ផ្កាធ្លាប់ល្អស្រស់ ធ្លាប់មានសម្រស់
ស្រស់ល្អពេកក្រៃ ព្រោះមានសន្សើម
តែងតែប្រណី ផ្សើមផ្ការាល់ថ្ងៃ
ប្រណីអាណិត។
ធ្លាប់នៅលើទង ស្រស់ល្អបំព្រង
លើទងជីវិត ក្លិនក្រអូបសាយ
ទាំងឆ្ងាយទាំងជិត ពេលយប់ងងឹត
ក្លិននៅប្រពៃ។
ពេលនេះរូបខ្លួន បែលាក់បំពួន
រុះរោយរីងរៃ ព្រោះគ្មានអ្នកថែ
រក្សារូបថ្លៃ ឃ្លាតចាកគ្មានថ្ងៃ
មកថែរក្សា។
បើស្លឹកទាំងអស់ ប្រែលែងលូតលាស់
អាប់អួព្រឹក្សា រុះរោយចាកមែក
សម្រែកឈឺផ្សា សន្សើមបុត្រា
គេលែងថែខ្លួន។
រស់ទាំងរីងរៃ រង់ចាំកូនថ្លៃ
ទាំងស្ងួតស្រពោន ព្រោះគ្មានសន្សើម
ប្រណីម្ដាយស្ងួន ផ្ការីងរៃខ្លួន
ព្រោះសន្សើមកូន។
សូមសន្សើមថ្លៃ ត្រឡប់វិលវៃ
ផ្កាស្ទើរសាបសូន្យ អត់ទឹកផ្សើមកាយ
ក្រហាយនឹកកូន សូមមកថែធួន
ដូចគ្រាកន្លង។
តើផ្កាខុសអ្វី? បានសន្សើមថ្លៃ
លែងមកនួនល្អង សូមវិលមកវិញ
ផ្កាចាំត្រសង ដូចគ្រាកន្លង
រីករាយស្រស់ថ្លៃ៕៚
ស្ងាម ក្រឹម (រូបវិទ្យា) sngamkroem@gmail.com |