Thursday, September 12, 2013

ផ្លែឈើស្រុកស្រែ



នា​ដី​ស្រុក​ស្រែ​                  ក្នុង​ព្រៃ​ឃើញ​តែ​
ស្លឹក​ឈើ​ខៀវ​ខ្ចី​                មាន​ដើម​តូច​ធំ​
ផ្លែ​ច្រើន​ពេក​ក្រៃ​              ខ្លះ​ទុំ​ខ្លះ​ខ្ចី​
គ្រប់​ប្រភេទ​ផ្លែ​។
មាន​ខ្លះ​ញ៉ាំ​កើត​                ខ្លះ​ក៏​មិន​កើត​
តាម​ប្រភេទ​ដែរ​               ឯ​ខ្លះ​ក៏​ពុល​
ខ្លះ​ទៀត​គ្រាន់​តែ​              ល្អ​ត្រឹម​តែ​ផ្លែ​
បាន​តែ​សម្រស់​។
ផ្លែ​ដែល​យើង​ញ៉ាំ​             មាន​គ្រប់​ប្រចាំ​
ក្នុង​ព្រៃ​ទាំង​អស់​               មាន​ទាំង​ផ្លែ​ជូ​
ផ្អែម​ចត់​ល្វីង​ខ្សោះ​           គ្រប់​រស​ទាំង​អស់​
គួរ​ចង់​ពិសា​។
យើង​ឃើញ​កកោះ​           បញ្ចេញ​សម្រស់​
បង្អួត​ផ្លែ​ផ្កា​                      ក្រឡាញ់​បេង​គុយ​
បញ្ចេញ​វាចា​                   កេះ​ឆ្ងាញ់​អស្ចារ្យ​
ប្រហារ​គ្រប់​គ្នា​។
កន្ទួត​ព្រៃ​ខឹង​                    ពង្រខំប្រឹង​
អួត​ដាក់​ពុទ្រា​                   អំពិល​មិន​ចាញ់​
ប្រមាញ់​ផ្លែ​ល្វា​                សេមាន់​កំព្រា​
ព្រោះ​សៅ​ម៉ៅ​ប្រែ​។
ព្រីង​ប្រឹង​បញ្ចេញ​             រំដួល​នោះ​វិញ​
ក៏​មិន​អន់​ដែរ​                    ក្រសាំង​ជូ​ពេក​
មែក​ភ្លូ​ពេញផ្លែ​                 ចំបក់​ផង​ដែរ​
ផ្លែ​ស្ទើរបាក់​មែក​។
ល្មុត​មង្ឃុត​សេដា             ម្នាស់​ក៏​អស្ចារ្យ
ខ្នុរ​បន្លា​ពេក                     ​ធុរ៉េ​ន​មិន​ចាញ់​
បន្លា​ដូច​ដែក​                    រីឯ​ផ្លែ​ចេក​
ឆ្ងុយ​ឆ្ងាញ់​ត្រជាក់។
ទន្លាប់​លឿង​ទុំ​                 ម៉ាក់​ប្រេង​ប្រជុំ​
ម៉ាក់​ប្រាំង​បញ្ជាក់​             ល្មុត​ផ្អែម​ដូច​ស្ករ​
មៀន​ក៏​មិន​លាក់​              ត្នោត​ក្រអូប​ជាក់​
ដូង​ឆ្ងុយ​ពិសា​។
ជម្ពូ​ផ្អែម​ឆ្ងាញ់​                  ទឹកដោះ​​គោ​ចាញ់​
បញ្ចេញ​វាចា​                   ប្រាប់​ទៅ​ចន្ទី​
ឲ្យ​ជួយ​ផង​ណា​               ត្រយឹង​ប្រាប់​ថា​
​ខ្លួន​ឆ្ងាញ់​ជាង​គេ​។
ស្ពឺ​ជូ​ប្រាកដ​                     ស្រម៉​ក៏​ចត់​
មិន​ចាញ់​ថ្កោ​​ទេ               ជន្លុះ​​ក៏​ដូច​
ប្រៀប​ដូច​គ្នា​ដែរ​              តែ​ត្របែក​ប្រែ​
ព្រុស​ទុំ​ពេញ​ព្រៃ​៕៚
 
ស្ងាម ក្រឹម (រូបវិទ្យា)
sngamkroem@gmail.com