ថ្ងៃនេះយើងខ្ញុំសូមជម្រាបជូនលោកអ្នកនូវមុខម្ហូបមួយប្រភេទដែលធ្វើអំពីស៊ុតមាន់ឫស៊ុតទាយើងជឿថាលោកអ្នកពិតជាធ្លាប់បានស្គាល់រួចមកហើយពេលខ្លះលោកអ្នកក៏យកស៊ុតមាន់ឫស៊ុតទាទៅចំអិនធ្វើជាម្ហូបអាហារសមម្រាប់បរិភាគផងដែរជួនកាលលោកអ្នកក៏ប្រហែលជាយកវាទៅគួសចៀនទាំងមូលហើយពេលខ្លះយកវាមកស្ងោរបរិភោគតែម្ដងឫក៏យកទៅខស្ងោរជ្រក់ជាដើម។ខាងក្រោមនេះយើងខ្ញុំនឹងជម្រាបជូនលោកអ្នកនូវគ្រឿងផ្សំនិងរបៀបធ្វើម្ហូបអំពីស៊ុតមាន់ឫស៊ុតទាដែលមានឈ្មោះថា”ឆាក្តៅស៊ុត”។
V គ្រឿងផ្សំ
- ស៊ុតមាន់ ឫ ស៊ុតទា
- ម្ទេសស្រស់
- គល់ស្លឹកគ្រៃ
- ម្រះព្រៅ
- ខ្ទឹមស
- ប្រេងឆា
- ស្ករស
- ប៊ីចេង
- អំបិល
- ទឹកត្រី
- យកស៊ុតមាន់ ឫ ស៊ុតទាមកវាយបំបែបដាក់ចានក្រលុកវាជាមួយនឹងស្ករស ប៊ីចេង បន្ទិច(ដាក់ឲ្យល្មមកុំឲ្យប្រៃ)
- ដាក់ខ្ទះដាំឲ្យក្តៅរួចចាក់ប្រេងឆាចូល យកស៊ុតដែលក្រលុករួចមកចៀនឲ្យឆ្អិន ទុកដាក់មួយលែក
- យកខ្ទឹមសមកបកសំបកចេញ ហើយចិញ្ច្រាំឲ្យល្អិតទុកមួយលែក
- យកម្ទេសស្រស់មកហាន់វាបញ្ឆិតៗទុកមួយអន្លើ
- យកគល់ស្លឹកគ្រៃមកហាន់បញ្ឆិតស្ដើងៗទុកមួយលែក
- យកស៊ុតដែលចៀនឆ្អិនហើយ មកហាន់ជាដុំជ្រុងៗតូចល្មម ទុកមួយលែក
- បន្ទាប់មកយកម្រះព្រៅមកបេះលាងទឹកឲ្យស្អាតទុកដាក់ឲ្យស្រូលបួលយកខ្ទះដាក់ដាំឲ្យក្តៅបន្ទាប់ចាក់ប្រេងឆាចូលបំពងជាមួយនឹងខ្ទឹមសដែលចិញ្ច្រាំល្អិតរួចហើយឲ្យឡើងក្រហម ដាក់ម្ទេសស្រស់ដែលហាន់រួចនិងគល់ស្លឹកគ្រៃដែលហាន់រួចចូលកូរឲ្យឡើងឆ្ងុយបន្ទិច សឹមចាក់ទឹកត្រីចូលបន្ទាប់មកទៀតយកស៊ុតដែលហាន់ជាស្រេចចាក់ចូលក្នុងខ្ទះកូរឲ្យសព្វ។ ដាក់ប៊ីចេងស្ករសចូលទុកឲ្យឆ្អិនរួចយកម្រះព្រៅដែលលាងទឹកស្អាតហើយមកដាក់ចូលជាមួយគ្នាជាការស្រេច។ភ្លក់មើលតាមចូលចិត្ត(លោកអ្នកក៏អាចដាក់គ្រឿងផ្សំផ្សេងៗចូលបន្ថែមតាមចំណង់ចំណូលចិត្តបានដែរ)៕
ភួន សោភា(ទេសចរណ៍) Email: Souphea.sn@gmail.com |