ការបាត់បង់សម្រស់ធម្មជាតិនៅទិសឧត្ដរ
ដោយ លឿង ត្រា
ឧត្ដរមានជ័យជាខេត្តមួយក្នុងចំណោមខេត្តទាំង២៣និងរាជធានី១នៃប្រទេសកម្ពុជា។ ឧត្តរមានជ័យមានទីតាំងស្ថិតនៅប៉ែកខាងជើងនៃប្រទេស ដែលមានចម្ងាយប្រមាណជា៤៦៩គីឡូម៉ែត្រគិតពីទីក្រុងភ្នុំពេញ គេអាចធ្វើដំណើរទៅខេត្តនេះតាមរយៈផ្លូវជាតិ៥ឆ្លងកាត់កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងផ្លូវលេខ៥៨ ឬ ផ្លូវជាតិលេខ ៦ និង ៦៩ ដែលមានចម្ងាយតិចជាងផ្លូវជាតិលេខ៥ ប្រហែល២០គីឡូម៉ែត្រ។
កាលដើមឡើយខេត្តនេះគឺជាតំបន់មួយដែលពោពេញទៅដោយព្រៃឈើយ៉ាងក្រាស់ឃ្មឹកគ្រប់ទីកន្លែងដែលជាជម្រកនិងសំបុកដ៏ប្រសើរដល់សត្វគ្រប់ប្រភេទដូចជាពួកសត្វម្រឹគ សត្វចតុបាតនិងបក្សីគ្រប់ប្រភេទ។ ចំពោះលក្ខណៈអាកាសធាតុវិញគឺពិតជាអនុគ្រោះដល់តំបន់នេះខ្លាំងណាស់មានទឹកភ្លៀងធ្លាក់ទៀងទាត់ មានទឹកជំនន់គ្រប់គ្រាន់ហើយមានទឹកដក់នូវតាមត្រពាំង បឹងបួដែលអាចរក្សាទុកប្រើប្រាស់បានបរិបូណ៌ក្រៃលេងពេញមួយរដូវប្រាំង រីឯសត្វវិញក៏ដូច្នោះដែរមានទឹកផឹកតាមត្រពាំង បឹងបួ ជ្រោះជ្រលងអូរ។ ចាប់ពីខែឧសភារហូតដល់ខែតុលាជារដូវដែលជោគជាំជាទីបំផុត។ ពេលចូលដល់រដូវវស្សាម្ដងៗមានទឹកជន់ច្រើនណាស់ទឹកមានផ្ទៃពណ៌សពាសពេញវាល ទឹកជំនន់ហូរកាត់ព្រៃគ្រប់ទីកន្លែងនិងមានមច្ឆាជាតិជាច្រើនប្រភេទរត់ចុះឡើងស្វែងរកទីជម្រកថ្មី និងចំណី។ រុក្ខជាតិក៏ប្រឹងបញ្ចេញភាពស្រស់ស្អាតរបស់វាបង្អួតដាក់គ្នាទៅវិញទៅមក រីឯផ្កាដែលរីកនូវរដូវនេះក៏ចាប់ផ្ដើមរីកស្គុះស្គាយពាសពេញព្រៃនិងបញ្ចេញពិដោរក្រអូបឈ្ងុយឈ្ងប់សាយភាយតាមខ្យល់ទៅគ្រប់ទីកន្លែងនៃបរិយាកាស។ មើលពីចម្ងាយទៅរុក្ខជាតិប្រឹងញញឹមបង្ហាញភាពស្រស់បំព្រងខៀវស្រងាត់គួបផ្សំនិងសំឡេងបក្សីខំស្រែកទ្រហោច្រៀងទ្រហឹងអឺងកងលើចុងព្រៃព្រឹក្សាយ៉ាងសប្បាយខ្ញៀវខ្ញារ នេះគឺពិតជាធ្វើអោយធម្មជាតិព្រៃភ្នំពិតៗ ដ៏ស្រស់ត្រកាលទាក់ទាញអារម្មណ៍របស់មនុស្សនិងសត្វគ្រប់ប្រភេទមករស់នៅទីនេះ។ឯការប្រកបរបរកសិកម្មវិញដូចជាដំណាំស្រូវក៏ល្អឥតឧបមាដែលប្រឹងបញ្ចេញពណ៌បៃតងខ្ចីជាផ្ទៃលាតសន្ធឹងធំល្វឹងល្វើយមិនចាញ់សម្រស់ព្រៃឈើប៉ុន្មានទេនិងដំណាំផ្សេងៗក៏ទទួលបានផលល្អគ្រប់គ្រាន់ ហើយប្រជាជនសប្បាយរីករាយពេញចិត្តនឹងរស់នៅទីនោះខ្លាំងណាស់។ តែផ្ទុយទៅវិញប៉ុន្មានឆ្នាំកន្លងមកនេះកំណើនប្រជាជននៅទិសឧត្ដរកាន់តែច្រើនឡើងដោយសាមានចំណូលស្រុក ពោលៈគឺមានប្រជាជនមកពីតាមបណ្ដាខែត្រនានាមករស់នៅតំបន់ឧត្ដរនេះ។ គឺគាត់បានទិញដីផ្ទះនិងដីធ្វើស្រែចំការរបស់អ្នកស្រុកភូមិអស់ហើយអ្នកភូមិក៏ផ្លាស់ប្ដូរលំនៅរបស់ខ្លួនចេញពីភូមិស្រុកនាំគ្នាទៅចាប់យកដីថ្មីដែលជាតំបន់ព្រៃឈើក៏នាំគ្នាហែកកកាយកាប់ឆ្ការដុតបំផ្លាញព្រែឈើយកដីសង់លំនៅឋានថ្មីនិងធ្វើកសិកម្មរបស់គាត់បន្តទៀត។ជាក់ណាស់ព្រៃឈើនៅតំបន់នេះនិងបាត់បង់កាន់តែច្រើនទៅៗ ហើយសម្រស់របស់វាក៏កាន់តែអាប់អួទៅបន្តិចម្ដងៗ។ ព្រៃឈើដែលធ្លាប់តែមានសម្រស់ស្រស់ត្រកាលឥឡូវប្រែជាពណ៌លឿងក្រៀមក្រិនស្វិតរញោមបាត់បង់សម្រស់ដោយសាតែអាកាសធាតុប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែក្ដៅខ្លាំងឡើងៗ បើប្រជាជននូវតែបន្តធ្វើសកម្មភាពអស់ទាំងនេះទៀតធម្មជាតិនិងទទួលរងការបាត់បង់កាន់តែច្រើន។ ប្រជាពលរដ្ឋដែលរស់នៅឧត្ដរមានជ័យភាគច្រើនជាប្រជាកសិករគឺគាត់មានតែហែកកកាយកាប់ឆ្ការដុតកម្ទេចព្រៃឈើដើម្បីយកដីប្រកបរបររបស់គាត់ គឺក្នុងមួយគ្រួសារគាត់បំផ្លាញព្រៃឈើអស់ជាមធ្យមចាប់ពីមួយហិចតាទៅពីហិចតាក្នុងមួយឆ្នាំៗ ពិសេសគឺអ្នកដែលរស់នៅតាមក្បែរៗជើងភ្នំ។តែការបាត់បង់ព្រៃឈើក៏មិនអាចសង្កត់ធ្ងន់ទៅលើតែសកម្មភាពរបស់ប្រជាកសិករដែរក៏មានក្រុមមន្ត្រីរាជការស្អុយរលួយមួយចំនួនទៀត ដែលគាត់មានការងារជាជាអ្នកការពារនូវសម្បត្តិទាំងនេះជាគំរូដល់អ្នកស្រុកអ្នកភូមិបែរជាស៊ីសំណូកសូកប៉ាន់ឃុបឃិតជាមួយឈ្មួញរកស៊ីឈើកែងចំណេញមួយផ្នែកទៀតទៅលើការធ្វើអាជីវកម្មជួញដូរឈើលួចលាក់ខុសច្បាប់។នេះជាអំពើមួយដែលអាក្រក់បំផុតមួយក្នុងនៅទិសឧត្ដរដែលធម្មជាតិត្រូវបានបាត់បង់ជារឿយៗដោយសារអ្នកដែលមានចំណេះវិជ្ជា ហើយក៏ជាអ្នកកាន់ច្បាប់ទៀតនោះ។ មួយវិញទៀតទាក់ទងទៅនិងការអភិវឌ្ឍន៍មួយចំនួននៅតាមជនបទដាច់ស្រយាលក៏ចូលរួមចំណែកធ្វើអោយធម្មជាតិនៅទិសឧត្ដររងការខូចខាតនិងបាត់បង់ផ្នែកខ្លះ ដូចជាធ្វើផ្លូវបុកចូលព្រៃក្រាស់ៗ ជីកកកាយបិទទំនប់ធ្វើអោយដើមឈើក្នុងនោះត្រូវស្លាប់បាត់បង់អស់។លើសពីនេះទៅទៀតភាពវិនាសនេះក៏កើតឡើងចំពោះអ្នកមានអំណាចតាមមូលដ្ឋានខ្លះបានបោកបញ្ឆោតប្រជាជនយកដីព្រែរបស់គាត់ឈូសឆាយបំផ្លាញអស់ព្រៃឈើ ធ្វើជាកន្លែងកសិកម្មផ្ទាល់ខ្លួន។ អ្នកមានអំណាចនិងអ្នកមានប្រភេទនេះពេលធ្វើកសិកម្មម្ដងៗព្រៃឈើរាប់សិបហិចតានឹងទទួលរងការខូចខាត។
និយាយជារួមមកសម្រស់ធម្មជាតិនៅទិសឧត្ដរនិងឈានទៅរកក្ដីវិនាសហិនហោចខ្លោចផ្សាបាត់បង់ភាពស្រស់បំព្រងរបស់វាដោយសាររួបភាពទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើនេះគឺកើតឡើងព្រោះតែសកម្មភាពរបស់ប្រជាជនដែលរស់នៅទីនោះគេមិនអាចចោទប្រកាន់នរណាម្នាក់ ថាជាអ្នកដើមហេតុដែលបំផ្លាញព្រៃឈើបាននោះដែរ៕