ខ្ញុំបាទឈ្មោះ ស្ងាម ក្រឹម ជានិស្សិតរៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ្ញុំសូមចូលរួមក្នុងការសោកស្តាយចំពោះនិស្សិតដែលបាត់បង់ជីវិតដោយការជួបនូវបទឧក្រិដ្ឋសម្លាប់ជីវិតហើយយកម៉ូតូ។ ហើយនិស្សិតដែលស្លាប់ឈ្មោះ ហោន ចន្ទ្រា ភេទស្រីដែលជានិស្សិតឆ្នាំទី៤ផ្នែកអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដូចខ្ញុំដែល។ និយាយពីរឿងបាត់បង់ជីវិតនេះ ខ្ញុំដែលជាអ្នកដែលរស់នៅក្នុងសមាគមជាមួយគ្នាខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់នឹងមានចិត្តរន្ធត់ជាខ្លាំងចំពោះដំណឹងដ៏សែនសោកសង្រេងនេះ ហើយរូបខ្ញុំមានការអាណិតអាសូរជាខ្លាំងនៅពេលដែលនឹកឃើញអនុស្សាវរីយដែលរស់នៅជាមួយគ្នាដ៏សែនសប្បាយរីករាយ ហើយគាត់តែងតែពន្យល់ណែនាំក្រុមនិស្សិតដែលរស់នៅជាមួយពិសេសគឺរួបខ្ញុំតែម្តងគឺពិតជាធ្វើអោយខ្ញុំមានចិត្តគោរពស្រលាញ់គាត់ដូចបងស្រីអញ្ចឹង គាត់មានការរាក់ទាក់ចំពោះការធ្វើអ្វីមួយទៅលើកអ្នកណាម្នាក់នោះ។
គាត់គឺជាមនុស្សដែលខ្ញុំគោរពស្រលាញ់ណាស់ពីព្រោះគាត់បានក្លាយជាគ្រូរបស់គេរួចទៅហើយនឹងជានិស្សិតដែលជិតបញ្ចប់ការសិក្សាផងដែរ ក៏ស្រាប់តែមានរឿងហេតុដ៏សែនខ្លោចផ្សានេះកើតឡើងអ្វី ដែលខ្ញុំសោកស្តាយជាងនេះទៅទៀតនោះគឺគាត់ជាមនុស្សដែលសង្គមយើង សង្គមសព្វថ្ងៃត្រូវការ និងកំពុងតែរកនោះពីព្រោះ សង្គមយើងសព្វថ្ងៃខ្វះធនធានមនុស្សដែលមានការចេះដឹង ។
ការអាណិតអាសូរគឺកើតមានឡើងគ្រប់ពេលវេលាចំពោះមនុស្សដែលយើងគោរពរាប់អានជាក់ស្តែងដូចជារូបបងស្រីចន្ទ្រានេះ គឺពិតជាធ្វើអោយខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ហើយអ្វីដែលធ្វើអោយរូបខ្ញុំមានការអាណិតអាសូរខ្លាំងបំផុតនោះគឺនៅពេលដែលគេយកសពគាត់ទៅបូជានោះ ឪពុកម្តាយព្រមទាំងសាច់សារលោហិតរបស់គាត់ទាំងអស់ ដែលមកចូលរួមមានការយំសោកជាខ្លាំង ហើយគាត់បានរៀបរាប់ពីដំណើរជិវិតរបស់បងស្រីចន្ទ្រាចំណុចនេះហើយដែលធ្វើអោយរូបខ្ញុំមានការក្ដុកក្ដួលជាខ្លាំងពន់ពេក បានធ្វើអោយរូបខ្ញុំជាមនុស្សដែលមានចិត្តធ្ងន់ណាស់ដែរទប់ទឹកភ្នែកមិនបានលួចខាំមាត់សម្រក់ទឹកភ្នែក នៅពេលដែលជួបនៅព្រឹត្តិការណ៍បែបនេះ ។
ខ្ញុំមិននឹកស្មានថាបងស្រីចន្ទ្រា គាត់ជាមនុស្សល្អ កោតដល់ចិត្តឃាតកហ៊ានលើកដៃបាញ់ប្រហារផ្តាច់សង្ខារជីវិតបងស្រីអោយសូន្យបែបនេះ ។ ខ្ញុំសូមដាក់ទំនាយអោយអាឃាតកដែលសម្លាប់បងស្រីអោយជួបតែក្តីវិនាសអន្តរាយក្តៅក្រហល់ក្រហាយ និងរងទុក្ខវេទនា ខ្លោចផ្សារជាទីបំផុតអោយសមនិងទង្វើររបស់វាដែលធ្វើមកលើបងស្រី ខ្ញុំសូមជម្រាបថាអំពើបែបនេះសង្គមកំពុងតែស្អប់ខ្ពើមនិងច្បាប់ត្រូវការបំផុត ។
ជាចុងក្រោយនេះ ខ្ញុំគ្មានពាក្យពេចន៍អ្វីវែងឆ្ងាយនោះទេគឺមានតែពាក្យជូនពរសូមអោយវិញ្ញាណក្ខន្ធរបស់បងស្រី ចន្ទ្រាទៅកាន់សុគតិភព និងឆាប់បានចាប់កំណើតកើតជាមនុស្សហើយសូមអោយគាត់ក្លាយជាមនុស្សល្អតទៅទៀត ៕