ស្រាមានច្រើនយ៉ាង ផឹកជ្រុលមិនស្វាង
ស្រាអស់លុយខែ ស្រាជួបជុំគ្នា
ស្រាបៀរទំពែ ស្រាសកេរ្តិ៍ខ្មែរ
ផឹកចូលឆ្នាំថ្មី។
ស្រាផឹកសប្បាយ ផឹករកមេម៉ាយ
ស្រវឹងដេកដី ស្រាថ្នាំចង់ជួប
ផឹកក្លែមចិត្តស្រី ផឹកពេញមួយថ្ងៃ
នឹកស្រីអ្នកលក់។
ផឹកស្រាកម្លាំង ស្រវឹងស្រែកខ្លាំង
សង្ហានិងជក់ ស្រានេះស្រាឆ្គួត
មិនដែលនាំសុខ នាំរឿងកើតទុក្ខ
ដល់ក្រុមគ្រួសារ។
គ្រួសារលំបាក ហឹង្សាមិនស្រាក
រស់នៅយ៉ាងណា ពុកម្តាយបែកគ្នា
កូនឃ្លាតសាលា មិនបានសិក្សា
វិជ្ជាក៏គ្មាន។
ផឹកស្រាកម្មករ ធ្វើការបានល្អ
ធ្វើអោយអ្នកមាន ប្រាក់ខែមិនសល់
ស៊ីអត់ស៊ីឃ្លាន ខ្លះផឹកដល់ញៀន
បានបែកគំនិត។
ចង់ធ្វើបងធំ បង្កើតជាក្រុម
នាំគ្នាប្រព្រឹត្ត អំពើថោកទាប
លាក់បាំងមិនជិត ប៉ូលិសតាមស្អិត
ទាញដៃចូលគុក។
ស្រាខ្លះក្មេងស្ទៀវ កំពុងឈាមរាវ
មិនគិតក្រោយមុខ អួតខ្លួនសង្ហារ
ផឹកស្អុយគគ្រុក សង្ហារក្នុងស្រុក
រាំតាមធុងបាស។
អំណាចស្រវឹង ប្រដៅឆាប់ខឹង
សម្តីច្រឡាស អាងបានផឹកស្រា
ញ៉ែស្រីមិនខ្មាស ធ្វើខុសផ្តេសផ្តាស
ស្រែករកព្រះជួយ៕
ប៉ាវ ចន្ទ្រា (គីមីវិទ្យា)
chantreapav@gmail.com |