Thursday, July 14, 2016

ចិត្តនឹក (បទពាក្យប្រាំពីរ)



រដូវវស្សាផ្ដើមមកដល់

ក្នុងចិត្តកង្វល់ខ្វល់ដល់ម្ដាយ
នឹកដល់គ្រានៅជិតរូបកាយ
ឥឡូវឃ្លាតឆ្ងាយពីម៉ែហើយ។
នឹកឃើញប្អូនបងម៉ែឥតស្បើយ
វាលស្រែស្មៅត្រើយស្រស់ខៀវខ្ចី
យប់គេងស្រម៉ៃដល់សម្ដី
ម៉ែបងតែងស្ដីមកលើខ្លួន។
ពាក្យពិរោះផ្អែមអូនបងប្អូន
ចិត្ដខ្ញុំអង្រួនទឹកនេត្រា
ពេលខ្លះលួចស្រក់លើហត្ថា
ទាំងរូបកាយាមិនដឹងខ្លួន។
ពិសេសរដូវព្រោះស្ទូងដក
ក្នុងចិត្តដង្ហក់គិតនឿយណាយ
គិតឃើញរូបភាពធ្លាប់សប្បាយ
ដកស្នាបវាយប្រាយសើចរីករាយ។
នៅពេលសម្រាកនាំគ្នាបាយ
ឈ្ងុយឆ្ងាញ់ក្អាកក្អាយនងម្ហូមស្រែ
ពេលមានភ្លៀងធ្លាក់រត់លេងក្បែរ
ម៉ែបងមើលថែហៅចូលខ្ទម។
នឹកស្នាមញញឹមអ្នកមានគុណ
បងស្រីបងប្រុសប្អូនសម្លាញ់
ធ្លាប់ប្រលែងលេងយ៉ាងខ្នក់ខ្នាញ់
ធ្វើអោយរំសាយភាពនឿយហត់។
តែទោះយ៉ាងណាត្រូវអំណត់
តស៊ូអត់ធ្មត់សម្រេចដៅ
ដើម្បីត្រឡប់ជួបញ្ញាតិផៅ
នាំផ្កាផ្លែទៅដល់គ្រួសារ។

ខា សុខឿប (ជំនាញពត៍មានវិទ្យា)
E-mail:sokhoeurb kha@mail.come