Wednesday, March 25, 2015

អ្នកម្ដាយថ្លៃ




គួរឱ្យអាណិតអ្នកម្ដាយថ្លៃ
ដែលខំលកលៃចិញ្ចឹមកូន
អ្នកម្ដាយប្រៀបបានដូចជាក្បូន  
ចម្លងបុត្រស្នួនឱ្យដល់ត្រើយ។
លោកជាអ្នកមានក្ដីមេត្តា 
មានក្ដីស្នេហាឥតរាថយ
ចំពោះរូបកូនឥតបណ្ដោយ
ប្រដៅត្រាណត្រើយមានសីលធម៌។
អ្នកម្ដាយផ្គត់ផ្គង់កូនគ្រប់យ៉ាង   
ទោះលំបាកប្រាណក៏មិនធ្ងរ
ធ្វើការពុះពារឥតមានប្ដូរ  
រូបគាត់តស៊ូឱ្យកូនរស់។
រូបអ្នកម្ដាយមានក្ដីលំបាក
គ្មានពេលសម្រាកគ្រាពពោះ
ម្ហូបមិនល្អតមមិនចន្លោះ  
ឱ្យតែកូនរស់បានឃើញថ្ងៃ។
នៅពេលកើតមកលំបាកណាស់
អ្នកម្ដាយមិនផ្លាស់ឥតសំចៃ
រូបអ្នកខំរកចិញ្ចឹមថ្លើមថ្លៃ 
ទោះនឿយហត់ក្ដីឥតរារេ។
ធ្វើម្ដេចម្ដាយក្រខ្វះធនធាន
ឱ្យកូនមាសស្នួនឥតរុញរា
ឱ្យកូនបានហូបឆ្អែតមួយគ្រា     
ធ្វើម្ដេចស្នួនភ្ងាមិនដឹងក្ដី។
អ្នកម្ដាយជាអ្នកមានគុណធ្ងន់    
គឺជាទម្ងន់ដ៏ប្រពៃ
សម្រាប់កូនៗទាំងប្រុសស្រី      
ជាគុណថ្លៃគ្មានអ្វីប្រៀបទេ។
អ្នកប្រៀបបានជាធនាគា 
អាចបើកគ្រប់គ្រាតាមមាសមេ
ទោះម្ដាយគ្មានប្រាក់មួយសេនទេ
ក៏គាត់ខ្ចីគេឱ្យកូនបាន។
សុខចិត្តធ្វើជាកញ្ជះគេ    
ឱ្យកូនមាសមេកូនស្រួលប្រាណ
ផ្គត់ផ្គងឱ្យកូនស្នួនបានរៀន      
ក៏អ្នកម្ដាយគ្មានគិតគុណស្រ័យ។
អ្នកម្ដាយមានគុណប៉ុណ្ណឹងហើយ
ចុះម្ដេចត្រាណត្រើយគិតបំភ្លៃ
គិតថាខ្លួនឯងគ្មានបានអ្វី  
ពីអ្នកម្ដាយថ្លៃនោះសោះឡើយ។
ចូរកូនៗទាំងប្រុសស្រី    
សូមគិតលកលៃទុកឱ្យហើយ
ធ្វើគុណចំពោះអ្នកម្ដាយអើយ   
មិនបាចច្រើនឡើយឱ្យតែល្អ៕
ចិន ភ្នី​(គី មីវិទ្យា)
E-mail: chinphny@gmail.com