នុង​ស្រុក​ផ្ទាល់​នោះ​ទេ​។ ទាំង​នេះ​ គឺ​ជា​មុខ​របរ​ដែល​ខ្ញុំ​ រៀបរាប់​ ហើយ​នូវ​មាន​របរ​ ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​បាន​លើក​ មក​និយាយ​អស់​ ហើយ​ការងារ​ទាំងនោះ​មាន​ទាំង​ការងារ​សុចរិត​ និង​ទុច្ចរិត​។ តែ​ខ្ញុំ​សូម​លើ ក​យក​មក​បង្ហាញ​បន្តិច​ទៀត​ ទៅ​លើ​មុខរបរ​ទាំង​ប៉ុន្មាន​ដែល​បាន​រៀបរាប់​ខាង​លើ​។​ មាន​អ្នក​ ខ្លះ​ មាន​រោង​ម៉ាស៊ីន​កិនស្រូវ​ ម៉ាស៊ីន​ផលិត​ទឹកកក​ ឡឥដ្ឋ​ រោង​ម៉ាស៊ីន​អា​ឈើ​ ដែល​ពួក​គាត់​ គឺ​ធូរធារ​។ អ្នក​ខ្លះ​រក​ អុស​ រក​ឈើ​មក​ដុត​ធ្វើ​ធ្យូង​ សម្រាប់​លក់។ ហើយ​ក៏​មាន​ផង​ដែរ​ដោយ​ ជីវភាព​លំបាក​រក​របរ​ បរបាញ់​សត្វ​ កាប់​ឈើ​ ទោះ​ដឹង​ថា​ខុស​ច្បាប់​រក​ឈើ​ក្រាក់​ សម្រាប់​សង់​របង​​ឬ​សសរ​ក្រាក់​។​ តែ​ឈ្មួញ​មួយ​ចំនួន​ជួញ​ដូរ​រកស៊ី​​ឈើ​ខ្នាត​ធំ​ កាប់​បំផ្លាញ​គិត​តែ​ផល​ ប្រយោជន៍​របស់​ខ្លួន​ ហើយ​ជន​ទាំង​នេះ​រាជរដ្ឋាភិបាល​ត្រូវ​តែ​លប់​បំបាត់​អោយ​អស់​។​ អាស្រ័យ​ ដូច​បាន​ សរសេរ​ខាង​ លើ​ធ្វើ​អោយ​ខ្ញុំ​យល់​ថា​ ប្រជាជន​នៅ​ទី​នោះ​ពុំ​ទាន់​មាន​ជីវភាព​ធូរធារ​នូវ​ឡើយ​ ហើយ​មុខ​របរ​ ទាំង​អស់​នេះ​ ទាំង​សុចរិត​ និង​ទុច្ចរិត​ ក៏​ មិន​មែន​មាន​តែ​ស្រុក​ខ្ញុំ​ នោះ​ដែរ​៕