ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១១ ម៉ោង ០៨:៥៧
គេហទំព័រកោះសន្តិភាព
គេហទំព័រកោះសន្តិភាព
ខេត្តឧត្តរមានជ័យ ៖ ភ្លើងអគ្គិសនីដែលពលរដ្ឋកម្ពុជាប្រើប្រាស់តាមខ្សែបណ្តាញ តមកពីប្រទេសសៀមចូលច្រកទ្វារអន្តរជាតិអូរស្មាច់ រហូតដល់ក្រុងសំរោងនោះ ត្រូវបានកាត់ផ្តាច់តាំងពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២៦ មេសា ២០១១ បន្ទាប់ពីមានការបាញ់គ្នាយ៉ាងក្តៅគគុកនៅតំបន់ប្រាសាទតាក្របី និងតំបន់ប្រាសាទតាមាន់ធំ កាលពីរសៀលថ្ងៃទី២៦ មេសា នោះ។ អ្នករស់នៅជាប់ច្រកទ្វារអន្តរជាតិអូរស្មាច់ និងក្រុងសំរោងដែលធ្លាប់តែប្រើភ្លើងអគ្គិសនីរបស់សៀម និងធ្លាប់តែមានភ្លើងបំភ្លឺតាមលំនៅឋាន និងទីក្រុងជារៀងរាល់ថ្ងៃនោះ ត្រូវបានងងឹតសូន្យសុង...ចំណែកប្រជាពលរដ្ឋដែលរស់នៅតំបន់ ផ្សេងៗពោលគឺនៅទីប្រជុំជនក្រៅ ពីក្រុងសំរោងទៅ គេអត់បានប្រើប្រាស់ចរន្តអគ្គិសនីរបស់សៀមទេ ដូច្នេះភ្លើងនៅមានបំភ្លឺនៅឡើយ ។
តាមប្រភពព័ត៌មានផ្សេងៗបានឱ្យដឹងថា ការដាច់ចរន្តអគ្គិសនីដែលតខ្សែបណ្តាញចេញមកពីប្រទេសសៀមនេះ គឺអាជ្ញាធរសៀមជាអ្នកផ្តាច់...ប៉ុន្តែប្រភពខ្លះថា បណ្តាលមកពីគ្រាប់ផ្លោងនៃការបាញ់គ្នារវាងទាហានកម្ពុជា និងសៀម ប៉ះចំកាប៊ីនភ្លើងណាមួយបណ្តាលឱ្យដាច់ខ្សែបណ្តាញ ទើបចរន្តអគ្គិសនីត្រូវបានរលត់សូន្យសុងបែបនេះ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព៕