ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរី
ដោយ កែវ និមល
2012-01-24
ឪពុកម្ដាយយុវនារីមួយរូប បានសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច និងអង្គការសិទ្ធិមនុស្សអាដហុក (Adhoc) ជួយស្វែងរកកូនស្រីដែលបាត់ខ្លួន មិនមានដំណឹងចំនួនជាង ១០ថ្ងៃមកហើយ។លោក ឡា ឡេ និងអ្នកស្រី ម៉េត មឿន ជាឪពុក និងម្ដាយរបស់យុវនារី ឡេ រតនា បានឲ្យដឹងនៅថ្ងៃទី២៣ ខែមករា ថា កូនស្រីរបស់គាត់បានបាត់ខ្លួនកាលពីថ្ងៃទី១២ មករា កន្លងទៅ។ ឪពុកម្ដាយមានការព្រួយបារម្ភ ពីព្រោះកូនស្រីនោះពិតមែនតែមានអាយុ ២២ឆ្នាំ តែមិនចេះអក្សរឡើយ។
លោក ឡា ឡេ បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយរកកូនស្រីរបស់លោក និងយកមកផ្ទះវិញផង។
លោក ភឿង សារោម ជាប៉ូលិសមេប៉ុស្តិ៍រដ្ឋបាល នៅភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា យុវនារី ឡេ រតនា ប្រហែលជាមានការណាត់ជាមួយមនុស្សណាម្នាក់ ដែលគ្រួសារមិនដឹង ហើយបានចាកចេញពីផ្ទះដោយមិនឲ្យឪពុកម្ដាយដឹង។
លោក ធឿក អៀត ជាមេភូមិឈើស្លាប់។ លោកបានមានប្រសាសន៍ឲ្យដឹងថា កន្លងមកនៅក្នុងភូមិលោកគ្រប់គ្រង មិនដែលកើតមានបាតុភាពបាត់មនុស្សបែបនេះទេ។ លោកមានយោបល់ថា យុវនារី ឡេ រតនា ប្រហែលជាចាញ់បោកគេ ទៅតាមគេ ធ្វើឲ្យគ្រួសារមានការព្រួយបារម្ភ។
លោក ស្រី ណារ៉េន ប្រធានសាខាសមាគមការពារសិទ្ធិមនុស្សអាដហុក នៅខេត្តឧត្តរមានជ័យ។ លោកបានមានប្រសាសន៍ថា ការបាត់មនុស្សពីផ្ទះនេះ តាមលោកទទួលពាក្យបណ្ដឹង គឺកើតមានចំនួន ២ករណីហើយក្នុងខេត្តឧត្តរមានជ័យ នៅដើមឆ្នាំ២០១២ នេះ។
ការបាត់ខ្លួនយុវនារីកម្ពុជា បានកើតមានជារឿយៗ ដោយសារមានមនុស្សមិនល្អបានបោកបញ្ឆោត ដើម្បីយកទៅលក់បន្តនៅតាមកន្លែងពេស្យា និងមានខ្លះទៀត គេបាននាំយកទៅលក់ដល់ប្រទេសក្រៅទៀតផង៕