Tuesday, March 19, 2013

តំបន់អភិវឌ្ឍន៍ជើងភ្នំដងរ៉ែកក្រោមប្រាសាទតាមាន់ធំ



កាល​ដើម​ឡើយ​តំបន់​នៅ​ក្បែរ​ប្រាសាទ​តា​មាន់មាន​ព្រៃ​ឈើ​ច្រើនហើយ​ក្រាស់​ពេល​យើង​ធ្វើដំណើរចេញ​ពី​ភូមិទៅ​លេងប្រាសាទ​នេះយើងចាំ​បាច់ត្រូវទៅ​តាមផ្លូវ​រទេះ​ធម្មតា​កាត់ព្រៃគឺ​មានសភាពលំបាកខ្លះ​ដែរសម្រាប់បងប្អូនដែលធ្វើ​ដំណើរទៅ​កាន់ទីនោះតែវា​ជា​ការល្អ​ម្យ៉ាងដែរព្រោះ​នៅ​តាមតំបន់ក្បែរៗ​នោះមានព្រៃឈើនិងសត្វ​ព្រៃមួយ​ចំនួនដែលរស់នៅ​ច្រើននិងមានដើម​ឈើ​ធំៗ។តែ​ក្រោយមកដោយ​កំណើន​របស់ប្រជាជន​កាន់តែ​ច្រើនផង​នោះជា​ពិសេសគឺ​ប្រជាជនដែល​រស់នៅ​តាម​តំបន់ជាប់​ព្រំដែន​ថៃដូច​ជាប្រជាជនដែល​នៅ​តាម​ភូមិ​មួយ​ចំនួននៃ​ខេត្ត​ឧត្តរមានជ័យតែងតែ​រុករាន​ព្រៃយក​ដី​ធ្វើ​កសិកម្ម
តួយ៉ាងប្រជាជន​រស់នៅ​តំបន់​ក្បែរប្រាសាទ​តា​មាន់បាននាំ​គ្នា​ទៅ​កាប់​ឆ្ការ​ព្រៃឈើដើម្បី​យក​ដី​ធ្វើ​ស្រែ​ចម្ការបានធ្វើ​អោយព្រៃតាមតំបន់នោះ​ហិនហោចអស់ជាច្រើនដែល​កាល​ពី​មុនតំបន់នោះគឺ​ពោរពេញទៅ​ដោយព្រៃឈើ។ តែ​បច្ចុប្បន្ន​នេះ​វិញពេល​យើងទៅដល់ឃើញ​មាន​តែ​វាល​ចម្ការ​របស់បងប្អូនប្រជា​កសិករ​ដែល​មើល​ទៅ​ធ្លាប់តែ​ឃើញ​ព្រៃឈើបែរ​មកជា​វាលស្រែ​ចម្ការគួរអោយសោកស្ដាយ ចាប់​តាំងពីកម្ពុជា​មានជំលោះ​ព្រំដែនជា​មួយ​ថៃកាល​ពីចន្លោះ​ឆ្នាំ២០០៧-២០០៨​រួច​មកនៅ​ខាង​ក្រោមភ្នំក្បែរប្រាសាទ​តាមាន់ធំគឺ​មាន​ការ​អភិវឌ្ឍខុស​ពី​មុន​ឆ្ងាយដែល​ពី​មុនទី​នោះ​ជា​តំបន់ព្រៃតែ​សព្វ​ថ្ងៃបានក្លាយទៅ​ជា​ភូមិនិងវាល​ស្រែ​ចម្ការ​របស់ប្រជាជនអស់ទៅ​ហើយ​។ ទី​នោះ​បានក្លាយទៅជាផ្ទះ​ប្រជាជននិងទីតាំងកង​ទាហានដែល​នៅ​ប្រចាំ​ការនិងការពារព្រំដែនតំបន់ប្រាសាទតា​មាន់មិន​ត្រឹមតែបង្កើតជា​ភូមិប៉ុណ្ណោះ​ទេតាម​ជើងភ្នំ​ដងរ៉ែកក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យគេ​បាន​ធ្វើ​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំដែនចាប់តាំង​​ពីឆ្នាំ២០០៨មក​​ លើស​ពី​នេះ​ទៀតនោះដី​របស់បងប្អូនប្រជាជនដែលគេ​ធ្វើ​ផ្លូវ​កាត់​ចំគឺ​ត្រូវ​បានគេ​យកដី​ទាំង​នោះចម្ងាយពីផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំដែនប្រហែលជា៣គីឡូម៉ែត្រ​ជាងពី​ផ្លូវដោយគិត​ចាប់ពីចាប់ពី​ផ្លូវមក​ខាងត្បូងដើម្បីយកដី​ទុក​ធ្វើ​ជាភូមិសម្រាប់អោយក្រុមគ្រួសារទាហានទៅ​រស់​នៅចំណែកចាប់ពី​ខាងជើង​ផ្លូវ​ឡើង​ទៅ​រកភ្នំគេ​ចាត់​ទុក​ដីនិងព្រៃ​ទាំង​នោះ​ជារបស់​សហគមន៍ ដែល​នៅ​ក្រោម​ការមើល​ខុស​ត្រូវរបស់ប្រជាជន​និងទាហានដែល​នៅ​តាម​តំបន់​នោះ។ ដី​របស់​បង​ប្អូន​ប្រជាជនដែលត្រូវ​បានគេ​ធ្វើ​ផ្លូវកាត់និងនៅ​ក្បែរនោះគឺ​ត្រូវ​រងនូវការប៉ះពាល់ជាច្រើនបច្ចុប្បន្ននេះនៅ​ជាប់ផ្លូវ​ខ្សែ​ក្រវ៉ាត់ព្រំដែននិង​ផ្លូវ​ឡើងទៅ​កាន់ប្រាសាទតាមាន់គឺ​បានក្លាយភូមិនិងកន្លែងខ្លះក្លាយជាបន្ទាយទាហានដែល​ប្រហែលជា​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​មក​ហើយ គេ​បានចាប់ផ្ដើមសាងសង់ផ្ទះ​មួយ​ខ្នងនៅ​ខាង​ត្បូងភូមិតា​មាន់សែន​ជ័យ តែ​ផ្ទះ​ទាំងនោះ​ធ្វើខាង​ត្បូងផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំដែន សម្រាប់អោយទាហានចាប់ឆ្នោត​យកត្រូវផ្ទះ​មួយ​ណាយកមួយនោះដើម្បីយកក្រុមគ្រួសារទៅ​រស់នៅហើយគេ​មានគម្រោងបន្ត​ទៀតគឺគេ​ធ្វើ​ផ្ទះ​ដូច​នោះបី​ជួរគឺ​ខាង​ជើង​ផ្លូវនិង​ខាង​ត្បូងផ្លូវខ្សែ​ក្រវ៉ាត់ព្រំដែន (ផ្លូវ​ខ្សែ​ក្រវ៉ាត់ព្រំដែនតាម​ជើង​ភ្នំដង​រ៉ែក​នៅ​តំបន់​នោះ​ពី​លិច​ទៅ​កើត​) ប្រសិន​បើ​យើង​ទៅ​លេងប្រាសាទ​តា​មាន់ពេលទៅ​ដល់ភូមិ​តា​មាន់សែន​ជ័យនិងឃើញ​មានផ្លូវ​មួយ​កាត់តាមផ្លូវ​ឆ្ពោះ​ទៅ​ប្រាសាទ​តាមាន់ពីទិសខាងលិចទៅទិសខាង​កើត​ដែល​ផ្លូវ​នោះ​ហើយ​ជា​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំដែន យើង​និងឃើញមានផ្ទះទាំងនោះនៅសងខាងផ្លូវបច្ចុប្បន្ននេះផ្ទះ​ទាំង​នោះ​មានតែ​មួយ​ជួរ​ទេ តែ​គេ​ក៏​មានគម្រោងធ្វើ​បន្ថែម​ពីរ​ជួរថែមទៀត​​ខាង​ត្បូង​ផ្លូវ​ក្រវ៉ាត់​ព្រំដែនដោយ​ធ្វើ​ចាប់​ពី​ជិត​ភូមិ​តា​មាន់​សែន​ជ័យទៅ​ទិស​ខាង​លិច​រហូត​ទៅ​ដល់​ភូមិដីបាក់
ហើយ​សព្វថ្ងៃ​គឺ​គេ​កំពុងតែធ្វើជា​បណ្ដើរ​ទៅ​ហើយ ចំណែកដី​របស់​ប្រជាជនដែលរង​នូវ​ការ​ប៉ះ​ពាល់តាម​តំបន់​នោះ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយសម្រាប់​ពួក​គាត់ ខ្ញុំ​សូម​សំណូមពរ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​អាជ្ញាធរ​ដែន​ក្នុង​ខេត្ត​នេះ​គិត​ពី​ផល​ប៉ះ​ពាល់​ដល់​អ្នក​ភូមិ​កំណើត ដោយ​មាន​ដំណោះស្រាយ​​សម​រម្យ​ដោយ​មិន​ទុក​ចោល​ដូច​​ពេល​បច្ចុប្បន្ន​ទេ ដោយ​គិត​ថា​តំបន់​នេះ​ទើប​មាន​សន្តិភាព​ប្រជាជន​ត្រូវ​ការ​ដី​បន្ថែម​ដើម្បី​មាន​ជីវភាព​រស់​នៅ​សម​រម្យ​ជា​អ្នក​ស្រែចម្ការ​៕ ៚ អូត ឡាទីន