Monday, April 11, 2011

ខ្មែរ​ម្នាក់​បាត់​ខ្លួន និង​ម្នាក់​ទៀត​របួស ក្រោយ​ថៃ​បាញ់​រះ​នៅ​​ឧត្តរ​មានជ័យ

2011-04-10
ប្រជា​ពលរដ្ឋ នៅ​សង្កាត់​កូន​ក្រៀល និង​សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរ​មានជ័យ បាន​ឱ្យ​ដឹង​ថា មាន​អ្នក​ភូមិ​ខ្មែរ​ម្នាក់​​នៅ​បាត់​ខ្លួន និង​ម្នាក់​ទៀត​របួស បន្ទាប់​ពី​ទាហាន​ថៃ​បាញ់​រះ ពេល​លួច​ឆ្លង​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ដោយ​ខុស​ច្បាប់​ក្នុង​ខេត្ត​សុរិន្ទ ទឹក​ដី​ថៃ ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី ២៨ ខែ​មីនាមក។
ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​ ដែល​កំពុង​រស់​នៅ​ក្នុង​ភូមិ​បាក់​នឹម​ សង្កាត់​សំរោង​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​ស្រាវ​ជ្រាវ​តាម​រក​កូន​ប្រុស​របស់​ គាត់​ម្នាក់ ដែល​កំពុង​បាត់​ខ្លួន​នៅ​ឡើយ​ បន្ទាប់​ពី​ពួក​គេ​បាន​នាំ​គ្នា​លួច​ចូល​ទៅ​ក្នុង​ព្រំដែន​ថៃ​ខុស​ច្បាប់​ ដើម្បី​កាប់​ឈើ​គ្រញូង​មក​លក់​ឱ្យ​ក្រុម​ឈ្មួ​ញ​ ហើយ​ត្រូវ​កង​ទាហាន​ថៃ​ប្រើ​អាវុធ​បាញ់​រះ​ កាល​ពី​ពេល​ថ្មីៗ ​មក។
ស្រ្តី​ឈ្មោះ​ចយ រ៉ាន់ អាយុ ៥៦ ឆ្នាំ បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី៨ ខែ​មេសា​ថា កូន​ប្រុស​របស់​គាត់​ឈ្មោះ​ព្លឿយ សារឿន អាយុ ១៨ ឆ្នាំ បាន​បាត់ខ្លួន​នៅ​ក្នុង​ព្រៃ​ក្នុង​ទឹក​ដី​ថៃ​នៃ​ខេត្ត​សុរិន្ទ ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី២៨ ខែ​មីនា មក​ម្ល៉េះ បន្ទាប់​ពី​កូន​របស់​គាត់​ជា​មួយ​អ្នក​ភូមិ ៥ នាក់​ទៀត បាន​នាំ​គ្នា​លួច​ឆ្លង​ដែន​ខុស​ច្បាប់ ដើម្បី​រក​កាប់​ឈើ​គ្រញូង​យក​មក​លក់​ដូរ។
អ្នកស្រី ចយ រ៉ាន់ ៖ «វា​ប្រាប់​ថា​ទៅ​រក​គ្រញូង​ជា​មួយ​មិត្ត​ភក្តិ។ វា​ចេញ​ទៅ​ឡាក់​លេខ ១៣ (បង្គោលព្រំដែនខ្មែរ-ថៃ) វា​អូស​គ្រញូង​នឹង​រទេះ​ទៅ​ក៏​គេ​បាញ់​រះ​​ហ្នឹង​ឯង។ បាញ់​រះ​រួច​ក៏​បាត់។ បង​អ្ហើយ​ដើរ​រក​ឡើង​ជាង​កន្លះ​ខែ​ហើយ​ប៉ុណ្ណេះ​ហើយ​មិន​ឃើញ​ចង់​ឱ្យ​ អាជ្ញាធរ​ផ្សព្វផ្សាយ​រក​ចែក​ផង។ អ្នក​ទៅ​ជា​មួយ​វា​នោះ​មក​វិញ»។
ប្រភព​ពី​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ផ្អុង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង​ដែរ បាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ទៀត​ឈ្មោះ មឿយ ភី បាន​រង​របួស​កាល​ពី​ពេល​ថ្មីៗ នៅ​ពេល​នាំ​គ្នា​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ដើម្បី​រក​កាប់​ឈើ​គ្រញូង​មក​លក់​ឱ្យ​ឈ្មួញ​ដូច​គ្នា​នោះ​ដែរ។
ទោះ​ជា​យ៉ាង​ណា​ក្តី​អាជ្ញាធរ​រដ្ឋាភិបាល​ បាន​ឆ្លើយ​តប​ថា​គេ​ពុំ​ទាន់​បាន​ទទួល​ដំណឹង​អំពី​ការ​បាត់​ខ្លួន​អ្នក​ភូមិ ​ខ្មែរ​ម្នាក់ និង​ម្នាក់​ទៀត​បាន​រង​របួស​នោះ​នៅ​ឡើយ​ទេ។ លោក ថុន ណុល អភិបាល​ក្រុង​សំរោង មាន​ប្រសាសន៍​ថា លោក​សោក​ស្តា​យ​ដោយសារ​រហូត​មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ នេះ​នៅ​ឡើយ។
ប្រសាសន៍​លោក ថុន ណុល ៖ «ខ្ញុំ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ដែរ មេ​ភូមិ​ក៏​គួរ​តែ​គាត់​ឱ្យ។ ខ្ញុំ​ជួប​លោក ជួង គាត់​ទទួល​នៅ បាក់​នឹម ហើយ​ជា​មួយ​ហ្នឹង​កូន​ដំរី ២ ហ្នឹង ហើយ​គាត់​ជា​ក្រុម​ប្រឹក្សា​សង្កាត់។ គាត់​ជួប​ខ្ញុំ​ញឹក​ដែរ​​ប្រជុំ​ប៉ុន្មាន​ថ្ងៃ​ជា​មួយ​គ្នា ប៉ុន្តែ ដូច​ជា​គាត់​មិន​បាន​ឱ្យ​ព័ត៌មាន​នេះ»។
ចំណែក​លោក នួន អេត អធិការ​នគរបាល​​ក្រុង​សំរោង មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​នេះ​ពី​សាច់​ញាតិ​ជន​រង​គ្រោះ និង​ពី​មន្ត្រី​របស់​លោក​នៅ​ឡើយ​ទេ ៖ «អា​ហ្នឹង​ដល់​ក្រុម​គ្រួសារ​គាត់​ មក​ដល់​សិន​ តើ​សមាជិក​គ្រួសារ​គាត់​ហ្នឹង​មាន​ការ​ស្នាក់​នៅ​ពិត​ប្រាកដ​នៅ​ហ្នឹង​មែន ឬ​អត់។ បើ​សិន​ជា​សមាជិក​គ្រួសារ​ហ្នឹង​រស់​នៅ​ភូមិ​ហ្នឹង​ពិត​ប្រាកដ​មែន​អា​ហ្នឹង ​ចេះ​តែ​យើង​មាន​វិធាន​ការ​ជួយ​រក​បាន។ កម្លាំង​ខ្ញុំ​ចុះ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​នៅ​ហ្នុង​អត់​មាន​ឃើញ​រាយ​ការណ៍​ ផង​»។
អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (ADHOC) ប្រចាំ​ខេត្ត​ឧត្តរ​មានជ័យ លោក​ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លះ ដែល​រស់​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ គឺ​នៅ​តែ​រង​គ្រោះ​ដោយសារ​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ក្នុង​ទឹក​ដី​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង​មក​លក់​ឱ្យ​ក្រុម​ឈ្មួញ​ដដែល បើ​ទោះ​បី​ជា​កន្លង​មក​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បញ្ជា​ឱ្យ​បង្ក្រាប​ការ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​របស់​ពួក​ឈ្មួញ​ក៏​ដោយ ក៏​បទ​បញ្ជា​នោះ​ហាក់​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ទេ។
តួ​លេខ​ត្រួសៗ បង្ហាញ​​ថា​ចាប់​តាំង​ពី​អំឡុង​ខែ​តុលា ឆ្នាំ២០១០ រហូត​មក​ដល់​ដើម​ខែ​មេសា ឆ្នាំ២០១១ នេះ មាន​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ក្រុង​សំរោង ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​​​​​​មានជ័យ ដែល​លួច​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​មក​លក់​ឱ្យ​ក្រុម​ឈ្មួញ ចំនួន ១១ នាក់ ហើយ​បាន​ស្លាប់​ម្នាក់​រង​របួស ឯ ២ នាក់​បាន​បាត់​ខ្លួន​​ដោយ​សារ​ទាហាន​ថៃ​បាញ់​រះ និង​ផ្ទុះ​មីន និង​ចំនួន ៨ នាក់​ផ្សេង​ទៀត ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន​យក​ទៅ​៕