Thursday, January 13, 2011

ទេសភាព​ស្រុក​ស្រែ

ទេសភាព​ស្រុក​ស្រែ

ដោយ ហោន ចន្រ្ទា 

ព្រៃឈើ​ខៀវ​ស្រស់         បវរ​ឥត​ខ្ចោះ         សម្រស់​ក្សេមក្សាន្ត

គន់​មើល​ស្លឹក​ខ្ចី                ត្រួយ​ខ្មី​ប្រឹង​ប្រាណ      លូត​លាស់​ឲ្យបាន

ជំនួស​ស្លឹក​ចាស់។

គន់​មើល​ជើង​ភ្នំ              ដើម​ឈើ​តូច​ធំ        មាន​ផ្កា​ច្រើន​ណាស់

ពណ៌​ក៏​ចម្រុះ                  លូត​លាស់​ស្អេកស្កះ     ផ្កា​ច្រើន​មិន​ខ្វះ

ល្អ​យ៉ាង​ចំណាប់។

ចំណែក​ទឹក​ធ្លាក់             ប្រឹង​ប្រាណ​ទម្លាក់         ខ្លួន​យ៉ាង​ស្វាហាប់

ហូរ​យ៉ាង​ត្របាញ់           មិន​ចាញ់​សូរស័ព្ទ        សត្វ​យំ​ចរ​ចាប់

ពាស​ពេញ​ព្រៃ​ព្រឹក្ស។

មើល​ទៅ​ក្នុង​ស្រែ           សន្ទូង​ហូរ​ហែ            បែក​គុម្ព​សន្ធឹក

សន្ធៃ​សន្ធាប់                   ឲ្យ​ជាប់​ចិត្ត​នឹក            ពេល​បែក​រលឹក

ទេសភាព​ស្រុកស្រែ។

ឃើញ​មិន​ចង់​ឃ្លាត        ទេសភាព​ធម្មជាតិ       បញ្ចេញ​មន្ត​ស្នេហ៍

បង្អួត​សម្រស់                 របស់​ស្រុកស្រែ          ថា​គួរ​ឲ្យ​ស្នេហ៍

ចិត្ត​មិន​ចង់​បែក។

មើលតាមបង្អួច             ឃើញ​ឆ្ងាយ​គ្រលួច      ដាច់​កន្ទុយ​ភ្នែក

ធម្មជាតិ​ពិត​ស្រស់         សម្រស់​ល្អ​ឯក              លើ​ភ្នំ​ដង​រែក

ក្នុង​ខេត្ត​ឧត្តរ៕