អ្នកម៉ែមានគុណ គុណមានទម្ងន់
ធ្ងន់ស្មើបព៌ត អ្នកម៉ែមានពិត
គង់ចិត្តគំនិត ចិញ្ចឹមពិនិត្យ
មើលថែរាល់ថ្ងៃ។
អ្នកម៉ែពរពោះ ពរពុនធ្ងន់ហួស
ប្រាំបួនខែថ្លៃ តស៊ូកំសត់
មាសថ្លៃសំចៃ បូកនឹងដប់ថ្ងៃ
ម៉ែខំពុះពារ។
អ្នកម៉ែរែកពុន រងទុក្ខទារុណ្ឌ
ព្រោះដល់ពេលា កូនលាចាកផ្ទៃ
ផ្ដល់ជាវេលា បែកញើសសន្ធា
ស្រក់តក់ដល់ដី។
អ្នកម៉ែឃ្មាតខ្មី មិនព្រមស្រដី
ព្រោះចង់ពរបី បុត្រាបុត្រី
សមដូចសម្តី កូនជារាសី
ស្មើនឹងនេត្រា។
អ្នកម៉ែឆ្លងស្ទឹង ទន្លេព្រែកបឹង
ព្រោះតែអ្នកណា លោកមិនស្រដី
គឺព្រោះកនិដ្ឋា បុត្រីបុត្រា
ទ្រាំស៊ូគ្មានល្អៀង។
អ្នកម៉ែញញឹម គ្រាន់មានសង្ឃឹម
ពេលឭសំនៀង ឪ្យម្ដាយសប្បាយ
កូនយំដូចច្រៀង បញ្ចេញសូរសៀង
នឹងចង់រក្សា។
អ្នកម៉ែសម្រក់ នេត្រាតក់ៗ
ព្រោះឃើញភក្រ្តា ដ៏ល្អផូរផង់
អ្នកជាអ្នកណា មានវង់ភក្រ្តា
ចងជាប់ចំណង់។
អ្នកម៉ែសម្អាត រាងកាយកូនឆ្លាត
គ្មានថ្ងៃបំបង់ ដល់បវរស្ងួន
អោយធំជាក់លាក់។
អ្នកម៉ែទំនុក រៀបដាក់រៀបទុក
សម្លៀកបំពាក់ យោលទាំងអង្រឹង
បំពេរបំពាក់ អោយខ្លួនកូនអ្នក
គេងលក់ស្កប់ស្កល់។
អ្នកម៉ែបង្គំ ពីតូចដល់ធំ
ថែទាំគ្មានឆ្ងល់ រៀបចំជាផ្លូវ
អោយកូនទៅដល់ ដែនបានជាផល
នេះជាបង្គាប់។
អ្នកម៉ែណែនាំ ផ្ដល់ជាបណ្ដាំ
សិក្សាជាឈ្នាប់ ចំណេះវិជ្ជា
រៀនអោយបានជាប់ លេខជាបន្ទាប់
ជាសាស្រ្តាចារ្យ។
អ្នកម៉ែកែផ្លូវ តម្រង់ឪ្យទៅ
ជាអ្នកប្រាជ្ញា អោយកូនខំរៀន
វិជ្ជាសិក្សា អនាគតនោះណា
នឹងបានភ្លឺស្វាង។
អ្នកម៉ែមិនស្កប់ មិនទាន់ចប់សព្វ
រឿងភ័ព្វសំណាង កូនបានខ្ពស់ហើយ
ចំណាប់ចំណាន នៅខ្វះពុំបាន
ទាន់មានគ្រួសារ។
អ្នកម៉ែរៀបចំ បន្ទាប់បន្សំ
លើក្បូនវាសនា លើកទុកលើកដាក់
មាសម្ចាស់ថ្លៃណា កូនមានជតា
បានល្អប្រសើរ។
នេះហើយអស់គុណ ម៉ែខំរែកពុន
មិនចេញសូរស័ព្ទ តាំងពីកូនតូច
ខំធ្វើឪ្យត្រាប់ ដល់ធំខំប្រាប់
ចង់អោយកូនល្អ។
សូមកូនទាំងឡាយ ត្រូវចេះបរិយាយ
ដឹងគុណបវរ ត្រូវចេះតបសង
ស្នងដោយស្មោះសរ ទាំងសងកបករ
អស់លោកមានគុណ៕
ណិម សាលី (គ្រប់គ្រង) Email: nemsaly1095@gmail.com |