Saturday, December 13, 2014

ជីវិតនិស្សិត




ឈ្មោះជានិស្សិត                    នេះជារឿងពិត     
មិនមែនស្រម៉ៃ                      ឈ្លាតរៀនពេលយប់      
ធ្វើការពេលថ្ងៃ                      ដើម្បីកម្រៃ
ផ្គត់ផ្គង់សិក្សា។
ពេលព្រឺកព្រលឹម                   គេតែងញញឹម     
ទឹកមុខស្រស់ថ្លា                    ខុសប្លែកតែខ្ញុំ       
ខុសឆ្ងាយម្លេះណា                  គេទៅសិក្សា
ឯងធ្វើសំណង់។
ធ្វើជាកម្មករ                         ខំទាំងត្រដរ 
ចិត្តមិនអែអង់                       ក៏ព្រោះខ្លួនអត់     
ប្រឹងធ្វើសំណង់                     ដឹងហត់ក៏ចង់
ឲ្យតែបានប្រាក់។
ធ្វើកម្មករគេ                          គេស្ដីគេជេរ 
ចិត្តមិនអួលអាក់                     ឮគិតតូចចិត្ត
ទ្រាំងធ្វើថ្លង់ខ្វាក់                     ដើម្បីជាធ្នាក់
ផ្លូវទៅអនា-
ពេលឃើញមិត្តភក្តិ                 ទឹកមុខប្រែធ្លាក់    
តូចចិត្តម្លេះណា                     គេជួបជុំគ្នា  
សប្បាយខ្ញៀវខ្ញា                    ក្រៅពីសិក្សា
គេលំហែរកាយ។
ពេលគេគ្រប់គ្រាន់                  រៀនចូលចាប់ទាន់ 
ចិត្តក៏សប្បាយ                      ចំណែករូបខ្ញុំ
អារម្មណ៍ខ្វល់ខ្វាយ                 ហត់ទាំងចិត្តកាយ
រៀនក៏ពុំចេះ។
ញើសជោគពេញប្រាណ          មានក្លិនរំខាន       
ជាប់ក្លិនឆ្អាបឆ្អេះ                   គ្មានអ្នកចង់ក្បែរ   
ហេតុអ្វីដូចច្នេះ?                   ម្ដេចក៏ជាតិនេះ
លោកឥតប្រណី។
ថ្ងៃនេះលំបាក                      ជីវិតតោកយាក    
ថ្ងៃអាប់រស្មី                          សង្ឃឹមថ្ងៃស្អែក    
គឺជាថ្ងៃថ្មី                            ដែលមានរស្មី
បំភ្លឺរូបខ្ញុំ៕
សែម ហឹម
E-mail: heomsem@gmail.com