កូនកសិករ ត្រកូលក្រៃក្រ
រស់នៅជនបទ ភូមិដាច់ស្រយាល
ក្នុងព្រៃសែនស្ងាត់ ឮតែសូរសត្វ
ស្រែកយំរកមេ។
ថ្ងៃភ្លឺធម្មតា យប់អនិច្ចា
ម្តាយច្រៀងបំពេ អោយកូនលង់លក់
ក្រោមពន្លឺខែ ពន្លឺស្រុកស្រែ
ចង្កៀងប្រេងកាត។
ចង្កៀងមួយនេះ យប់ភ្លឺគ្រប់ផ្ទះ
កម្លោះត្រូវឈ្លាត ក្រមុំធ្វើការ
ដកកក់ហាលងៀត ព្រលប់ផ្កាយព្រៀត
ចាសត្បាញក្រមា។
ក្មេងៗចាស់ទុំ ចូលដេកជ្រងំ
សល់គូរសង្សារ ពាក្យពេចន៏ផ្អែមល្ហែម
សុំគ្នារៀបការ សាច់ស្រីស្រស់ថ្លា
ចង្កៀងមានន័យ។
ពន្លឺចង្កៀង រដូវខែភ្លៀង
បងនិងរូបស្រី ចាប់ហ៊ីកង្កែប
រអិលដេកដី បញ្ឆេះចង្រៃ
ផ្សែងរុំពេញមុខ។
តែទោះយ៉ាងណា ចង្កៀងស្នេហា
ពន្លឺក្តីសុខ ភ្លឺតែមួយផ្លូវ
ឈួលឃើញតែមុខ រួមសុខរួមទុក្ខ
ពន្លឺគ្រូសារ។
ពន្លឺចង្កៀង ជួយខ្ញុំផុតវៀង
ពីរស្រែចំការ បានមកឃើញក្រុង
ដោយការសិក្សា រួចផុតអាត្មា
ភាពអវិជ្ជា។
កាលនៅពីក្មេង ចង្កៀងចាក់ប្រេង
ផ្ទះស្បូវម្នីម្នា ជួយអោយចេះអាន
សរសេរជាឃ្លា ខ្ញុំមានវិជ្ជា
ចង់ថែថ្នាក់ថ្នម។
ចង្កៀងប្រេងកាត រូបអ្នកសស្អាត
ប្រឡាក់ក្រញ៉ម ហេតុប្រឆេះ
បៀមបឺតមិនថ្នម រុះរោយក្រញ៉ម
ខ្ញុំចង់ជូតចេញ៕៚
![]() |
ប៉ាវ ចន្រ្ទា (គីមីវិទ្យា) chantreapav@gmail.com |