Friday, December 21, 2012

ទិន្នផល​ស្រូវ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ឆ្នាំ​២០១២ ធ្លាក់​ចុះ

2012-12-20
ទិន្នផល​ស្រូវ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ក្នុង​ឆ្នាំ​២០១២ ថយ​ចុះ​បើ​ប្រៀប​ធៀប​នឹង​ផល​ស្រូវ​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ​២០១១។
អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ លោក យឿង ប៊ុនថា មាន​ប្រសាសន៍​ថា កសិករ​នៅ​ទូទាំង​ខេត្ត​បាន​ប្រមូល​ផល​ស្រូវ​ជិត​រួច​រាល់​ហើយ គិត​មក​ដល់​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ។ តាម​ការ​ប៉ាន់​ប្រមាណ គឺ​ផល​ស្រូវ​ឆ្នាំ​នេះ​បាន​ថយ​ចុះ។ ទិន្នផល​ស្រូវ​បាន​ថយ​ចុះ​ពី ២,៥​តោន​ក្នុង​ឆ្នាំ​២០១១ មក​ត្រឹម ២,២​តោន​ក្នុង​មួយ​ហិកតារ។ លោក យឿង ប៊ុនថា បន្ត​ថា គ្រោះ​រាំង​ស្ងួត​បាន​ធ្វើ​អោយ​ខូច​ខាត​ផល​ស្រូវ​នៅ​ទូទាំង​ខេត្ត​ចំនួន​១៣% នៃ​ផល​ស្រូវ​សរុប។ ទោះ​ជា​មាន​ការ​ថយ​ចុះ ក៏​ផល​ស្រូវ​ក្នុង​ស្រុក​សរុប គឺ​លើស​ពី​តម្រូវ​ការ​ដែល​អាច​សល់​ស្រូវ​អង្ករ​សម្រាប់​នាំ​ចេញ។
លោក យឿង ប៊ុនថា អំពាវ​នាវ​អោយ​កសិករ​ក្នុង​ខេត្ត ពិសេស​អ្នក​ដែល​បាន​ផល​ស្រូវ​តិច ត្រូវ​ចាប់​ផ្ដើម​ដាំ​ដំណាំ​រួម​ផ្សំ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព៖ «គឺ​សូម​រដូវ​ប្រាំង​នេះ ក្រោយ​យើង​ប្រមូល​ផល​ស្រូវ​វស្សា​ហើយ យើង​អាច​ធ្វើ​ការ​ដាំដុះ​បន្ត​ទៀត។ យើង​អាច​ធ្វើ​ជា​ស្រែ​ប្រាំង​ក៏​បាន តែ​បើ​យើង​ខ្លាច​ប្រភព​ទឹក​មិន​គ្រប់​គ្រាន់ យើង​អាច​ដាំ​ជា​បន្លែ​ជា​ពោត ជា​ត្រឡាច​អី​ជំនួស​វិញ ដើម្បី​យក​អា​នោះ​ទៅ​លក់ យើង​អាច​ទិញ​ជា​ស្បៀង​ជំនួស​វិញ​ប្រសិន​បើ​យើង​ខ្វះខាត»
ផល​ស្រូវ​សរុប​សម្រាប់​ខេត្ត​ឧត្តរមានជ័យ នៅ​ក្នុង​ឆ្នាំ​២០១២ នេះ​គឺ​មាន​ចំនួន ១៥០.៦២០​តោន​ស្រូវ​នៅ​លើ​ផ្ទៃ​ដី​សរុប​ចំនួន ៦៥.៦៩០​ហិកតារ និង​មាន​ផ្ទៃដី​ដែល​ខូចខាត​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​ចំនួន​៣០០​ហិកតារ។ ក្រៅ​ពី​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ និង​ទុក​ពូជ ខេត្ត​ឧត្តរមានជ័យ អាច​សល់​អង្ករ​ប្រមាណ​៥ពាន់​តោន៕