Tuesday, January 11, 2011

ការ​បាត់​បង់​សម្រស់​ធម្ម​ជាតិ​នៅ​ទិស​ឧត្ដរ​

ការ​បាត់​បង់​សម្រស់​ធម្ម​ជាតិ​នៅ​ទិស​ឧត្ដរ​
ដោយ លឿង ត្រា

     ឧត្ដរ​មាន​ជ័យ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​២៣​និង​រាជធានី​១​នៃ​ប្រទេស​កម្ពុជា​។​ ឧត្តរ​មាន​ជ័យ​មាន​ទីតាំង​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៤៦៩​គីឡូ​ម៉ែត្រ​គិត​ពី​ទីក្រុង​ភ្នុំ​ពេញ​ គេ​អាច​ធ្វើ​ដំណើរ​ទៅ​ខេត្ត​នេះ​តាម​រយៈ​ផ្លូវ​ជាតិ​៥​​​ឆ្លងកាត់​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ផ្លូវលេខ​៥៨​ ឬ ផ្លូវ​ជាតិ​លេខ ៦ និង ៦៩ ដែល​មាន​ចម្ងាយ​តិច​ជាង​ផ្លូវ​ជាតិ​លេខ​៥ ប្រហែល​២០​គីឡូម៉ែត្រ។
  កាល​ដើម​ឡើយ​ខេត្ត​នេះ​គឺ​ជា​តំបន់​មួយ​ដែល​ពោ​ពេញ​ទៅ​ដោយ​ព្រៃ​ឈើ​យ៉ាង​ក្រាស់​ឃ្មឹក​គ្រប់​ទីកន្លែង​ដែល​ជា​ជម្រក​និង​សំបុក​ដ៏​ប្រសើរ​ដល់​សត្វ​គ្រប់​ប្រភេទ​ដូច​ជា​ពួក​សត្វ​ម្រឹគ​ សត្វ​ចតុ​បាត​និង​បក្សី​គ្រប់​ប្រភេទ​។​ ចំពោះ​លក្ខណៈ​អាកាស​ធាតុ​វិញ​គឺ​ពិត​ជា​អនុ​គ្រោះ​ដល់​តំបន់​នេះ​ខ្លាំង​ណាស់​មាន​ទឹក​ភ្លៀង​ធ្លាក់​ទៀង​ទាត់​ មាន​ទឹក​ជំនន់​គ្រប់​គ្រាន់​ហើយ​មាន​ទឹក​ដក់​នូវ​តាម​ត្រពាំង​ បឹង​បួ​ដែល​អាច​រក្សា​ទុក​ប្រើ​ប្រាស់​បាន​បរិបូណ៌​ក្រៃ​លេង​ពេញ​មួយ​រដូវ​ប្រាំង​ រីឯ​សត្វ​វិញ​ក៏​ដូច្នោះ​ដែរ​មាន​ទឹក​ផឹក​តាម​ត្រពាំង​ បឹងបួ​ ជ្រោះ​ជ្រលង​អូរ​។ ចាប់​ពី​ខែ​ឧសភា​រហូត​ដល់​ខែ​តុលា​ជា​រដូវ​ដែល​ជោគ​ជាំ​ជាទី​បំផុត​។ ពេល​ចូល​ដល់​រដូវ​វស្សា​ម្ដងៗ​មាន​ទឹក​ជន់​ច្រើន​ណាស់​ទឹក​មាន​ផ្ទៃ​ពណ៌​ស​ពាស​ពេញ​វាល​ ទឹក​ជំនន់​ហូរ​កាត់​ព្រៃ​គ្រប់​ទី​កន្លែង​និង​មាន​មច្ឆា​ជាតិ​ជា​ច្រើន​ប្រភេទ​រត់​ចុះ​ឡើង​ស្វែង​រក​ទី​ជម្រក​ថ្មី​ និង​ចំណី​។ ​រុក្ខ​ជាតិ​ក៏​ប្រឹង​បញ្ចេញ​ភាព​ស្រស់​ស្អាត​របស់​វា​បង្អួត​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ រីឯ​ផ្កា​ដែល​រីក​នូវ​រដូវ​នេះ​ក៏​ចាប់​ផ្ដើម​រីក​ស្គុះ​ស្គាយ​ពាស​ពេញ​ព្រៃ​និង​បញ្ចេញ​ពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់​សាយ​ភាយ​តាម​ខ្យល់​ទៅ​គ្រប់​ទី​កន្លែង​នៃ​បរិយាកាស​។ ​មើល​ពី​ចម្ងាយ​ទៅ​រុក្ខ​ជាតិ​ប្រឹង​ញញឹម​បង្ហាញ​ភាព​ស្រស់​បំព្រង​ខៀវ​ស្រងាត់​គួប​ផ្សំ​និង​សំឡេង​បក្សី​ខំ​ស្រែក​ទ្រហោ​ច្រៀង​ទ្រហឹង​អឺង​កង​លើ​ចុង​ព្រៃ​ព្រឹក្សា​យ៉ាង​សប្បាយ​ខ្ញៀវ​ខ្ញារ​ នេះ​គឺ​ពិត​ជា​ធ្វើ​អោយ​ធម្ម​ជាតិ​ព្រៃ​ភ្នំ​ពិត​ៗ​ ដ៏​ស្រស់​ត្រកាល​ទាក់​ទាញ​អារម្មណ៍​របស់​មនុស្ស​និង​សត្វ​គ្រប់​ប្រភេទ​មក​រស់​នៅ​ទី​នេះ​។​ឯ​ការ​ប្រកប​របរ​កសិកម្ម​វិញ​ដូច​ជា​ដំណាំ​ស្រូវ​ក៏​ល្អ​ឥត​ឧប​មា​ដែល​ប្រឹង​បញ្ចេញ​ពណ៌​បៃតង​ខ្ចី​ជា​ផ្ទៃ​លាត​សន្ធឹង​ធំ​ល្វឹង​ល្វើយ​មិន​ចាញ់​សម្រស់​ព្រៃ​ឈើ​ប៉ុន្មាន​ទេ​និង​ដំណាំ​ផ្សេងៗ​ក៏​ទទួល​បាន​ផល​ល្អ​គ្រប់​គ្រាន់​ ហើយ​ប្រជាជន​សប្បាយ​រីករាយ​ពេញ​ចិត្ត​នឹង​រស់​នៅ​ទីនោះ​ខ្លាំង​ណាស់​។ ​តែ​ផ្ទុយ​ទៅ​វិញ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​កំណើន​ប្រជាជន​នៅ​ទិស​ឧត្ដរ​កាន់​តែ​ច្រើន​ឡើង​ដោយ​សា​មាន​ចំណូល​ស្រុក​ ពោលៈ​គឺ​មាន​ប្រជាជន​មក​ពី​តាម​បណ្ដា​ខែត្រ​នានា​មក​រស់​នៅ​តំបន់​ឧត្ដរ​នេះ​។ ​គឺ​គាត់​បាន​ទិញ​ដី​ផ្ទះ​និង​ដី​ធ្វើ​ស្រែ​ចំ​ការ​របស់​អ្នក​ស្រុក​ភូមិ​អស់​ហើយ​អ្នក​ភូមិ​ក៏​ផ្លាស់​ប្ដូរ​លំនៅ​របស់​ខ្លួន​ចេញ​ពី​ភូមិ​ស្រុក​នាំ​គ្នា​ទៅ​ចាប់​យក​ដី​ថ្មី​ដែល​ជា​តំបន់​ព្រៃ​ឈើ​ក៏​នាំ​គ្នា​ហែក​កកាយ​កាប់​ឆ្ការ​ដុត​បំផ្លាញ​ព្រែ​ឈើ​យក​ដី​សង់​លំនៅឋាន​ថ្មី​និង​ធ្វើ​កសិកម្ម​របស់​គាត់​បន្ត​ទៀត​។​ជាក់​ណាស់​ព្រៃ​ឈើ​នៅ​តំបន់​នេះ​​និង​បាត់​បង់​កាន់​តែ​ច្រើន​ទៅៗ​ ហើយ​សម្រស់​របស់​វា​ក៏​កាន់​តែ​អាប់អួ​ទៅ​បន្តិចម្ដងៗ​។ ​ព្រៃឈើ​ដែល​ធ្លាប់​តែ​មាន​សម្រស់​ស្រស់​ត្រកាល​ឥឡូវ​ប្រែជា​ពណ៌​លឿង​ក្រៀម​ក្រិន​ស្វិត​រញោម​​បាត់​បង់​សម្រស់​ដោយ​សា​តែ​អាកាស​ធាតុ​ប្រែ​ប្រួល​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​​ថ្ងៃ​កាន់​តែ​ក្ដៅ​ខ្លាំង​ឡើង​ៗ​ បើ​​ប្រជាជន​​នូវ​តែ​បន្ត​ធ្វើ​សកម្ម​ភាព​អស់​ទាំង​នេះ​ទៀត​ធម្ម​ជាតិ​និង​ទទួល​រង​ការ​បាត់​បង់​កាន់​តែ​ច្រើន​។​ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ឧត្ដរមានជ័យ​ភាគ​ច្រើន​ជា​ប្រជាកសិករ​គឺ​គាត់​មាន​តែ​ហែក​កកាយ​កាប់​ឆ្ការ​ដុត​កម្ទេច​ព្រៃឈើ​ដើម្បី​យក​ដី​ប្រកប​របរ​របស់​គាត់​ គឺ​ក្នុង​មួយ​គ្រួសារ​គាត់​បំផ្លាញ​ព្រៃឈើ​អស់​ជាមធ្យម​ចាប់​ពី​មួយ​ហិច​តា​ទៅ​ពី​ហិច​តា​ក្នុង​មួយ​ឆ្នាំៗ​ ពិសេស​គឺ​អ្នក​ដែល​រស់​នៅ​តាម​ក្បែរ​ៗ​ជើង​ភ្នំ​។​តែ​ការ​បាត់​បង់​ព្រៃឈើ​ក៏​មិន​អាច​សង្កត់​ធ្ងន់​ទៅ​លើ​តែ​សកម្ម​ភាព​របស់​ប្រជាកសិករ​ដែរ​ក៏​មាន​ក្រុម​មន្ត្រី​រាជការ​ស្អុយ​រលួយ​មួយ​ចំនួន​ទៀត​ ដែល​គាត់​មាន​ការ​ងារ​ជា​ជា​អ្នក​ការ​ពារ​នូវ​សម្បត្តិ​ទាំង​នេះ​ជា​គំរូ​ដល់​អ្នក​ស្រុក​អ្នក​ភូមិ​បែរ​ជា​ស៊ី​សំណូក​សូក​ប៉ាន់​ឃុបឃិត​ជា​មួយ​ឈ្មួញ​រកស៊ី​ឈើ​កែង​ចំណេញ​មួយ​ផ្នែក​ទៀត​ទៅ​លើ​ការ​ធ្វើ​អាជីវ​កម្ម​ជួញ​ដូរ​ឈើ​លួច​លាក់​ខុស​ច្បាប់​។​នេះ​ជា​អំពើ​មួយ​ដែល​អាក្រក់​បំផុត​មួយ​ក្នុង​នៅ​ទិស​ឧត្ដរ​ដែល​ធម្ម​ជាតិ​ត្រូវ​បាន​បាត់​បង់​ជា​រឿយៗ​ដោយ​សារ​អ្នក​ដែល​មាន​ចំណេះ​វិជ្ជា​ ហើយ​ក៏​ជា​អ្នក​កាន់​ច្បាប់​ទៀត​នោះ​។​ មួយ​វិញ​ទៀត​ទាក់​ទង​ទៅ​និង​ការ​អភិវឌ្ឍន៍​មួយ​ចំនួន​នៅ​តាម​ជនបទ​ដាច់​ស្រយាល​​ក៏​ចូល​រួម​ចំណែក​ធ្វើ​អោយ​ធម្មជាតិ​នៅ​ទិស​ឧត្ដរ​រង​ការ​ខូច​ខាត​និង​បាត់​បង់​ផ្នែក​ខ្លះ​ ដូច​ជា​ធ្វើ​ផ្លូវ​បុក​ចូល​ព្រៃ​ក្រាស់​ៗ​ ជីក​កកាយ​បិទ​ទំនប់​ធ្វើ​អោយ​ដើម​ឈើ​ក្នុង​នោះ​ត្រូវ​ស្លាប់​បាត់​បង់​អស់​។​លើស​ពី​នេះ​ទៅ​ទៀត​ភាព​វិនាស​នេះ​ក៏​កើត​ឡើង​ចំពោះ​អ្នក​មាន​អំណាច​តាម​មូលដ្ឋាន​ខ្លះ​បាន​បោក​បញ្ឆោត​ប្រជាជន​យក​ដី​ព្រែ​របស់​គាត់​ឈូស​ឆាយ​បំផ្លាញ​អស់​ព្រៃឈើ​ ធ្វើជា​កន្លែង​កសិកម្ម​ផ្ទាល់​ខ្លួន​។​ អ្នក​មាន​អំណាច​និង​អ្នក​មាន​ប្រភេទ​នេះ​ពេល​ធ្វើ​កសិកម្ម​ម្ដងៗ​ព្រៃឈើ​រាប់​សិប​ហិច​តា​នឹង​ទទួល​រង​ការ​ខូច​ខាត​។​
       និយាយ​ជា​រួម​មក​សម្រស់​ធម្មជាតិ​នៅ​ទិស​ឧត្ដរ​និង​ឈាន​ទៅ​រក​ក្ដី​វិនាស​ហិន​ហោច​ខ្លោច​ផ្សា​បាត់​បង់​ភាព​ស្រស់​បំព្រង​របស់​វា​ដោយ​សារ​រួប​ភាព​ទាំង​ប៉ុន្មាន​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​គឺ​កើត​ឡើង​ព្រោះ​តែ​សកម្ម​ភាព​របស់​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ​គេ​មិន​អាច​ចោទ​ប្រកាន់​នរណា​ម្នាក់​ ថា​ជា​អ្នក​ដើម​ហេតុ​ដែល​បំផ្លាញ​ព្រៃ​ឈើ​បាន​នោះ​ដែរ៕