ដោយ ហង្ស សាវយុត
2011-04-11
ដកស្រង់ពីគេហទំព័រ វិទ្យុអាស៊ីសេរី
ក្រុមប្រជាពលរដ្ឋច្រើនរយគ្រួសារនៅភូមិអូរត្រាំប៉ោង បាននាំគ្នាផ្ដិតមេដៃ និងធ្វើពាក្យបណ្ដឹងប្រឆាំងនឹងមន្ត្រីយោធាមួយចំនួនរបស់កងពលតូច អន្តរាគមន៍លេខ៨ ដោយគេអះអាងថា មាននាយទាហានចំនួន ៥រូប ក្នុងកងពលនោះបានដណ្ដើមយកដីស្រែរបស់ប្រជាពលរដ្ឋដែលតែងតែធ្វើ ស្រែជារៀងរាល់ឆ្នាំដើម្បីចិញ្ចឹមជីវិត។តំណាងប្រជាពលរដ្ឋមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងកាលពីល្ងាចថ្ងៃសៅរ៍ ទី៩ ខែមេសាថា មន្ត្រីយោធាចំនួន ៥រូបនៅក្នុងកងពលតូចអន្តរាគមន៍លេខ៨ ដែលគេស្គាល់ឈ្មោះបានដណ្ដើមយកដីស្រែប្រមាណជាង ៨០០ហិកតារពីប្រជាពលរដ្ឋចំនួនជាង ២៣០គ្រួសារមិនឲ្យចូលទៅភ្ជួររាស់ដីធ្វើស្រែបានទៀតទេនៅក្នុង ឆ្នាំនេះ។
អាជ្ញាធរភូមិអូរត្រាំប៉ោង និងមន្ត្រីក្រុមប្រឹក្សាឃុំព្រះប្រឡាយ ក៏បានអះអាងដូចគ្នានេះដែរ ដោយគេសម្ដែងការព្រួយបារម្ភថា ប្រជាពលរដ្ឋរាប់រយគ្រួសារក្នុងភូមិនោះនឹងគ្មានដីធ្វើស្រែ ប្រសិនបើទាហាននៅតែហាមឃាត់មិនឲ្យភ្ជួររាស់ទេនោះ។
លោក មោក មាន មេភូមិអូត្រាំប៉ោង បានមានប្រសាសន៍ថា កងទាហានដែលប្រដាប់ដោយអាវុធមួយចំនួនត្រូវបានគេបញ្ជូនឲ្យទៅយាម និងហាមឃាត់ក្រុមប្រជាពលរដ្ឋមិនឲ្យចូលទៅភ្ជួររាស់លើដីស្រែរបស់ ខ្លួនបានទេ កាលពីពេលថ្មីៗ ប៉ុន្តែបែរជាទាហានយកគ្រឿងចក្រមកភ្ជួររាស់ដីស្រែទាំងនោះទៅវិញ ៖ «ឥឡូវហ្នឹងកំពុងតែយកអាត្រាក់បំបោលពេញហ្នឹង។ នៅតំបន់ខាងកើតត្រាំប៉ោងខាងត្បូងថ្នល់ ខាងលិចអូរកាប់គោ ខាងក្រោមអូររំដួល ៣ចំណុចហ្នឹង»។
ចំណែកលោក ទេព រុន មេឃុំព្រះប្រឡាយ បានមានប្រសាសន៍ថា លោកកំពុងមានការព្រួយបារម្ភចំពោះប្រជាពលរដ្ឋរាប់រយគ្រួសារដែលអាច គ្មានដីធ្វើស្រែ ប្រសិនបើតំបន់នោះត្រូវទាហានរំលោភយក។
លោកបន្តថា ៖ «នៅចំណុចត្រពាំងពោធិ៍ ដីប្រជាជនធ្វើស្រែរាល់តែឆ្នាំ។ ចែកឲ្យប្រជាពលរដ្ឋគាត់ធ្វើ ៣-៤ឆ្នាំហើយខ្លះនោះ ដល់ទាហានគេយក ប៉ុន្តែមិនដឹងគេយកហ្នឹងខាងលើៗដោះស្រាយយ៉ាងម៉េចអត់ទាន់ដឹងទេ។ ចង់បានរំលែកឲ្យគាត់ខ្លះ បើយកទាំងអស់គាត់បានអីរស់បានអីធ្វើ។ បើទាហានអត់ដែរ មិនដឹងធ្វើម៉េច អានោះបើកងទ័ពក៏ជាកងទ័ពរបស់ប្រជាជន ហើយបើយើងបានរស់តែកងទ័ព ឲ្យប្រជាជនដាច់ពោះ ក៏មិនដឹងថាម៉េច។ ប្រជាជនផ្ដិតមេដៃជូនមកខ្ញុំ ក៏ខ្ញុំជូនលោកអភិបាល (ស្រុក) លោកអភិបាលមិនដឹងបញ្ជូនទៅដល់ណាទៀត»។
ទោះយ៉ាងណាមិនអាចស្វែងរកការទាក់ទងមន្ត្រីយោធាចំនួន ៥រូប ដែលកំពុងទទួលរងការចោទប្រកាន់ពីប្រជាពលរដ្ឋ និងក៏មិនអាចទំនាក់ទំនងមេបញ្ជាការយោធានៃកងពលតូចអន្តរាគមន៍លេខ៨ ដើម្បីបំភ្លឺបញ្ហានោះបានទេ។
លោក វណ្ណ កុសល អភិបាលស្រុកត្រពាំងប្រាសាទ បានឆ្លើយតបថា បញ្ហានោះលោកមិនទាន់ទទួលព័ត៌មានណាមួយនៅឡើយទេ ប៉ុន្តែលោកសន្យាថា នឹងចុះស្រាវជ្រាវជាក់ស្ដែងបន្ទាប់ពីចូលឆ្នាំខ្មែររួចរាល់ ៖ «ចាំមើលខ្ញុំចុះទៅពិនិត្យជាក់ស្ដែងសិន ដល់មកឲ្យខ្ញុំនិយាយម៉េចកើត បើខ្ញុំអត់ទាន់បានទទួលព័ត៌មានច្បាស់ផង»។
ពាក្យបណ្ដឹងមួយច្បាប់របស់ក្រុមប្រជាពលរដ្ឋភូមិអូរត្រាំប៉ោង ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១១នេះ ផ្ញើជូនលោកអភិបាលស្រុកត្រពាំប្រាសាទ ដែលវិទ្យុអាស៊ីសេរី ទទួលបាន បាននិយាយថា ដីស្រែជាង ៨០០ហិកតារជារបស់ពួកគេចំនួនជាង ២៣០គ្រួសារ បានធ្វើចិញ្ជឹមជីវិតតាំងតែពីអំឡុងឆ្នាំ២០០៣-២០០៤ មកម្ល៉េះ ដូច្នេះពួកគេមិនសុខចិត្តចំពោះមន្ត្រីយោធាចំនួន ៥រូបរបស់កងពលតូចអន្តរាគមន៍លេខ៨ ដែលបានរំលោភយកដីស្រែទាំងនោះទេ៕