ខ្ញុំបាទឈ្មោះ អ៊ិន សូដា ជាប្រធានសមាគមនិស្សិតឧត្តរមានជ័យ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយលោកអ៊ំ ហោន ហង្ស និង វ៉ែន សំអាត ដែលបានបាត់បង់កូនជាទីស្រឡាញ់ហើយអ្នកដែលបានសិក្សាកម្រិតខ្ពស់ជាងគេក្នុងក្រុមគ្រួសារលោកអ៊ំ និងសោកស្ដាយជាអនេកដែលបានបាត់បង់និស្សិតអ្នកឧត្តរមានជ័យម្នាក់ទៀតហើយបន្ទាប់ពីគ្រោះថ្នាក់នៅកោះពេជ្រកាលពីឆ្នាំ២០១០។
ការបាត់បង់ធនធានអ្នកឧត្តរមានជ័យនៅពេលនេះ បានធ្វើឲ្យអ្នកឧត្តរមានជ័យកាន់ខ្វះធនធានដែល នឹងបញ្ចប់បរិញ្ញាបត្រក្នុងប៉ុន្មានខែទៀតខាងមុខនេះ (ខែកក្កដា)។ អនុស្សាវរីយ៍ទាំងអស់នៅក្រុមនិស្សិតឧត្តរមានជ័យនិងចន្ទ្រាហាក់នៅថ្មី ទោះជាអនុស្សាវរីយ៍មួយចំនួនមានភាពល្វីងជួរចត់នឹងគ្នាបន្តិចមែន តែជាអនុស្សាវរីយ៍ដែលចងចាំមិនអាចបំភ្លេចបាន រួមទាំងការស្ដីបន្ទោស ណែនាំ....។
អ្វីដែលកាន់តែសោកសង្រេងសម្រាប់ខ្ញុំនៅពេលដែលឮអ៊ំស្រី វ៉ែន សំអាត យំហើយនិយាយរៀបរាប់បណ្ដើរដែលទឹកភ្នែកកំពុងតែហូរលើថ្ពាល់ទាំងគូររបស់គាត់។ សំដីលោកអ៊ំដែលខ្ញុំចាំបាន និងធ្វើឲ្យទឹកភ្នែករបស់ខ្ញុំនៅចាប់ស្រក់បន្តិច ក្រោយពីទឹកមុខក្រៀមក្រំ នឹងលេងលងជាច្រើនម៉ោងហើយនោះ គឺ ហេតុអ្វីក៏វាសនាកូនគាត់អភ័ព្វម្ល៉េះទេ រៀនមិនទាន់បានសញ្ញាប័ត្រផងក៏ទៅបាត់ ពេលនេះឃើញតែមិត្តភក្តិរបស់ឈរនៅទីនេះឲ្យច្រង៉ូៗ ហើយបាត់តែកូនគាត់។ ខែមេសាមិនទាន់បានមកដល់ផង ចន្រ្ទាបែរជាឃ្លាតឆ្ងាយពីកម្មវិធីរបស់សមាគមដែលចន្រ្ទាធ្លាប់បានចូលរួមនាពេលកន្លងមក។
ខ្ញុំជាប្រធានក្រុមនិស្សិត និងជានិស្សិតមកពីតំបន់ដាច់ស្រយាល(ខេត្ដឧត្តរមានជ័យ) ចង់ឃើញសមត្ថកិច្ចវែកជនឧក្រិដ្ឋដែលសម្លាប់និស្សិតដោយគ្មានញញើតដៃអ្វីបន្តិច ហើយក៏ចង់ឃើញ និងការរស់នៅក្នុងទីក្រុងភ្នំពេញដែលគ្មានអំពើរឆក់ប្លន់ សម្លាប់ដល់និស្សិត ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតផងដែរ។ ខ្ញុំសូមអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ តាមវែកមុខឃាតកឲ្យបានឆាប់ហើយដាក់ទោសឲ្យបានត្រឹមត្រូវនឹងយុត្តិធម៌ដល់សង្គមជាតិទាំងមូល៕៚