ដកស្រង់ពីគេហទំព័វិទ្យុអាស៊ីសេរី
ដោយ សុ ជីវី
2012-12-20
ទិន្នផលស្រូវក្នុងខេត្តឧត្តរមានជ័យ ក្នុងឆ្នាំ២០១២ ថយចុះបើប្រៀបធៀបនឹងផលស្រូវដែលទទួលបានក្នុងឆ្នាំ២០១១។អនុប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ លោក យឿង ប៊ុនថា មានប្រសាសន៍ថា កសិករនៅទូទាំងខេត្តបានប្រមូលផលស្រូវជិតរួចរាល់ហើយ គិតមកដល់ពាក់កណ្ដាលខែធ្នូនេះ។ តាមការប៉ាន់ប្រមាណ គឺផលស្រូវឆ្នាំនេះបានថយចុះ។ ទិន្នផលស្រូវបានថយចុះពី ២,៥តោនក្នុងឆ្នាំ២០១១ មកត្រឹម ២,២តោនក្នុងមួយហិកតារ។ លោក យឿង ប៊ុនថា បន្តថា គ្រោះរាំងស្ងួតបានធ្វើអោយខូចខាតផលស្រូវនៅទូទាំងខេត្តចំនួន១៣% នៃផលស្រូវសរុប។ ទោះជាមានការថយចុះ ក៏ផលស្រូវក្នុងស្រុកសរុប គឺលើសពីតម្រូវការដែលអាចសល់ស្រូវអង្ករសម្រាប់នាំចេញ។
លោក យឿង ប៊ុនថា អំពាវនាវអោយកសិករក្នុងខេត្ត ពិសេសអ្នកដែលបានផលស្រូវតិច ត្រូវចាប់ផ្ដើមដាំដំណាំរួមផ្សំ ដើម្បីផ្គត់ផ្គង់ជីវភាព៖ «គឺសូមរដូវប្រាំងនេះ ក្រោយយើងប្រមូលផលស្រូវវស្សាហើយ យើងអាចធ្វើការដាំដុះបន្តទៀត។ យើងអាចធ្វើជាស្រែប្រាំងក៏បាន តែបើយើងខ្លាចប្រភពទឹកមិនគ្រប់គ្រាន់ យើងអាចដាំជាបន្លែជាពោត ជាត្រឡាចអីជំនួសវិញ ដើម្បីយកអានោះទៅលក់ យើងអាចទិញជាស្បៀងជំនួសវិញប្រសិនបើយើងខ្វះខាត»។
ផលស្រូវសរុបសម្រាប់ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០១២ នេះគឺមានចំនួន ១៥០.៦២០តោនស្រូវនៅលើផ្ទៃដីសរុបចំនួន ៦៥.៦៩០ហិកតារ និងមានផ្ទៃដីដែលខូចខាតដោយសារគ្រោះរាំងស្ងួតចំនួន៣០០ហិកតារ។ ក្រៅពីផ្គត់ផ្គង់ជីវភាពរស់នៅ និងទុកពូជ ខេត្តឧត្តរមានជ័យ អាចសល់អង្ករប្រមាណ៥ពាន់តោន៕