Tuesday, January 4, 2011

ផ្សារសំរោង

ផ្សារ​សំរោង​
 និពន្ធដោយ នី វណ្ណដា

ផ្សារ​សំរោង​មាន​ទីតាំង​ស្ថិត​នៅ​ ភូមិសំរោង សង្កាត់សំរោង​ ក្រុងសំរោង ខេត្ត​ឧត្តរមានជ័យ​។ ផ្សារ​នេះ​បាន​កសាង​ឡើង​មុន​ ឆ្នាំ​១៩៨០ ដែល​កាល​នោះ​មាន​តូប​លក់​ ប្រមាណ​តែ​ ១០ ទៅ ២០ តូប​ប៉ុណ្ណោះ​ ហើយ​ក៏​ពុំ​មាន​ផលិតផល​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​ អ្នក​ស្រុក​តំបន់​នោះ​ដែរ​ ព្រោះ​កាល​នោះ​ តំបន់​នេះ​ជា​តំបន់​សង្គ្រាម​។ នៅ​ឆ្នាំ​១៩៨៨ ផ្សារ សំរោង​ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​អស់​គ្មាន​សល់​ដែល​ធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​អាជីវករ​ និង​អ្នក​នៅ​ជុំវិញ​ផ្សារ​ ដោយ​អគ្គីភ័យ​បាន​លេប​ត្របាក់​ទ្រព្យ​សម្បត្តិ​អស់​គ្មាន​សល់​។ បន្ទាប់​ពី​អគ្គីភ័យ​បាន​ឆាប​ឆេះ​ ផ្សារ​នេះ​មិន​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​ដោយ​ក្រុមហ៊ុន​ អាជ្ញាធរ​ ណា​មួយ​ឡើយ ប៉ុន្តែ​មាន​គណៈ​កម្មការ​មួយ​ ដែល​បាន​រៀបចំ​ បែងចែក​ដី​ ហើយ​អាជីវករ​ត្រូវ​ បង់​លុយ​ថ្លៃ​ដីនឹង​ធ្វើ​តូប​លក់​ដូរ​ដោយ​ខ្លួន​ឯង​។ ផ្សារ​សំរោង​កាន់​តែ​មាន​តូប​ច្រើន​ឡើង​ៗ រហូត ដល់​ឆ្នាំ​២០០២ ផ្សារ​នេះ​ត្រូវ​បាន​រុះ​រើ​ដើម្បី​សាងសង់​ជា​ថ្មី​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​ របស់​អាជីវករ​នៅ​ក្នុង​ផ្សារ​សំរោង។ នៅឆ្នាំ​ ២០០៣ ផ្សារ​នេះ​ត្រូវ​បាន​កសាង​រួចរាល់​ជា​ស្ថាពរ​ ហើយ​បើក​ឲ្យ​មាន​ការ​លក់​ដូរ​ជា​ធម្មតា​វិញ​ ដែល​មាន​តូប​ប្រមាណ​ជាង​ ២៥០ តូប ដែល​មាន​ លក់​ទំនិញ​ស្ទើរ​គ្រប់ ប្រភេទ ប៉ុន្តែ​ជាង​ពាក់កណ្ដាល​នៃ​អាជីវករ​ជា​អ្នក​លក់​ខោអាវ​ និង​ឥវ៉ាន់​ចាប់​ ហួយ​។ ចំពោះ​អាជីវករ​ដែល​លក់​ចាប់ហួយ​ ពួក​គាត់​មាន​លក្ខណៈ ពិសេស​ម្យ៉ាង​ដែល​គួរ​ឲ្យ​ កត់​សំគាល់​ គឺ​ពួក​គាត់​លក់​ទំនិញ​គ្រប់ ប្រភេទ​ទៅ​តាម​រដូវ កាល​ដូចជា មង សំណាញ់ កាំបិទ ពូថៅ គ្រាប់ ពូជ​ដំណាំ​ គ្រឿងទេស និង សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ទៀត។ ត្រង់ចំនុច នេះ ស​បញ្ជាក់​​ឲ្យ​ឃើញ​ពី​គំនិត​នៃ​ការ​ធ្វើ​អាជីវកម្ម​របស់​ពួកគាត់​ ដែល​ចេះ​ស្វែង​រក​ទំនិញ​ដើម្បី​ ផ្គត់ផ្គង់​ដល់​អតិថិជន​ ព្រោះ​នៅ​ទីនោះ​មាន​អតិថិជន​មិន​ជាច្រើន​ណាស់​ណា​នោះ​ទេ​ ហើយ ពួកគេ​ភាគ​ច្រើន​ជា​កសិករ​ ប្រកប​របរ​កសិកម្ម​។ ដូច្នេះ​អាជីវករ​ ពឹងផ្អែក​ទាំងស្រុង​ទៅលើ កសិករ​ បើ​កសិករ​បង្កបង្កើន​ផល​បាន​ទិន្នផល​ខ្ពស់នោះ​អាជីវករ​ក៏​អាច​លក់​ផលិតផល​របស់​ ខ្លួន​បាន​ច្រើន​ទៅ​តាម​នោះ​ដែរ​។ ចំពោះ​ទំនិញ​ដែល​នាំ​យក​មក​លក់​ក្នុង​ផ្សារ​ នេះ​ភាគច្រើន​នាំ​ យក​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ ដែល​ជា​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ថៃ ចំណែក​ផលិតផល មួយ​ចំនួន​ទៀត​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ ដែល​ស្ថិត​នៅ​ក្នុង​ ខេត្ត​ឧត្តរមានជ័យ​តែម្ដង​។ ដោយ​ឡែក​ចំពោះ​ខោអាវ​ភាគច្រើន​ គឺ​នាំ​យក​មក​ពី​រាជធានី​ភ្នំពេញ​ ដែល​ជា​ ផលិតផល​ក្នុងស្រុក​ និង ជា​ផលិតផល​របស់​ប្រទេស​វៀតណាម​។ អាជីវករ​អាច​ លក់​ផលិតផល​របស់​ខ្លួន​បាន​ប្រមាណ​ជា​មធ្យម​ ២០​ម៉ឺន រៀល​ក្នុងមួយថ្ងៃ៕