Monday, October 15, 2012

ដំណាំស្រូវអ្នកឧត្តរមានជ័យ

នៅក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ប្រជាជន​​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ​តែ​មួយ​រដូវ​តែ​ប៉ុណ្ណោះ ​គឺ​រដូវ​វស្សា​ កាលណា​រដូវ​នេះ​ចូល​មក​ដល់​នា​ខែ​៥​(ឧសភា)​ខ្យល់​បក់​មក​ពី​ទិស​និរតី​ឆ្ពោះ​ទៅឧត្តរ​នោះ​ ពួក​គេ​បញ្ជាក់​ថា​រដូវ​ប្រកប​កសិកម្ម​ចូល​មក​ដល់​ ប្រជា​ជន​ទាំង​ប្រុស​ទាំង​ស្រី​នាំ​គ្នា​រៀប​ចំ​ប្រដាប់​ប្រដា​មួយ​ចំនួន​ដែល​ទាក់​ទង​និង​​​ការ​ប្រកប​កសិកម្ម​នេះ​ មិន​ថាពី​ជំនាន់​មុន​ ក៏​ដូច​សម័យ​បច្ចុប្បន្ន​ មុន​និង​ប្រកប​របរ​កសិកម្ម​ មុន​និង​ចុះ​ភ្ជួរ​ គេ​ត្រូវ​នាំគ្មា​យក​ថ្ងៃ​ស្រែ​ដោយ​ជ្រើស​រើស​យក​មនុស្ស​ណា​ដែល​មាន​ឆ្នាំ​ជា​សត្វ​មិន​ចេះ​ស៊ី​ស្រូវ​ ព្រោះ​គេ​មាន​ជំនឿ​ ខ្លាច​នាង​គង្ហីង​មិន​ឲ្យ​ស្រូវ​កើត​ល្អ ​ហើយ​ត្រូវ​រក​ថ្ងៃ​ណា​ដែល​ល្អ​ទើប​ធ្វើ​បាន​ ការ​ធ្វើស្រែមា​ន​ដំនាក់​កាល​ច្រើន​ណាស់​ទំរាំ​តែ​ទទួល​បាន​ជា​ស្រូវ​មក​នេះ។
មុន​ដំបូង​គេត្រូវ​ភ្ជួរ​ប្រាស់​ដី​ចោល​អោយ​ស្មៅ​ងាប់​មួយ​សារ​សិន​ ហើយ​គេ​​ត្រូវ​វិភាគ​លើ​ដី​ តើ​ដី​ណា​ដាក់​ស្រូវ​ប្រភេទ​អ្វី​ទើប​វាត្រូវ​នឹង​ប្រភេទ​ស្រូវ​ ដី​នោះ​ខ្ពស់​រឺទាប​ គេ​មើល​ទៀត​ថា​ដី​មួយ​ហិតាតើ​ត្រូវ​ដាក់​ជី​ប៉ុន្មាន​? ទើប​ទទួល​បាន​ផល​ជា​ទី​គាប់​ចិត្ត​ តើ​មួយ​រដូវ​គេ​ប្រើ​ជា​ប៉ុន្មាន​ការុង​ ប្រើ​ម៉ា​ស៊ូត​ប៉ុន្មាន​ទើប​ភ្ជួរ​មួយ​រដូវ​រួច​ តើ​ប្រើ​ដើម​ទុន​ប៉ុន្មាន​ទើប​ទទួល​បាន​ចំណេញ​ តើ​ប្រើ​ស្រូវ​ពូជ​ប៉ុន្មានបាវ​ក្នុង​មួយហិ​​តា​ ក្រោយ​ពីគេ​បាន​រៀប​ចំរួច​ហើយ​ គេ​ចាប់​ផ្ដើម​ភ្ជួរ​ម្ដង​ទៀត​ ហើយ​ចាប់​ផ្ដើម​ព្រោះ​ស្រូវ​ទៅតាម​ប្រភេទ​ស្រូវ​ដែរគេ​បាន​កំនត់​ អ្នក​ខ្លះចាប់​ផ្ដើម​សាប​ តែ​សូម​បញ្ជាក់​បន្ថែម​បន្តិច​ត្រង់​កន្លែង​មួយ​ទៀត​ សំរាប់អ្នក​ឧត្ដរ​គេធ្វើ​ស្រែ​មួយ​រដូវ​​សាប​ព្រោះ​មាន​៣​ដំណាក់​កាល​ ស្រូវ​ធ្ងន់​ត្រូវ​គេ​ព្រោះ​មុន​គេ​បង្អស់​ ព្រោះស្រូ​វ​ធ្ងន់​គេធ្វើ​កន្លែង​ណា​ទំនាប​ទឹក​លិច​ខ្លាំង​ បើ​ទុក​យូរ​វាលិច​អស់​ព្រោះមិន​កើត​ បន្ទាប់​មក​គឺ​ស្រូវ​ស្រាល​ដែ​ល​ប្រជាជន​ហៅ​ថា​ស្រូវ​កណ្ដាល​ ព្រោះ​នៅ​តាម​តំបន់​ខ្ពស់​ៗអោយ​ស្រប​ទៅ​តាម​រដូវ​ច្រូត​កាត់​ផង​ បើ​ដាក់​នៅកន្លែង​ទឹក​លិច​ខ្លាំង​ យើង​ពិបាក​ច្រូត​ព្រោះវា​ទុំ​នៅ​ក្នុង​ទឹក​ បន្ទាប់​មក​ព្រោះស្រូវ​បី​ខែ​ កា​រធ្វើ​ស្រែគេ​កំនត់​ពេល​ច្បាស់​លាស់​ ការ​ព្រោះ​ស្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​អោយ​រួចក្នុង​ខែ​មិថុនា​ទៅ​ដល់​ពាក់​កណ្ដាល​ខែ​កក្កដា​ ព្រោះបើហួស​ខែ​នេះ​វា​និង​ធ្វើ​អោយ​ស្រូវ​ដុះមិន​ល្អ(ដើម​ពណ៌​ប្រផេះ​តូច​ល្អិត​) ​ហើយ​ងាយ​ស្រួល​និង​សត្វ​ល្អិត​បំផ្លាញ​ ព្រោះ​វា​ជា​ខែ​ដែល​សត្វ​ល្អិត​បាន​កើត​ច្រើន​ ដូច​ជា​ កណ្ដូប​ មេដី​ ដង្កូវ​ កន្ត្រេត…​មក​យា​យី​ស្រូវនេះទើប​គេ​ធ្វើ​អោយ​រួច​មុន​ខែ​ទាំង​នេះ​ ស្រូវ​ដុះ​ធំ​ហើយ​សត្វ​ចង្រៃមិន​អាច​បំផ្លាញ​បាន​ទេ តែ​នៅប៉ែក​ឧត្ដរ​គេ​មិន​សូវ​ស្ទូង​ទេ​ ព្រោះវា​នឿយ​ហត់​ ប្រើ​កំ​លាំង​ច្រើន​ កំរ៉ៃ​អស់​ច្រើន​ដែរ ប្រភេទ​ស្រូវ​ដែល​គេ​យក​សាប​ព្រោះ​ មាន​ដូច​ជា​ ស្រូវ​ម៉ៅ ស្រូវ​ផ្ការំដួល​ ផ្កា​ធ្នង់​ ស្រូវ​ដំនើប ស្រូវ​នាង​មិញ​.នៅពេល​​ស្រូ​វ​ដុះលូត​លាស់​ល្អ​ពេញ​ផែន​ភរធា​ពណ៌​ខៀ​វ​ស្រងាត់​ ប្រជាជន​មាន​ទឹក​មុខ​ភរផង់​ នៅ​ពេល​រដូវ​វស្សា​មាន​ភ្លៀង​តិច​តួច​មិន​ដូច​ពី​មុន​ឡើយ​ដែល​ធ្វើ​អោយ​កសិករ​មាន​ភាព​ព្រួយ​បារម្មណ៍​ខ្លាច​មាន​គ្រោះ​រាំងស្ងួត​ តែ​វា​ជា​ធម្មជាតិ​បាន​តាក់​តែង​រួច​ទៅហើយ​ នៅសកម្ម​ភាព​មួយ​ចំនួន​ ដូច​ជា​នៅ​ក្នុង​រដូវ​ស្សាវាបង្កើត​អោយ​មាន​កូន​រដូវ​តូច​មួយ​គឺ​កូន​រដូវ​ប្រាំង​ចាប់​ពី​ខែ​ សីហា​ប្រមាណ​ជា ​១៥​ ថ្ងៃ​ ទៅ​មួយ​ខែ​តែ​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឲ្យ​ស្រូវ​ងាប់​មួយ​ចំនួន​អស់​ បន្ទាប់​ពី​ខែ​​នោះ​មក​ក៏​មាន​ទឹក​ជំនន់​ហូរ​ចាក់​តាម​វាល​ស្រែ​ដែល​ធ្វើ​អោយ​ស្រូវ​ល្អ​ប្រសើ​រឡើង​វិញ​ ប្រជាជន​ដើរ​មើល​ស្រូវ​ដក​ស្មៅចេញ​ពី​ស្រូវ​ បុរស​ៗរៀប​ចំខ្លួន​ដើរ​បាញ់​ថ្នាំ​ខ្ជីប​ក្នុង​ស្រែ​ ហើយ​បាច​ជី​បន្ថែម​លើ​ស្រូវ​ទៀត​ ដាក់​ថ្នាំ​ក្ដាម​កុំ​ឲ្យ​សត្វ​ក្ដាម​កាត់​ស្រូវ  បន្ទាប់​ពី​នោះ​មក​ប្រជា​ជន​មាន​ពេល​ទំនេរ​ដើរដាក់​ ម៉ង​ សន្ទូច​ ទ្រូ​ ជាដើម។ រំលង​ប្រមាណជា​១​ ទៅ២​ ខែ​ ស្រូវ​ចាប់​ផ្ដើម​លេង​ខ្លួន​ មាន​ផ្ទៃពោះ ​ជាង​កន្លះខែ​ក្រោយ​មក​វា​ចាប់​ផ្ដើម​បញ្ចេញ​ផ្កា​យ៉ាង​ស្គុះ​ស្គាយ​បង្អួត​សម្រស់​ដូច​ស្រី​ក្រមុំ​មាន​ក្លិន​ឆ្ងុយឆ្ងប់​ជះ​ដល់​បក្សា​បក្សី​ ដែល​ទន្ទឹង​រង់​ចាំរ​ដូវ​ស្រូវ​ទុំ​ តែ​ដោយ​ដល់​ពេល​រដូវ​ស្រូវ​ទុំ​ដោយ​សត្វ​បំផ្លាញ​ពេក​ប្រជា​ជន​
បាន​ធ្វើ​ចំឡោង​ស្រែ​រាង្គ​ដូច​មនុស្ស​ដើម្បី​បង្អើល​សត្វ​ទាំង​នោះ​។ នៅក្នុ​ងរដូវ​ចម្រូត​មាន​៣​ដំ​
ណាក់​កាល​សំរាប់​អ្នក​ឧត្ដរមានជ័យ​:
-        យើង​ច្រូត​ស្រូវ៣ខែ​មុន​គេ​
-        ច្រូត​ស្រូវ​កណ្ដាល​(ដែល​ប្រជា​ជន​តែង​ហៅ​ថា​ស្រូវ​ស្រាល​)​
-        ច្រូត​ស្រូវ​ធ្ងន់​រឺស្រូវ​ឡើង​ទឹក​
រដូវ​ចំរូត​ជា​រដូវ​មួយ​ដែល​ប្រជា​ជន​សប្បាយ​ផង​ និង​លំបាក​ផង​​។
Ø  ឧបករណ៍​នា​រដូវ​ចម្រូត​ដែល​ពេញ​និយម​របស់​កសិករ​
-        រៀប​ចំ​កណ្ដៀវ​
-        ស្រោម​ដៃ​
-        ម្ហូប​អាហារ​ សម្រាប់​ចុះ​ដៃ​
-        មួក​ការ​ពារ​កម្ដៅ​ថ្ងៃ​។
Ø  របៀប​ច្រូត​ស្រូវ​របស់​កូន​ខ្មែរ​តាម​តំបន់​
-        យើង​ត្រូវ​ច្រូត​ពាក់​កណ្ដាល​ថ្គាប​ស្រូវ​(គឺ​គិត​ពី​ថ្នាំង​ស្រូវ​មក​លើ)​
-        យើង​ត្រូវ​យក​កណ្ដៀវ​ត្រកង​ស្រូវ​មុន​និង​ចាប់​ដើម​ស្រូវ​(ដើម្បី​កុំ​អោយ​មុត​ដៃ​)​
-        ដាក់​ស្រូវ​មួយ​កន្លែង​សម​ល្មម​រួច​ចង​ធ្វើជា​កណ្ដាប់​ដាក់​តាម​ជួរ​ដើម្បី​ងាយ​ស្រួល​ដឹក​ជញ្ជូន​។
-        ហាល​កណ្ដាប់​អោយ​ស្ងួត​ មុន​និង​យក​ទៅ​ពូក​សម្រាប់​បោក​យក​គ្រាប់​។
Ø  ឧបករណ៍​ដឹក​ជញ្ជូន​មាន​ដូច​ជា​
-        រទេះ​គោ​ គោ​យន្ត​ លី​ រែក​ ទៅ​តាម​សមត្ថភាព​របស់​ខ្លួន​ដែល​មាន​ បន្ទាប់​ពី​កា​
ដឹក​ជញ្ជូន​ស្រូវ​អស់​ហើយ​ យើង​ចាប់​ផ្ដើម​យ​ក​គ្រាប់​ស្រូវ​ ហើយ​ជ្រើស​រើស​យក​ស្រូវ​ណា​ដែល​ល្អ​ទុក្ខ​ធ្វើ​ពូជ​ព្រោះ​ឆ្នាំ​ក្រោយ​ ផ្សេងៗ​ទៀត​ដាក់​ក្នុង​ជង្រុក​ឬ​ច្រក​កា​រុង​ទុក​លក់​ និង​បរិភោគ​ កាល​ណា​យើង​បោក​ចប់​ហើយ​យើង​ចប់​រដូវ​ធ្វើ​ស្រែ​។ អត្ថ​ប្រយោជន៍​នៃ​គ្រាប់​ស្រូវ​គឺ​ ធ្វើ​ឲ្យ​សុខ​ភាព​ល្អ​ ជួយ​ទ្រទ្រង់​សារពាង្គ​កាយ​ឲ្យ​ធំ​លូតលាស់​ ជួយ​គ្រាប់​ភ្នែក​អោយ​ភ្លឺ​ថ្លា​ ស្បែក​ស្រស់​ថ្លា​។ល​។
      ​បូវិ​ណៃ