Wednesday, December 16, 2015

អបអរ​សាទរ​ លោក ខូ តារាឫទ្ធិ ​​បាន​​ជាប់​ពាន​រង្វាន់​​ធំ​ប្រចាំ​​តំបន់​​អាស៊ី​អាគ្នេយ៍​នៅ​​ប្រទេស​ថៃ


យើង​​ខ្ញុំ​​ជា​​និស្សិត​ខេត្ត​​ឧត្តរមានជ័យ សូម​​ចូល​រួម​​អបអរ​សាទរ​ លោក ខូ តារាឫទ្ធិ ជា​​ស្ថានិក​ និង​​ជា​​សមាជិក​ក្រុម​​ប្រឹក្សា​​ភិបាល​នៃ​​​សមាគម​និស្សិត​ឧត្តរមានជ័យ​ដែល​​បាន​​ជាប់​ពាន​រង្វាន់​​ធំ​ប្រចាំ​​តំបន់​​អាស៊ី​អាគ្នេយ៍​នៅ​​ប្រទេស​ថៃ ហើយ​​លោក​​ជា​អ្នក​​និពន្ធ​ និង​​ជាសមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគម ប៊ិច កម្ពុជា ផងដែរ​​។​
កាល​​ពី​ថ្ងៃ​ច័ន្ទ​ ទី​ ១៤ ខែ​ធ្នូ ឆ្នាំ ២០១៥ លោកត្រូវ​បាន​គណកម្មការ​ពាន​រង្វាន់​តំបន់​អាស៊ី​អាគ្នេយ៍​ជ្រើសរើស​ផ្តល់រង្វាន់​ប្រចាំ​តំបន់​សម្រាប់​ឆ្នាំ២០១៥ ចំពោះ​វណ្ណកម្ម​របស់​លោក​ដែលសំបូរ​ទៅដោយ​រឿង​ប្រលោម​លោក​ខ្លី និង កំណាព្យ ហើយ​នឹង​កិច្ចការ​របស់​លោក​ក្នុង​ការដឹកនាំ​លើក​កំពស់​វិស័យ​អក្សរសាស្ត្រ​/អក្សរសិល្ប៍​នៅ​កម្ពុជា​តាំង​ពីចុង​ទសវត្ស​ឆ្នាំ១៩៩០​មក។ ស្នាដៃ​ចុង​ក្រោយ​មួយ​របស់​លោក​ដែល​គេ​ជ្រើស​រើស មក​បក​ប្រែទៅ​ជា​ភាសា​អ​ង់គ្លេស និង​យក​ធ្វើ​ជា​វណ្ណកម្ម​ផ្តល់​រង្វាន់​គឺ​ជារឿង​ខ្លី​មួយ​មាន​ចំណង​ជើងថា​“អាម៉ាស់”​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​ពុករលួយ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ ក្នុងនោះ​លោក​បាន​បញ្ចប់​សេចក្តី​រឿង​ថា “….មនុស្សខ្មែរ មន្ត្រីខ្មែរម្នាក់ៗ​សុទ្ធ​តែ​មាន​ហេតុផល​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។ នោះជា​ផ្លូវ​ដែល​ពួកគេ​ជ្រើសរើស​សម្រាប់​ដើរ។ សង្ឃឹមថា ជនជាតិខ្មែរ ពិសេសយុវជន​ខ្មែរ​ដែល​បាន​អាន​សៀវភៅ​នេះ នឹង​ជ្រើស​រើស​ផ្លូវ​ថ្មីមួយ​សម្រាប់​ដើរបើ​គិត​ថា​វា​ចាំបាច់”។ នេះ​ជា​យុគ្គសម័យមាស​របស់ សមាគម ប៊ិច កម្ពុជា ដែល​មានបេ​ក្ខជន​របស់​ខ្លួន​បី​រូបបានជាប់ពាន​រង្វាន់​ប្រចាំតំបន់​អាស៊ី​អាគ្នេយ៍​ប្រចាំ២០១៤ និង ២០១៥។
សព្វថ្ងៃ​នេះ​​និស្សិត​ឧត្តរមានជ័យ ដែល​​កំពុង​​ស្នាក់​​នៅ​​ក្នុង​​អន្តេវាសិកដ្ឋាន​​របស់​​សមាគម​និស្សិត​​ឧត្តរមានជ័យ​ក៏​​កំពុង​​បន្តការ​​សរសេរ​​កំណាព្យ​ និង​អត្ថបទ​ផ្សេងៗ​​ដែរ​ សង្ឃឹម​​ថា​និស្សិត​ឧត្តរមានជ័យ​​ជំនាន់​​ក្រោយ​​លោក នឹង​​ទទួល​​បាន​​ពាន​រង្វាន់​​នេះ​​ផង​​ដែរ​​ទៅ​​ថ្ងៃ​​អនាគត​៕៚