ដោយ : សូផុន
ថ្ងៃទី 24 វិច្ឆិកា 2011
CEN
ឧត្តរមានជ័យ: សាកសពពលរដ្ឋខ្មែរ ៣ នាក់រស់នៅភូមិជាប់និងព្រំដែនកម្ពុជា-ថៃ នៃខេត្តឧត្តរមានជ័យត្រូវបានទាហានថៃបាញ់សម្លាប់កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ ខណៈពេលជនរងគ្រោះឆ្លងព្រំដែនកាប់ឈើគ្រញូង។ សាកសពជនរងគ្រោះត្រូវបានកម្លាំងយោធាកម្ពុជាការពារព្រំដែនរកឃើញនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១ នៅចំណុចព្រំដែនខាងលិចប្រាសាទខ្នាចម្ងាយ ១ គីឡូម៉ែត្រ ស្ថិតនៅភូមិសាស្ត្រសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រភពពីមន្ត្រីយោធាកម្ពុជាការពារព្រំដែនបានផ្ដល់ព័ត៌មាននៅព្រឹកថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១១នេះថា នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា កម្លាំងយោធាបានឮស្នូរផ្ទុះអាវុធប្រមាណ ៥ ទៅ ៦ គ្រាប់ទាហានថៃបាញ់នៅចំណុចកើតហេតុខាងលើ កម្លាំងកម្ពុជាបានដើរល្បាតទៅកន្លែងនោះតែមិននឹកស្មានថា បាញ់ពលរដ្ឋខ្មែរលូចឆ្លងដែនកាប់ឈើគ្រញូងនោះទេ ក្រោយមកទើបនៅព្រឹកថ្ងៃទី២៤ វិច្ឆិកានេះ បានទទូលព័ត៌មាន ពីលោកមេភូមិអូរបាត់ដាវ ថា មានបាត់ប្រជាពលរដ្ឋខ្មែរចំនួន ៣ នាក់។ ទើបនឹកឃើញពេលទាហានថៃបាញ់កាលពីល្ងាចថ្ងៃមុន ក៏ទៅរុករកឃើញសាកសពពលរដ្ឋខ្មែរទាំង ៣ នាក់នោះដែលពួកគេរស់នៅភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាមួយគ្នា។
ជនរងគ្រោះដែលទាហានថៃស្លាប់ទាំង៣នាក់នោះ ១-ឈ្មោះ សំ សាត ភេទប្រុស អាយុ ៤១ឆ្នាំ។ ២-ឈ្មោះ ទ្រី សំបូរ ភេទប្រុស អាយុ ៣៧ឆ្នាំ និង៣-ឈ្មោះ ទ្រី ខ្លូ ភេទប្រុស អាយុ ៣៥ឆ្នាំ។
ប្រភពខាងលើបន្តទៀតថា សាកសពពលរដ្ឋខ្មែរទាំង ៣ នាក់នៅក្នងព្រៃព្រំដែននៅឡើយទេ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ ហើយកម្លាំងយោធាកម្ពុជាធ្វើការទំនាក់ទំនងទៅខាងទាហានថៃយកសាកសពទាំងនោះប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕