ស្រណោះខ្លួនខ្មៅ គេដៀលថាខ្លៅ
ខ្មៅហើយអាក្រក់ រូបរាងសម្បត្តិ
មុខមាត់កខ្វក់ ចរិយាខ្មៅល្អក់
គេរិះគេគន់។
ស្រណោះខ្លួនណាស់ គោរពពាក្យចាស់
មិនដែលទម្រន់ ធ្វើការល្ងាចព្រឹក
នឹកគេគយគន់ តែគេថាធ្ងន់
ធ្ងន់លើកមិនខ្ពស់។
ស្រណោះសម្ដី លើកស្មើធិបតី
ស្រីសួគ៌ល្បីឈ្មោះ មិនហ៊ានបំពាន
ទានទេរងគ្រោះ យើងប្រៀបដូចងោះ
លោះចោលមិនស្ដាយ។
ស្រណោះចំនី តិះគ្មានប្រណី
ស្ដីថារាងកាយ ហូបមិនចេះគិត
ល្ងង់ល្ងិតអន្ដរាយ ហូបនេះខាតខ្ចាយ
ហូបសំណល់សោះ។
ស្រណោះវិជ្ជា ខ្លួនគេអ្នកជា
វិជ្ជាឡើយខ្សោះ បាំងរូបបាំងកាយ
ក្លែងក្លាយខ្លួនស្មោះ អ្នកល្ងង់ទាំងអស់
ស្មោះជឿឥតថ្លែង។
ស្រណោះខ្លួនក្រ រស់ទាំងត្រដរ
បម្រើគេឯង ធ្វើកញ្ជាស់គេ
គេជេរឥតក្រែង ល្ងង់ប្រឹងសម្ដែង
ក្រែងចិត្តគុណបាយ។
ស្រណោះគេប្រើ អត់ខ្វល់យើងដើរ
ឈឺស្រួលសប្បាយ សំខាន់ត្រូវការ
ឯងដួលមិនស្ដាយ ការងាររាត់រាយ
គងថ្ងាសប្រហើរ។
ស្រណោះខ្លួនទាប ចំណេះគ្មានប្រៀប
ទាបគ្មានជើងដើរ ត្រឹមពួនសំកុក
ត្រុកៗបម្រើ គ្មានសិទ្ធិអួតអើរ
ជាក្លើជាម្រ័ក្ស។
ស្រណោះកិច្ចការ ធ្ងន់ស្រាលប៉ុនណា
ស៊ូមិនទម្លាក់ ធ្វើចប់ហើយការ
បញ្ហាជ្រៅរាក់ រួសរាយរាក់ទាក់
ធ្វើដោយចិត្តចង់។
ស្រណោះវេលា មនុស្សផងរាល់គ្នា
ស្ទុះស្ទារចំណង់ ចង់អីបាននោះ
គេពុសគេស្រង់ ចែកគ្នាផូរផង់
ប្អូនបងរាប់សុខ។
ស្រណោះខ្លួនឯង បានត្រឹមសម្ញែង
សម្ដែងស្ដមស្ដុក គិតឯងធ្វើឯង
ត្រឹមនៅសំកុក រាប់ថាបានសុខ
នឹងគេទៅចុះ។
ស្រណោះថ្ងៃមុខ សូមអោយផុតទុក្ខ
ផុតសោកឲ្យអស់ សូមមនុស្សសុខសាន្ដ
បាបគុណត្រើយកោះ បៀតបៀនឲ្យខ្សោះ
រក្សាសិទ្ធគ្នា៕
ណិម សាលី(Managemeant)
E-mail:nemsaly1095@gmail.com
|