Friday, December 30, 2011

ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ចំនួន​២៦៧​នាក់​ត្រឡប់​មក​ស្រុក​កំណើត​វិញ​

ដកស្រងពីគេហទំព័រ​កម្ពុជាថ្មី

ឧត្ដរមានជ័យ​ ៖ ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ឆ្លង​ចូល​ទៅ​ទឹកដី​ថៃ​ខុស​ច្បាប់​ត្រូវ​បាន​តំរួត​ថៃ ​ចាប់​បញ្ជូន​ខ្លួន​អោយ​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​ចំនួន​២៦៧​នាក់​។​ មន្ត្រី​ច្រក​ព្រំដែន​អូរ​ស្មាច់​បាន​ប្រាប់​អោយ​ដឹង​ថា​ជនជាតិ​ខ្មែរ​ទាំង​ ២៦៧​នាក់​នោះ​ត្រូវ​បាន​តំរួត​ថៃ​បញ្ជូន​ខ្លួន​អោយ​អាជ្ញាធរ​ខេត្ត​ ឧត្ដរមានជ័យ​ធ្វើការ​អប់រំ​និង​ណែនាំ​អោយ​ប្រក​ប​របរ​ក្នុងស្រុក​ជាពិសេស​ កម្លាំង​ពលកម្ម​សំរាប់​ផ្នែក​កសិកម្ម​កំពុង​ត្រូវការ​ជា​ចាំបាច់។​
ការបញ្ជូន​ខ្លួន​ជនជាតិខ្មែរ​ទាំង២៦៧នាក់​នោះបាន​ត្រឡប់មកវិញ​កាលពី​ ថ្ងៃទី២៩ខែធ្នូ​ឆ្នាំ២០១១តាម​ច្រក​អូរ​ស្មាច់​ខេត្តឧត្ដរមានជ័យ។ក្រុម​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូលក្នុង​ទឹកដី​ថៃ​ខុសច្បាប់​នោះ​ពួកគេ​និយាយថា​នៅ​ ប្រទេស​ថៃ​មិនមាន​មុខរបរ​អ្វី​ធំដុំ​នោះទេ​ទើប​ពួកគេ​ដើរ​សុំទាន​តាមផ្លូវ​ សាធារណៈ​គ្រាន់​បាន​ចិញ្ចឹម​ក្រពះមួយពេល។​

សមត្ថកិច្ច​ខ្មែរ​បានធ្វើ​ការអប់រំ​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ​អោយ ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ប្រកបមុខរបរ​ក្នុងស្រុក​ជាពិសេស​គឺ​វិស័យ​ កសិកម្ម​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​សំរាប់​ដាំ​ដុះ​ក​សិ-ឧស្សាហកម្ម​អោយ ​សេដ្ឋកិច្ច​ក្នុងស្រុក​មានការ​រីកចំរើន​កាន់តែខ្លាំង។សមត្ថកិច្ច​ ខេត្តឧត្ដរមានជ័យ​បាន​ពន្យល់​ណែនាំ​អោយ​ក្រុម​ប្រជាពលរដ្ឋ​ទាំង២៦៧នាក់​ ដែលមាន​កាយសម្បទា​រឹងមាំ​កម្លាំង​ពលំ​ខ្លាំងក្លា​អាចធ្វើ​ការងារ​ផ្នែក​ កសិកម្ម​បានល្អ​ប្រសើរ​នោះ​សូម​បញ្ឈប់​ការធ្វើ​ចំណាកស្រុក​ទាំង​ ប្រថុយប្រថាន​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​តទៅទៀត​ព្រោះ​ក្រុម​ អ្នកវិនិយោគ​បរទេស​បានមក​បណ្ដាក់​ទុន​ផ្នែក​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ​យ៉ាងច្រើន​នៅ​ខ្វះ​តែ​កម្លាំង​ពលកម្ម​ប៉ុណ្ណោះ៕
យ៉េន ឆៃ