Thursday, May 31, 2012

ការងារស្រែចំការ

មុខ​របរ​ស្រែចំ​ការ​ជា​មុខ​របរ​មួយ​ដែល​ប្រជាជន​ទូ​ទាំង​ប្រទេស​ ក៏​ដូច​ជាប្រជាជន​ខ្មែរ​​មួយ​ភាគ​ធំដែរ​ ដែល​​ប្រកប​របរ​ធ្វើ​ស្រែចំការ​នេះ​ សម្រាប់​រក​ស៊ីទទួល​ទាន​ចិញ្ចឹម​ជី​វិត​ ក៏​ដូច ជា​ជួយ​ដល់​ក្រុម​គ្រួសារ​ទាំង​មូល​ផង​ដែរ​។ ជា​ការ​ពិត​ណាស់​ រប​រ​បែប​នេះ​គឺ​គេ​ចាំ​បាច់​ប្រើ​កម្លាំង​បាយ​ច្រើន​ណាស់​ ដើម្បី​ប្រកប​ការ​ងារ​នេះ​ ពី​ព្រោះ​ពេល​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​របរ​នេះ​គឺ​ចាំ​បាច់​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ ហើយ​នឿយ​ហត់​ថែម​ទៀត​ ​ជា​ពិសេស​នោះ​គឺ​ការ​ប្រកប​មុខ​របរ​បែប​នេះ​ មាន​ច្រើន​ដំណាក់​កាល​ណាស់​ ។ ពី​ដំបូង​គឺ​គេ​ត្រូវ​ រើស​មើល​ដី​ដែល​មាន​លក្ខណៈ​ល្អ សម​ស្រប​និង​ផល​ដំណាំ​របស់​ពួក​គេ រួច​ហើយ​គេ​ធ្វើ​ការកាប់​ច្ការតែ​ម្ដង​ ហើយ​ឧបករណ៍​ដែល​ត្រូវ​ប្រើ​ក្នុង​រដូវ​កាល​នោះ​គឺ មាន​ដូច​ជា កាំបិត​ ពូថៅ​ ផ្គាក់ ចបជី​ ចបកាប់​ និង​ឧបករណ៍​ផ្សេង​ៗ​ច្រើន​ទៀត​។ ដោយ​ឡែក​ការ​កាប់​ច្ការ​ព្រៃ​ឈើ ដើម្បី​ធ្វើ​ស្រែ​ចំ​ការ​នេះ​មាន​ផល​ប៉ះ​ពាល់​ច្រើ​ន​ណាស់​​ដល់​បរិស្ថាន​ ដូចជា​ ធ្វើ​មាន​ផល​ប៉ះ​ពាល់​ដល់​ជី​វិត​សត្វ​ព្រៃ​ ធ្វើ​ឲ្យ​ពួក​វា​គ្មាន​ទី​ជំ​រក​ ធ្វើ​ឲ្យ​បាត់​បង់​ព្រៃ​ឈើ​ដែល​ជា​ប្រ​ភព​នៃ​ថាមពល​ផ្សេង​ៗ​ ជា​ពិសេស​ធ្វើ​ឲ្យ​មាន​គ្រោះ​រីង​ស្ងួត​ ហើយ​សំបូរ​កូន​រដូវ​ប្រាំង​ និង​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះ​មហន្តរាយ​​ មួយ​ចំនួន​ដូចជា​ ខ្យល់​ព្យុះ​ ទឹក​ជំនន់ជា​ដើម​...​ប៉ុន្តែ​បើ​ពួក​គេ​មិន​ធ្វើ​បែប​នេះគឺពួក​គាត់​ប្រាកដ​ជាគ្មាន​ការ​ងារ​ធ្វើ​ ហើយ​រក​ស៊ីទទួល​ទាន​អ្វី​ក៏​មិន​បាន​ទៀត​ដែរ​ ពី​ព្រោះ​ថា​អ្នក​ដែល​ប្រកប​ការងារ​ស្រែចំការ​នេះ​គឺ​អ្នក​ដែល​មាន​ជីវភាព​អន់​ថយ​ ក្រី​ក្រ​ និង​គ្មាន​ចំណេះ​ដឹង​។ លុះពេល​កាប់​ច្ការ​ព្រៃ​ឲ្យ​ស្រឡះ​​ហើយ​គេ​ក៏​ធ្វើ​ការ​ជ្រើស​រើស​ ថា​តើ​គួរ​ដាក់​​អ្វី​ដែល​ត្រូវ​និង​ដី​នោះ​ ដំឡូង​ សណ្ដែក​ ពោត​ ឬ​ស្រូវ​... តែ​បើ​ដាក់​ស្រូវ​ ហើយ​ត្រូវ​ជ្រើ​ស​រើស​ពូជ​ស្រូវ​ណា​ដែល​ត្រូវ​និង​ដី​នោះ​។​  រដូវ​វស្សា ប្រជាជន​តាម​តំបន់​ខ្លះ គេ​ធ្វើ​​ស្រូវ​ពង្រោះ​ ចំនែក​តំបន់​ខ្លះ​ទៀត​គេ​ធ្វើ​​ស្រូវ​សន្ទូង​។ ឧបករណ៍​សម្រាប់​ប្រើ​ក្នុង​រដូវ​នេះ​មាន​ដូច​ជា​ នង្គ័ល​ រនាស់​ ចបជីក​ ចបកាប់​ និង​ឧបករណ៍​ផ្សេងៗ​ជា​ច្រើន​ទៀត...។ បើ​ធ្វើ​ស្រូវ​ពង្រោះ​ គេ​ត្រូវ​ភ្ជួរ​ដី​យ៉ាង​តិច​​ពី​ពីរ​ទៅ​បី​ដង​ ដើម្បី​ឲ្យដីនោះ​មាន​សភាព​ទន់​ស្រួយ​ល្អសម្រាប់​ឲ្យ​គ្រាប់​ធញ្ញជាតិ​លូត​លាស់​បាន​ល្អ លុះពេល​ភ្ជួរ​ដី​រួច​ហើយ​ គេ​ក៏​ចាប់​ផ្ដើម​បាច​គ្រាប់​ស្រូវ​នោះ​ទៅ​លើ​ដី​ដែ​រ​ភ្ជួរ​រួច​ហើយ​នោះ​ បន្ទាប់​មក​ គេ​ក៏​រាស់​ពី​លើ​ដី​ដែល​ពោពេញ​ទៅ​ដោយ​គ្រាប់​ស្រូវ​​នោះ​ ឲ្យ​វា​កប់​ក្នុង​ដី​ដើម្បី​ឲ្យ​វា​ចាប់​ផ្ដើ​ម​លូត​លាស់​ ក្នុង​ដី​សើម​ល្មម​សម្រាប់​​វា។ លុះ​ដល់​ពេល​វាមាន​ពន្លក​មក​ហើយ​​ គេ​នៅថែរក្សា​រហូត​ដល់​វា​​ចេញ​ផ្កា​ផ្លែ និងរហូតស្រូវ​ទុំ ទើបធ្វើការ​ច្រូត​កាត់​។ ចំនែក​ការ​ធ្វើ​ស្រែ​បែប​ស្រូវ​សន្ទូង​វិញ​គឺ​វា​មាន​លក្ខណៈ​ពិបាក​ជាង​ស្រូវ​ពង្រោះ​បន្តិច​ ដោយ​​គេ​ធ្វើ​សំ​ណាប​ជាមុន​សិន​​ មុន​និង​យក​វា​ទៅ​ស្ទូង​។ ការ​ធ្វើ​សំ​ណាប​គឺ​គេ​ត្រូវ​ភ្ជួរ​ដី​ ដូច​ធ្វើ​ស្រូវ​ពង្រោះ​ដែរ​ គឺ​ត្រូវ​ភ្ជួរដី​យ៉ាង​តិច​ចំនួន​ពី​ពីរ​ទៅ​បី​ដង​រួច​ហើយ​ គេ​រាស់​ដី​នោះ​ឲ្យ​មាន​លក្ខណៈ​រាប​ស្មើ​ដូច​កន្ទេល​ គេ​ធ្វើ​បែប​នេះ​គឺដើម្បី​ងាយ​ស្រួល​ដល់​ពេល​ដក​វា​យក​ទៅ​ស្ទូង​ លុះ​គេ​រាស់​រួច​ហើយ​គេ​ត្រូវ​បាច​គ្រាប់​ពូជ​ស្រូវ​ ទៅ​លើ​ដី​ដែល​រាស់​រួច​ នៅ​ពេល​ដែល​គ្រាប់​ពូជ​ស្រូវនោះ​មាន​ពន្លក​ខ្ចី​ដុះ​មក​ហើយ​គេ​ត្រូវ​នៅ​ថែរក្សា​វា​ទៀត​ ពី​ព្រោះ​ការពារ​កុំ​ឲ្យ​មានសត្វ​មក​ចឹក​កកាយ​លើ​ដី​នោះ​ រយៈ​ពេល​ដែល​សំណាប​នោះ​វែង​ល្មម​ដក​បាន​គឺវា​មាន​អាយុ​កាល​ប្រហែល​ពី​មួយ​ខែ​កន្លះ​ទៅ​ពីរខែ​ ឬ​ក៏​លើស​ពី​នោះ​ ទើប​ដក​យក​មក​ស្ទូង​បាន​។ ពេល​សំ​ណាប​​គ្រប់​អាយុ​ល្មម​ដក​ហើយ​ គេ​ក៏​ចាប់​ផ្ដើម​ដក​វា​ ហើយ​ក្នុង​ការ​ដក​គេ​មាន​ឧបករណ៍​ដូច​ជា ចំណង​សម្រាប់​ចង​ ហើយ​ចំណង​ចង​នេះ​ អ្នក​ខ្លះ​គេ​យក​រុក្ខជាតិ​ម្យ៉ាង​ដែល​មាន​លក្ខណៈ​ស្វឹត​ហើយ​ជាប់​ ដែល​គេតែង​តែ​ហៅ​រុក្ខជាតិ​​នោះ​ថា​ឈើ​ព្រាល ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​គេ​យក​ខ្សែ​ជ័រ​ឬ​ វល្លិ និង​ស្លឹក​ត្នោត​ ឬ​ស្លឹក​រឹត​​ដើម្បី​ចង​សំណាប​ធ្វើ​ជាដុំ​សំណាប​ឬ​ដៃ​សំណាប​តូចៗ​ ហើយ​ងាយ​ស្រួល​ក្នុង​ការ​ស្ទូង​ផង​ដែរ ពេល​គេ​ដក​បាន​រួច​រាល់​ហើយ​ទើប​គេ​យក​សំណាប​នោះ​​ទៅ​ដោត​ ឬស្ទូង​លើ​ដី​ ដែល​ភ្ជួរ​ ហើយការ​ស្ទូង​​នោះ​គឺ​មាន​ពីរ​បែប​ទៀត​គឺ​ស្ទូង​ក្នុង​ទឹក​ និង​ស្ទួង​នៅ​លើ​ដី​គោក​។ ការ​ស្ទូង​ក្នុង​ទឹក​គឺ​មាន​លក្ខណៈ​ងាយ​ស្រួល​ណាស់​ ពី​ព្រោះ​ក្នុង​ទឹក​ត្រជាក់​ហើយ​ដី​ទន់​ស្រួល​ធ្វើ​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​ស្ទូង​ ចំនែក​ការ​ស្ទូង​នៅ​លើ​ដី​គោក​វិញ​នោះ​គឺ​មាន​លក្ខណៈ​ពិបាក​បន្តិច​ ដោយ​គេ​កាប់​ឈើ​តូច​ល្មម​​ប៉ុន​កំ​ភួន​ដៃ​ ដើម្បី​យក​មក​ធ្វើ​រន្ធដាក់​​​​សំណាប​ ដើម្បី​ឲ្យ​កើត​ជា​សន្ទូង​។ អស់​រយៈ​កាល​មិន​យូរប៉ុន្មាន​ សន្ទូង​ដែល​គេ​ស្ទូង​នៅលើ​ផ្ទៃ​​ធំ​ល្វឹង​ល្វើយ​ ក៏​កើត​ចេញ​ពាស​ពេញ​ផ្ទៃ​​វាល​ស្រែនោះ​។​ ពីមួយ​ខែ​ទៅ​មួយ​ខែ​ពណ៌​ខៀវ​ខ្ចី​ស្រងាត់​បាន​កើត​ឡើង​នៅលើ​​ផែន​​​​ពសុធា​ ដែល​ប្រកប​ទៅ​ដោយ​ដើម​ស្រូវ​ធំ​ៗ​គួរ​ឲ្យ​​កោត​សសើរ​ពេក​ក្រៃ ។ ​ ទន្ទឹម​និង​ការ​ធ្វើ​ស្រែ​ចំ​ការ​នេះ​ផង​ដែរ​ គឺ​មាន​ប្រជាជន​មួយ​ចំនួន​ដែល​ធ្វើ​ស្រែ​ចំការ​ពឹង​លើ​ធម្មជាតិ​ទាំង​ស្រុង​ ដូច​ជា​រង​ចាំ​ទឹក​ភ្លៀង​ជា​ដើម​ ហើយ​ការ​ប្រកប​ការ​ងារ​បែប​នេះ​គឺ​ពិត​ជា​ពិបាក​ណាស់​សម្រាប់​ពួក​គាត់​ពី​ព្រោះ​ថា​ ជួន​កាល​ភ្លៀង​ ជួន​កាល​រាំង​ធ្វើ​ឲ្យ​ស្រែ​ស្រូវ​ពួក​គាត់​ស្កក​ខូច​ខាត​អស់​ បើ​ឆ្នាំ​ណា​មាន​ភ្លៀង​​ធ្លាក់​គ្រប់​គ្រាន់​ការ​ប្រកប​ការងារ​ក៏​បាន​ផល​ល្អ​ណាស់​ដែរ​ ប៉ុន្តែ​បើ​ឆ្នាំ​ណាមិន​សំបូរ​ទឹក​ភ្លៀង​វិញ​នោះ គឺ​ធ្វើ​ឲ្យ​ខូច​ខាត​ផល​ដំណាំ​អស់​ជួន​កាល​ស្ទើតែ​មិនបាន​ប្រមូល​ផល​ទៀត​ផង... ​។ ​ចំ​នែក​ការ​ធ្វើ​ស្រែ​ម៉្យាង​ទៀត​ គឺគេ​មិន​ពឹង​លើ​​ទឹក​ភ្លៀង​ទាំង​ស្រុង​ទេ​ ដោយ​គេ​បិត​ទំនប់ ធ្វើ​ស្រះ​​ធំៗ​​សម្រាប់​ទប់​​​ ឬស្តុកទឹក​បាន​យូរ​ នៅ​ពេល​គេ​ត្រូវ​ការ​ទឹក​គឺ​វា​ងាយស្រួល ចំនែក​ការ​ប្រមូល​ផល​វិញ​ក៏​បាន​ល្អ​ដែរ​ ។ ​នៅ​ពេល​ដែល​ស្រូវ​សន្ទូង​ ក៏​ដូច​ជាស្រូវ​ពង្រោះ​ចេញ​ផ្កា​ផ្លែ​ រហូត​ដល់​​ទុំ​ហើយ​នោះ​ទើប​គេ​ច្រូត​កាត់​ ចំ​នែក​ក្នុង​ការ​ច្រូត​កាត់​នេះ​មាន​ឧបករណ៍​ដូចជា​កណ្តៀវ​ ប៉ុន្តែ​សព្វ​ថ្ងៃ​ជា​សម័យ​ទំ​នើប​មាន​អ្នក​ខ្លះ​ប្រើ​ម៉ាស៊ីន​សម្រាប់​ច្រូត​ជាដើម​...​ នៅ​ពេល​គេ​ច្រូត​កាត់​រួច​ហើយ​ ត្រូវ​​ចង​កណ្ដាប់​​ឲ្យ​សម​ល្មម​ដើម្បី​យក​ទៅ​បោក។ ការ​បោក​ស្រូវ​នេះក៏​មាន​ពីរ​ប្រភេទ​ដោយ​អ្នក​ខ្លះ​គេ​បោក​ដោយ​ប្រើ​ដៃ​ ប៉ុន្តែ​អ្នក​ខ្លះ​គេ​ប្រើ​ម៉ាស៊ីន​​ដើម្បី​បូត​ស្រូវ​ជា​ដើម​ លុះ​បោក​រួច​ហើយ​ទើប​យក​ទៅ​កិន​ទៀត​ដើម្បី​ឲ្យ​បាន​ជា​គ្រាប់​អង្ករ​ សម្រាប់​បរិភោគ​ក៏​ដូច​ជាសម្រាប់​ដោះ​ដូ​រអ្វី​ផ្សេង​ទៀត​ដើម្បី​បាន​លុយ​យក​មក​ផ្គត់​ផ្គង់​គ្រួសារ​ផង​ដែរ... ​​​។​​ ជា​ការ​ពិត​ណាស់​ការ​ប្រកប​ការ​ងារ​ស្រែ​ចំការ​នេះ​ គឺមាន​លក្ខណៈ​ពិបាក​ណាស់​ នឿយ​ហត់​ណាស់​​ទម្រាំ​បាន​យក​មក​បរិភោគ​ ប៉ុន្តែ​បើ​គ្មា​ន​អ្ន​ក​ស្រែ​នោះ​ទេ​ក៏​គ្មាន​បាយ​បរិភោគ​ដែរ​។​ ដូច​នេះ​យើង​ទាំង​អស់​គ្នា​​ត្រូវ​តែ​ជួយ​លើក​តម្កើង​ និង​កុំ​រើស​អើង​អ្នក​ស្រែ​ចំការ​ត​ទៅ​ទៀត​​​​​​​​​៕

ស្ងាម ក្រឹម