Saturday, December 27, 2014

ស្រុកបន្ទាយអំពិល


ឱស្រុកបន្ទាយអំពិលអើយ                        
រូបអ្នកនេះហើយជាទីសុខ
ជាទីរស់បានផុតពីទុក្ខ                             
ជាឋានស្រណុកឥតព្រួយចិត្ត។
មានបួនឃុំជាផ្គុំនៃស្រុក                           
គេបានចែកទុកភូមិទៀតពិត
ប៉ែតសិបមួយភូមិយ៉ាងប្រសិទ្ធ                    
ចូរអ្នកចាំដិតកុំភ្លេចអ្វី។
ពួកអ្នករស់់នៅទុកចិត្តធ្ងន់                         
គឺជាទម្ងន់ដ៏ធ្ងន់ក្រៃ
ផ្ញើរខ្លួននិងស្រុកដ៏ប្រពៃ                           
ដោយលកលៃសំចៃចិត្ត។
មានសម្បត្តិវប្បធម៌ក៏ច្រើន                        
សម្បូរសម្បើមពន់ពេកពិត
មានរមណីដ្ឋានដ៏ប្រណិត                        
គឺសុទ្ធតែស្ថិតនៅលើភ្នំ។
ប្រាសាទតាមាន់តាក្របី                           
មានឈ្មោះល្បាញល្បីយ៉ាងស្រគំ
ជាទីកន្លែងយ៉ាងសុខខុម                          
មានទុក្ខប៉ុនភ្នំក៏បាត់អស់។
ទឹកជ្រោះអូទឹកចោលដ៏ល្អ                        
ស្រស់ស្អាតបវរឥតមានទាស់
ធ្វើឲ្យចិត្តខ្ញុំសែនស្រណោះ                       
មិនដាចអាឡោះទឹកជ្រោះថ្លៃ។
ឯព្រៃសហគមភ្នំដងរែក                           
សម្រស់ល្អឯកឥតមានបី
ពេលបានឃើញហើយតែងមមៃ                 
ស្រណោះអាល័យចង់ជួបទៀត។
បើនិយាយពីប្រជាជន                             
ពេលមានទុក្ខធ្ងន់ឥតចង្អៀត
សាម្គីជួយគ្នាយ៉ាងព្រងព្រៀត                     
គ្មានគិតថាញាតិពេលមានទុក្ខ។
ប្រជាជនទាំងប្រុសទាំងស្រី                       
មានចិត្តប្រពៃពេលជួបមុខ
រីករាយរាក់ទាកសួរសុខទុក្ខ                       
មានភ័យបានសុខចេះជួយគ្នា។
បងប្អូននាមជាកសិករ                             
ខិតខំត្រដរធ្វើការងារ
ធ្វើស្រែលក់ដូរឥតរុញរា                           
ប្តេជ្ញាពុះពារមិនបានស្រាក។
យុវជនទាំងប្រុសទាំងស្រី                         
នាំគ្នាលកលៃជួយរកប្រាក់
ជ្រំជ្រែងគ្រួសារដែលតោកយ៉ាក                 
ជួយដោះទុក្ខសាឪពុកម្ដាយ។
យុវជនខ្លះខិតខំរៀន                               
ឥតមានបំពានគ្មានម៉ាកងាយ
ក្រេបយកចំណេះជាសំពាយ                     
ដើម្បីស្រុកនាយរីកចម្រើន៕
ចិន ភ្នី (គីមីវិទ្យា)
E-mail: phnychin@gmail.com