នេះជាកាព្យថ្មី
ប្រាប់អស់ប្រុសស្រី
លើដីខេមរា
ពីរឿងសាបសូន្យ
សត្វព្រៃព្រឹក្សា
គ្រប់សត្វមច្ឆា
ឆ្លេឆ្លារភ័យខ្លាច។
មានខ្លះព្រាត់កូន
ខ្លះទៀតសាបសូន្យ
រសាត់បាចសាច
ព្រោះតែក្រុមមនុស្ស
សាហាវកំណាច
ប្រើចិត្តកោងកាច
បំផ្លាញជីវិត។
ដុតកាប់ឆ្ការព្រៃ
នេសាទរាល់ថ្ងៃ
ទាំងនៅឆ្ងាយជិត
បូមឆក់បរបាញ់
ទាំងភ្លឺងងឹត
ធ្វើឲ្យជីវិត
មានតែសៅហ្មង។
គ្រប់សត្វមច្ឆា
ហិចហែលឆ្លេឆ្លារ
រុករកប្អូនបង
ពីការព្រាត់ប្រាស់
ដោយការប៉ុនប៉ង
លាយការភ័យផង
មនុស្សប៉ងសម្លាប់។
មានទាំងមូងអួន
បូមឆក់ផ្ទួនៗ
រុតបង់ដេញចាប់
ខ្លះក៏គេចផុត
ខ្លះទៀតក៏ស្លាប់
ឯខ្លះទៀតប្រាប់
ផ្ដាំអស់ញាតិផៅ។
រីឯសត្វព្រៃ
លើគោកនោះនៃ
ក៏ព្រាត់កូនចៅ
ពេលថ្ងៃដេកពួន
ពេលយប់ចេញក្រៅ
រស់ទាំងសោកសៅ
ងងឹតក្នុងព្រៃ។
រស់ទាំងឈឺចាប់
ត្រដរស្ទើស្លាប់
ខ្លោចផ្សារពេកក្រៃ
បារម្ភគ្រប់សព្វ
ព្រោះខ្លាចព្រានព្រៃ
ប្រហារក្សិណក្ស័យ
ប្រល័យសង្ខា។
ស្រុកយើងពីមុន
សម្បូរទ្រព្យធន
មានគ្រប់ប្រការ
មិនថាក្រោមដី
លើផែនពសុធា
មានគ្រប់អង្គា
ក្នុងទឹកផងដែរ។
ឥឡូវអស់បាត់
រសាយរសាត់
សាបសូន្យហូហែ
ព្រៃឈើគ្មានសល់
សត្វព្រៃផងដែរ
មច្ឆាក៏ក្បែរ
តែនិងរសាយ។
ដូច្នេះខ្ញុំសុំ
ជនរួមជាតិកុំ
អំពើទាំងឡាយ
ទាំងសម្លាប់សត្វ
កាប់គស់កកាយ
ត្រូវស្រឡាញ់ស្ដាយ
រក្សាការពារ ៕
ស្ងាម ក្រឹម