Sunday, February 5, 2012

ជន​រង​គ្រោះ​ដែល​ឡើង​ទៅ​កាប់​ឈើ​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​មិន​ទាន់​បញ្ជូន​សព​មក​វិញ​ទេ​

ដកស្រង់ពីគេហទំព័រកម្ពុជាថ្មី



ឧ​ត្ត​រ​មានជ័យ ​៖​​ ជនរងគ្រោះ​ចំនួន​២​នាក់​ឡើង​ទៅ​កាប់​ឈើ​គ្រញូង​នៅ​​តាម​ព្រំដែន​កម្ពុជា​-ថៃ ​នោះ​​ត្រូវ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​បាញ់​សម្លាប់​រហូត​មក​ដល់​ថ្ងៃ​ទី ​០៣ ​ខែ ​កុម្ភៈ ​ឆ្នាំ ​២០១២​នេះ​មិន​ទាន់​​បញ្ជូន​សព​មកវិញ​នោះ​ទេ។​

​ហេតុការណ៍​ក្រុម​ទាហាន​ថៃ​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ ​នោះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ​២៩ ​ខែ ​មករា ​ឆ្នាំ ​២០១២ ​នៅ​ចំណុច​ចំបក់​កោង​ ស្ថិត​ក្នុង​ឃុំ ​អូរ​ស្វាយ​ ស្រុក​ ត្រពាំង​ប្រាសាទ​ ខេត្ត ​ឧត្តរមានជ័យ។


ក្រុម​គ្រួសារ​ក៏​ដូច​អ្នក​រួច​ជីវិត ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​កាលដែល​ប្ដី​របស់​គាត់​ឡើង​ទៅ​កាប់​ឈើ​គ្រញូង​នៅ​តាម​ព្រំដែន​នោះ ដោយ​ក្រ​ខ្លាំងពេក ទើប​នាំគ្នា​ទៅ​កាប់​ឈើ​គ្រញូង​យក​មក​លក់​ចិញ្ចឹមជីវិត​ក្រោយពី​ប្រមូល​ផល​ស្រូវ​រួច​នោះ ​ហើយ​ប្ដី​របស់​គាត់​បាន​ចេញ​ទៅ​ផ្ទះ​នោះ ​នៅ​ថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០១២ ស្រាប់តែ​ដល់​ថ្ងៃទី ​២៩​ ខែ​ ដដែល​ មាន​គេ​មក​ប្រាប់​ថា ប្ដី​របស់​គាត់​ត្រូវ​ទាហាន​ថៃ​បាញ់សម្លាប់។​

ជនរងគ្រោះ​ដែល​ត្រូវ​ទាហាន​ថៃ​បាញ់សម្លាប់​នោះ​ទី១. ឈ្មោះ ផេ​ន ធួន ភេទ​ប្រុស អាយុ ៣៨ឆ្នាំ ប្រពន្ធ​ឈ្មោះ លុច ​ស្រៀ​ន ភេទ​ស្រី អាយុ ៣៦ឆ្នាំ មានកូន​ចំនួន៤នាក់ ស្រី២នាក់ ប្រុស២នាក់ មាន​ទីលំនៅ ភូមិ អូរ​ល្ហុង ឃុំ អូរ​ស្វាយ ស្រុក ត្រពាំង​ប្រាសាទ ខេត្ត ឧ​ត្ត​រ​មានជ័យ ​មុខរបរ​ធ្វើស្រែ​ចំការ ទី២. ឈ្មោះ គុង សំណាង ភេទ​ប្រុស អាយុ ២៣ឆ្នាំ ប្រពន្ធ​ឈ្មោះ ហំ លុន​នី ភេទ​ស្រី​អាយុ ២៣ឆ្នាំ មានកូន​ចំនួន២នាក់ រស់នៅ​ភូមិ ពាម ក្នុង​ឃុំ អូរ​ស្វាយ ស្រុក ត្រពាំង​ប្រាសាទ ខេត្ត ឧ​ត្ត​រ​មានជ័យ មុខរបរ​ធ្វើ​ចំការ។

នៅពេល​បច្ចុប្បន្ន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទាំង២នាក់​កំពុង​រង់ចាំ​ថៃ​បញ្ជូន​សាកសព​ប្ដី​មក​ស្រុក​វិញ​ដើម្បី​យក​មក​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី៕

ចាន់​ធី