រៀបរៀងដោយៈ ហោន ចន្ទ្រា
“អ្នកដែលចូលចិត្តធ្វើឲ្យអ្នកដទៃឈឺចាប់ គឺជាមនុស្សល្ងង់”
មនុស្សរស់នៅក្នុងសង្គម មិនអាចបិទមាត់ឈឹងដោយមិននិយាយអ្វីសោះនោះទេ ទោះជាអ្នក នោះមិនសូវចេះមាត់កអ្វីក៏ដោយ គេត្រូវតែមានអ្វីដែលត្រូវនិយាយសម្ដែងចេញមកក្រៅខ្លះៗដែរ ដើម្បី បង្ហាញពីអារម្មណ៍ រឿងរ៉ាវ ឬការផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នា និង គ្នា។
មនុស្សដែលនិយាយព្រោកប្រាជ្ញជាមួយនឹងគ្នាឯងបានល្អយើងមិនទាន់រាប់ថា ជាមនុស្សមាន ថ្វីមាត់ទេ តែបើអ្នកនោះអាចនិយាយឲ្យអ្នកដែលទើបនឹងជួបសម្ដីគ្នាលើកដំបូងមានអារម្មណ៍ថា ”ស្ដាយ ណាស់ដែលមិនបានជួបគ្នាពីមុននេះឲ្យយូរបន្តិច” នោះទើបអាចចាត់ទុកថា ជាអ្នកមានថ្វី មាត់ ដ៏ល្អពិតប្រាកដ។
គោលបំណងដ៏ចម្បងក្នុងការសន្ទនា គឺការភ្ជាប់ចំណងទាក់ទងចងមិត្តមេត្រី។ ហេតុនេះយើងត្រូវ ព្យាយាមជៀសវាងការនិយាយបែបណាដែលបង្កឲ្យមានភាពសៅហ្មងរវាងគ្នា និងគ្នា។ ការសន្ទនា ក៏មិន ខុសអ្វីពីការរៀបចំឥរិយាបថរបស់យើងនោះឡើយ ការនិយាយឬការសម្ដែងឥរិយាបថខុសតែ បន្តិចបន្តួច ក៏អាចនឹងបង្កឲ្យមានបញ្ហាធំៗបានដែរ។
ជាទូទៅ យុវជន យុវនារីដែលទើបតែបោះជំហានចូលក្នុងសង្គម គួរតែនិយាយឲ្យតិចសិនគួរប្រយ័ត្នប្រយែងកុំទាន់អន្ទះសានិយាយទាំងទទឹងទិសឲ្យសោះ អ្នកត្រូវសិក្សាទៅលើអ្នកស្ដាប់ជា មុន សិនថា តើគេមានអារម្មណ៍នឹងស្ដាប់យើងដែរឬទេ? ប្រសិនបើរកឃើញថា គេមិនចង់ស្ដាប់ទេ សូម អ្នក កុំនិយាយល្អជាង។ រឿងដែលមនុស្សមិនចង់ស្ដាប់មានច្រើនបែបច្រើនយ៉ាងដូចជា៖
- និយាយដដែលៗ គួរឲ្យធុញ
- និយាយខុសពីចិត្តដែលគេកំពុងគិតនៅពេលនោះ
- និយាយប្រឆាំងនឹងគំនិតរបស់គេ
- និយាយពីអ្វីដែលគ្មានការទាក់ទងជាមួយគេ
- និយាយពីរឿងដែលខូចខាតផលប្រយោជន៍របស់គេ
- និយាយខុសពីលំដាប់ឋានៈរបស់គេ
មនុស្សខ្លះដែលគិតថាខ្លួនឯងឆ្លាត មានវោហារខាងផ្លូវស៊កសៀតពាក្យសម្ដី គេមានភាពស្ទាត់ជំនាញខាងការប្រើសម្ដីឲ្យអ្នកដទៃឈឺចាប់ និង ដើម្បីឲ្យខ្លួនឯង ឬក្រុមរបស់ខ្លួនបានសប្បាយពេញចិត្តពេញថ្លើម។ មានមតិមួយបានលើកឡើងថា៖
“បើអ្នកចូលចិត្តសួរដេញដោលផ្ចាញ់ផ្ចាលកាច់កុងជាមួយអ្នកដទៃ
សូម្បីតែពេលខ្លះ អ្នកបានទទួលជ័យជំនះ
ក៏ជ័យជំនះនោះ ជាជ័យជំនះដែលឥតន័យ
ព្រោះអ្នកគ្មានបានទទួលអារម្មណ៍ល្អពីភាគីម្ខាងទៀតឡើយ”
អ្នកដែលនិយាយពាក្យចាក់ដោតគេ មិនមែនគេមិនដឹងថាអ្វីដែលខ្លួនធ្វើទៅវាហុចផលដូចម្ដេចនោះទេ តែគេយល់ឃើញថា ការធ្វើឲ្យអ្នកដទៃឈឺចាប់គឺជាសេចក្ដីសុខរបស់គេ។ មនុស្សប្រភេទនេះ អាចមក ពីអាការៈខាងផ្លូវចិត្តមិនសូវប្រក្រតី។ ប្រការទាំងនេះភាគ ច្រើនមិនមែនកើត មានមក ពី កំណើតនោះទេ តែដោយសម្ពាធបរិយាកាសជំរុញឲ្យគេដើរទៅតាមផ្លូវដែលខុសដូច្នោះ។ ប្រការទីមួយៈ មកពីគេប្រកាន់យកអំពីភាពឆ្លាតរបស់ខ្លួន តែដោយមនុស្សទូទៅមិនទទួលស្គាល់ភាពឆ្លាតរបស់គេ ទើបធ្វើឲ្យគេទទួលអារម្មណ៍ថាខុសពីការគិតរបស់ខ្លួន។ ប្រការទីពីរៈ គេជាមនុស្សតម្កើងខ្លួន ប្រាថា្ន ឲ្យអ្នកដទៃគោរពលើកជើងខ្លួនឯង តែបែរជាមិនបានដូចចិត្ត ទើបធ្វើឲ្យគេមាន អារម្មណ៍ ខឹង សម្បារ នឹងអ្នកដទៃ។ ប្រការទីបីៈ ពេលដែលចិត្តពោរពេញ ទៅដោយគំនិតចងអាឃាត ព្យាបាទ កាន់តែ ច្រើនឡើងៗ ព្រមទាំងគ្មានឱកាសបានរំសាយផង ឯខ្លួនគេផ្ទាល់ក៏មិនបានហ្វឹកហាត់ កែសម្រួល ផ្លូវចិត្ត ឲ្យបានល្អប្រសើរផង ហេតុនេះគេក៏រំសាយកម្ដៅទាំងនោះ ដោយការបញ្ចេញចង្កូមដាក់ មនុស្សណា ដែលគេមិនចូលចិត្តតែម្ដងទៅ។ ទង្វើបែបនេះបើកើតឡើងជាញឹកញាប់ ទៅលើនរណា ម្នាក់ ដោយ មិនមានការហ្វឹកហាត់អប់រំផ្លូវចិត្តទេ គេនឹងក្លាយជាមនុស្សដែលមានជម្ងឺ សរសៃប្រសាទក្នុងថ្ងៃណាមួយ។
ទោះជាយ៉ាងណា ពាក្យចាក់ដោតធ្វើឲ្យគេឈឺចាប់ គ្មានផ្ដល់ផលចំណេញដល់នរណាឡើយ វាមានតែនាំឲ្យកើតផលអាក្រក់ដល់ខ្លួនឯង និង អ្នកនៅជុំវិញតែប៉ុណ្ណោះ ហេតុនេះបើវាធ្លាប់កើតមាន ចូរអ្នកព្យាយាមតាំងសតិរបស់ខ្លួន កែសម្រួលវាបន្ដិចម្ដងៗ និង ទន្ទេញក្នុងចិត្តថា៖
ខ្ញុំនឹងមិននិយាយឲ្យអ្នកណាឈឺចាប់ជាដាច់ខាត
ខ្ញុំនឹងនិយាយតែពីអ្វីដែលមានប្រយោជន៍ដល់មនុស្ស។
ពេលនោះភាពអស្ចារ្យនឹងបង្ហាញឲ្យអ្នកឃើញថា
អំពើល្អមានមហិទ្ធិឫទ្ធិខ្ពង់ខ្ពស់បំផុតនៅលើលោក។