Thursday, June 20, 2013

អូរត្រជាក់ចិត្ត



នៅ​តាម​បណ្ដោយ​ជើង​ភ្នំ​ដង​រ៉ែក ​ដែល​ជា​ខ្សែ​បន្ទាត់​មួយ​ខ័ណ្ឌ​ចែក​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ ហើយ​នៅ​តាម​ភ្នំ​នេះ​ដែរ​ មាន​ភូមិ​មួយ​ចំនួន​ដែល​ប្រជាជន​ខ្មែរ រស់​នៅ​នា​ពេល​បច្ចុប្បន្ន​ដូច​ជា​ច្រក​របៀង​ចេញ​ចូល​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ។​ មិន​ត្រឹម​តែ​មាន​ប្រជាជន​ទៅ​តាំង​ទី​លំនៅ​ធ្វើ​ជា​ភូមិ​នៅ​លើ​ភ្នំ​ប៉ុណ្ណោះ​​ទេ គឺ​នៅ​តាម​ដង​ភ្នំ​នេះ​មាន​សម្បត្តិ​ធម្មជាតិ​ជា​ច្រើន​ដូច​ជា ព្រៃ​ឈើ សត្វ​ព្រៃ ប្រាសាទ​បុរាណ ទឹក​ធ្លាក់​ និង​រុក្ខជាតិ​ចំរុះ​គ្នា​ផ្សេងៗ​ជា​ច្រើន​ទៀត។ អូរ​ត្រជាក់​ចិត្ត គឺ​ជា​ឈ្មោះ​អូរ​មួយ​ដែល​ស្ថិត នៅ​លើ​ភ្នំ​ដង​រ៉ែក​មាន​ទី​តាំង​ក្នុង​ស្រុក​បន្ទាយ​អំពិល នៃ​ខេត្ត​ឧត្តរ​មាន​ជ័យ។ អូរ​នេះ​ទឹក​ហូរ​គ្រប់​រដូវ​ គឺ​ទាំង​ប្រាំង​និង​វស្សា​ តែ​ទំហំ​នៃ​ទឹក​ទៅ​តាម​រដូវ​ នៅ​រដូវ​ស្សា​អូរ​នេះ​មាន​ទឹក​ច្រើន​ជាង​ដូវ​ប្រាំង​។ អូរ​នេះ​ដែរ​មាន​ប្រភព​មក​ពី​អាង​មួយ​ដែលមាន​ទំហំ​ធំ​ នៅ​ក្នុង​ទឹកដីថៃ​ ភាគ​ខាង​កើតនៃ​ភូមិ​ជប់​គគី​រ​ ដែល​អ្នក​ខ្លះ​ហៅ​ថា​ជប់​គគីរ​ខាង​កើត តែ​ឈ្មោះ​ដែល​អ្នក​ភូមិ​ក្បែរ​នោះ​និយម​ហៅ​គឺ​ភូមិ​ចៃ​​ឆ្កែ​ អាង​នោះនៅ​ភាគ​ខាង​ជើង​ឈៀង​ខាង​កើត​នៃ​ភូមិ​ចៃឆ្កែ​ ហើយ​គេ​អោយ​ឈ្មោះ​អាង​នោះ​ថា​អាង “តាយី”​ ឬ​ ថៃ​ហៅថា​សាយ​ សិប​។ មូល​ហេតុ​ដែល​គេ​អោ​យឈ្មោះ​ថា​ អូរ​ត្រជាក់​ចិត្ត​នោះ​ គឺ​ដោយ​សារ​កាល​ពី​សម័យ​មុន ​មាន​ប្រជាជនខ្មែរ​យើង​ ទៅ​រក​ស៊ី​នៅ​លក់​ដូរ​នៅ​ទឹក​ដីថៃ​ ឬ​ក៏​កាប់​ឈើ​និង​បរ​បាញ់​សត្វ​ នៅ​ពេល​ទៅ​ដល់​អូរ​នេះ​អ្នក​ទាំង​នោះ​តែង​តែ​សំរាក​ហូប​បាយ​ ងូត​ទឹក​នៅ​ទីនោះ​មុន​និង​ធ្វើ​ដំនើរ​ទៅ​មុខ​ទៀត​ ទឹក​អូរ​នោះ​មាន​សភាព​ត្រជាក់​ខុស​ពី​ទឹក​ អូរ​ធម្មតា​ ដោយ​សារ​តែ​នៅតំបន់​នោះ​ជា​តំបន់​ភ្នំ​មាន​ព្រៃ​ឈើ​ ដើម​ឈើ​ធំ​ៗ​ ថ្ម​ ហើយ​ទឹក​អូរនោះ​ជប់​ចេញ​គ្រហូង​ថ្ម​ ភ្នំ​ ដូច​នេះ​ហើយ​បាន​ជា​ត្រជាក់​ដល់​ចិត្ត​​ រហូត​ដល់​បេះដូង​ អ្នក​ខ្លះ​នៅ​ពេល​ធ្វើ​ដំនើរ​ទៅ​ដល់​កន្លែង​នោះ​មាន​អារម្មណ៍​មួយ​ថា​មិន​ចង់​ធ្វើ​ដំនើរ​ទៅ​កន្លែង​ផ្សេង​ទៀ​ត​ដែល​ជា​គោល​ដៅ​របស់​ខ្លួន​ហើយ​ ចង់សំរាក​នៅ​ទី​នោះ​អោយ​យូរ​ទៀត​ផង​។​ តែ​បច្ចុប្បន្ន​កន្លែង​នោះ​ត្រូវ​បាន​គេ​អភិរក្ស​ធ្វើ​ជា​តំបន់​កំសាន្ត​ខ្នាត​តូច​មួយ នៅ​រដូវ​វស្សា​ពេល​មាន​ទឹក​ច្រើន​គឺ​មាន​មនុស្ស​ទៅ​លេង​ច្រើន​ ទាំង​ចាស់​ទាំង​ក្មេង​ជា​ពិសេស​នោះ​គឺ​យុវវ័យ​។​ ក្រោយ​ពី​មាន​ផ្លូវ​ឡើង​ភ្នំ​ទៅ​កាន់​ភូមិ​ជប់​គគីរ​ត្រូវ​បាន​គេ​ឈូស​ឆាយ​អោយ​ល្អ​គ្រាន់​បើ​ជាង​មុន​រួច​មក​ ឃើញ​ថា​នៅ​ ពេល​ភ្ជុំ​បិណ្ឌ​ម្ដងៗ​មួយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​មនុស្ស​ទៅ​លេង​ច្រើន​ ពី​សំណាក់​អ្នក​ភូមិ​ក្បែរ​ៗ​នោះ​។ អោយ​តែ​ដល់​រដូវ​ភ្ជុំ​ម្ដងៗ​ នៅ​ទី​នោះ​មាន​សភាព​អ៊ូអរ មនុស្ស​ម្នា​ច្រើន​ទាំង​អ្នក​ភូមិ​ជិត​នោះ ​និង​អ្នក​មក​ពី​ភូមិ​ឆ្ងាយ​ៗ​ខ្លះ​ទៀត មក​លេង​កំសាន្ត​ជា​លក្ខណ​គ្រួសារ​ ក្រុម​ និង​គូរ មាន​ចាក់​ធុង​បាស់​រាំ​លេង​ អ្វី​ពិសេស​នោះ​គឺ​ងូត​ទឹក​លេង​ក្រោយ​ពេល​មនុស្ស​ទាំង​នោះ​ធ្វើដំ​នើរ​មក​ពី​ទី​ឆ្ងាយ​រួម​ផ្សំ​និង​ឡើង​ភ្នំ​អស់​កំលាំង​ផង​​ នៅ​ពេល​បាន​ចុះ​លេង​ទឹក​នោះ​ហើយ​ធ្វើ​អោយ​ត្រជាក់​ស្រួល​ខ្លួន​។ មាន​អ្នក​ខ្លះ​បាន​ដាក់​បាយ​ម្ហូប​ និង​ ភេសជ្ជៈ​ផ្សេង​ៗ​ទៅ​ហូប​នៅ​ទីនោះ​ ដូច​នេះ​ហើយ​បាន​ធ្វើ​អោយ​ទី​កន្លែង​នោះ​មាន​សភាព​សប្បាយ​រីក​រាយ​ បំភ្លេច​ទុក្ខ​ កង្វល់​ ដោយ​បាន​ផ្ដោត​ទៅ​លើ​ភាព​សប្បាយ​រួម​ទាំង​សម្លេង​ធម្មជាតិ​ដូច​ជា​បក្សី​ ចាប​តូចធំ​ដែល​​ បន្លឺ​ឡើង​ផ្សំ​ជា​មួយ​វាយោ​ដែល​បក់​បំផាត់​ស្លឹក​ឈើ​ផង ​ធ្វើ​អោយ​លឺ​សម្លេង​រួម​ទាំង​សម្រស់​ធម្មជាតិ​ ព្រៃ​ភ្នំ​ដ៏ស្រស់​បំព្រោង​ធ្វើ​អោយ​អារម្មណ៍​អ្នក​ដែល​បាន​ទៅ​ទស្សនា​រំភើប​ហាក់​បី​ដូច​គ្មាន​កង្វល់​អ្វី​ទាំង​អស់​។ តែ​នៅ​រដូវ​ប្រាំង​វិញ​នៅ​ទី​នោះ​ពុំ​មាន​ទឹក​ច្រើន​ដែល​អាច​ធ្វើ​អោយ​មាន​មនុស្ស​ទៅ​លេង​ច្រើន​នោះ​ទេ។ កាល​ពី​មុន​រដូវ​ប្រាំង​នៅ​ទីនោះ​មាន​ទឹក​ជប់​ហូរ​ច្រើន​គ្រាន់​បើ​ដោយ​សារ​តែ​ព្រៃ​ឈើ​មាន​ច្រើន​នៅ​ពេល​ដែល​យើង​ធ្វើ​ដំនើរ​ជិត​ដល់​យើង​និង​លឺ​សម្លេង​ទឹក​ហូរ រ៉ុក​ៗ​ៗ​ៗ ខ្លាំង​ ប៉ុន្តែ​ក្រោយ​មក​ព្រៃ​ឈើ​ត្រូវ​បាន​បាត់​បង់​ដោយ​សារ តែ​ប្រជាជន​នៅ​តំបន់​ក្បែរ​ៗ​នោះ​កាប់​ឆ្ការ​ដើម្បី​ ធ្វើ​ចំការ​ ដូចនេះ​ហើយ​បាន​ជា​ធ្វើ​អោយ​អូរ​នេះ​នា​រដូវ​ប្រាំង​ បច្ចុប្បន្ន​មិន​សូវ​មាន​ទឹក​ច្រើន។ តែ​សព្វ​ថ្ងៃ​នេះ​មាន​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​សង់​រហូត​ទៅ​ដល់​ភ្នំ​ កាល​ពី​មុន​ប្រជាជន​រស់​នៅ​តែ​ខាង​ក្រោម​ភ្នំ តាម​ជើង​ភ្នំ​គឺភូមិ​ដីបាក់ និង​លើ​ភ្នំ​នៅ​ដីរាប​ជាប់របង​និង​ ទ្វារ​ចូល​ដីថៃ​គឺ​ភូមិ​ជប់​គគីរ​ តែ​ក្រោយ​មក​សព្វថ្ងៃ​ឃើញ ផ្ទះ​របស់​ប្រជាជន​ទៅ​សង់​នៅ​ក្បែរៗ​ផ្លូវ​ឡើង​ភ្នំ​ ជិត​ដល់​អូរ​ត្រជាក់​ចិត្ត​ សព្វ​ថ្ងៃ​នេះ​បើ​យើង​ធ្វើដំនើរ​ ទៅ​លេង​ភូមិ​ជប់​គគីរ​នៅ​ពេល​ទៅ​ដ​ល់​ជើង​ភ្នំ​យើង​និង​ឃើញ​ផ្ទះ​របស់​បង​ប្អូន​ប្រជាជន​ចាប់​ពីជើងភ្នំ​រហូត​ទៅ​ដល់​ភ្នំ​។ សូម​បញ្ជាក់​ច្រក​របៀង​ជប់​គគីរ​គឺ​បើក​ដំនើរ​ការ​សព្វ​ថ្ងៃ​នេះ​ បើក​មួយ​សប្ដាហ៍​ពី​ដង​ គឺ​នៅ​ថ្ងៃ​ព្រហស្បត្ត​និង​ថ្ងៃ​សៅរ៍​ ពេល​នោះ​ថៃ​យក​របស់​របរ​បន្លែ​ផ្លែ​ឈើ ​ផ្សេងៗ​មក​លក់​អោយ​ប្រជាជន​ខ្មែរ៕៚ អូត ឡាទីន