វិទ្យុអាស៊ីសេរី
ដោយ ហង្ស សាវយុត
2011-01-27
ប្រភពព័ត៌មានពីមន្ត្រីយោធាខ្មែរប្រចាំច្រកជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានឲ្យដឹងថា ទាហានថៃបានបាញ់ជាថ្មីទៀត កាលពីថ្ងៃទី២៣ ខែមករា។មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថាអាជ្ញាធរថៃនៃខេត្តស៊ីសាកេត (Sisaket) បានធ្វើការជូនដំណឹងមកថា គេបានតម្កល់ទុកសាកសពរបស់ប្រជាពលរដ្ឋខ្មែរម្នាក់ ដែលទាហានថៃបានបាញ់ស្លាប់កាលពី៤ថ្ងៃមុន ដើម្បីឲ្យក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា សាកសួររកសាច់ញាតិ និងប្រគល់សាកសពនោះទៅឲ្យក្រុមគ្រួសារខ្មែរវិញ។
លោកវរសេនីយ៍ទោ តូច រ៉ា អនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកជាំសាង៉ាំ ស្រុកអន្លង់វែង បានមានប្រសាសន៍កាលពីរសៀលថ្ងៃព្រហស្បតិ៏ ទី២៧ ខែមករា ថាទាហានថៃបានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរម្នាក់ និង៣នាក់ផ្សេងទៀតត្រូវចាប់ខ្លួនយកទៅ កាលពីថ្ងៃទី២៣ ខែមករា។
ហេតុការណ៍នោះបានកើតឡើងនៅពេលដែលកងទាហានថៃ នៃខេត្តស៊ីសាកេតបានដើរល្បាតការពារព្រៃឈើ នៅជាប់តំបន់អូរខ្សាច់នៃព្រំដែនស្រុកត្រពាំងប្រាសាទរបស់ខ្មែរ ហើយពើបប្រទះជាមួយប្រជាពលរដ្ឋខ្មែរមួយក្រុម ដែលនាំគ្នាលួចឆ្លងដែនចូលទឹកដីថៃ ដើម្បីកាប់ឈើគ្រញូងខុសច្បាប់។
មន្ត្រីដដែលបានមានប្រសាសន៍ថា លោកកំពុងរង់ចាំជួបគ្រួសារសព ដើម្បីជួយធ្វើការទំនាក់ទំនងទៅអាជ្ញាធរថៃ សុំសាកសពទៅឲ្យគ្រួសាររបស់គេវិញ ៖ "យើងចាំឲ្យគ្រួសារសពគេមក ទទួល ឬក៏ទៅជួបឯណោះអីហ្នឹង។ សាកសពគេទុកនៅមន្ទីរពេទ្យកាន់ថារៈឡាក់ហ្នឹងឯង ខ្ញុំក៏បានផ្សព្វផ្សាយទៅហើយ ឲ្យខាងគ្រួសារគេហ្នឹងមកទាក់ទង ឬក៏ឲ្យខាងភូមិឃុំ ឲ្យដំណឹងមកដើម្បីឲ្យខ្ញុំបញ្ជូនដំណឹងហ្នឹងទៅខាងថៃ ឲ្យគេយកមកឲ្យយើង។ តាមដឹងថាមកស្នាក់នៅជិត ១ឆ្នាំហើយ អ្នកនៅត្រពាំងប្រាសាទហ្នឹងឯង មានឪពុកធំ ឪពុកមាអីនៅហ្នឹងឯង"។
មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរម្នាក់ដែលទាហានថៃបាញ់ស្លាប់នោះ គឺឈ្មោះ ហួច ហាង ភេទប្រុស អាយុ១៦ឆ្នាំ និង៣នាក់ផ្សេងទៀត ឈ្មោះ ដុក ដាំ អាយុ៣០ឆ្នាំ ឈ្មោះ ថន ថាន អាយុ៣០ឆ្នាំ និងឈ្មោះ ហ៊ាន ថា អាយុ៣៦ឆ្នាំ ត្រូវទាហានថៃចាប់ខ្លួន។
លោក វណ្ណ កុសល អភិបាលស្រុកត្រពាំងប្រាសាទ បានមានប្រសាសន៍ថា អាជ្ញាធរបានរកឃើញសាច់ញាតិរបស់សាកសពខ្មែរនោះហើយ ព្រមទាំងបានប្រាប់ឲ្យចេញដំណើរទៅកាន់ច្រកព្រំដែន ដើម្បីសុំយកសាកសពពីប្រទេសថៃវិញ ៖ "ពីព្រឹកមិញបងប្អូនគេទៅ ទទួលយកសាកសពពីច្រកទ្វារព្រំដែនហើយ។ ប្រជាជនមកពីតាកែវណោះ មកលេងបងប្អូន ហើយគេរកស៊ីក៏ឡើងទៅជាមួយគេ អាបងប្អូននេះអត់ដឹងផង"។
នេះជាលើកទី២ ហើយ នៅក្នុងខែមករានេះ ដែលប្រជាពលរដ្ឋខ្មែរនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវទាហានថៃបាញ់ស្លាប់ និងចាប់ខ្លួនដោយសារនាំគ្នាលួចឆ្លងដែនទៅកាប់ឈើខុសច្បាប់ក្នុង ទឹកដីថៃ។ កាលពីថ្ងៃទី១៨ ខែមករា កន្លងទៅទាហានការពារព្រំដែនថៃបានបាញ់រះទៅលើប្រជាពលរដ្ឋខ្មែរ មួយក្រុម ដែលនាំគ្នាឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ជាប់តំបន់ប្រលានឫស្សីនៃឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទដែរ បណ្ដាលឲ្យប្រជាពលខ្មែរម្នាក់បាត់ខ្លួន និង៤នាក់ផ្សេងទៀតត្រូវទាហានថៃចាប់ខ្លួនយកទៅ។
មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំខេត្តឧត្តរមានជ័យបានឲ្យដឹងថា ចាប់តាំងពីអំឡុងខែតុលា ឆ្នាំ២០១០ រហូតមកដល់ខែមករា ឆ្នាំ២០១១ នេះ តាមតួលេខត្រួសៗ យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរចំនួន ៨នាក់ហើយនៅក្រុងសំរោង នៅស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវទាហានការពារព្រំដែនថៃបាញ់សម្លាប់ និង៨នាក់ផ្សេងទៀត ត្រូវទាហានថៃចាប់ខ្លួន ដោយសារតែនាំគ្នាលួចឆ្លងដែនចូលក្នុងទឹកដីថៃខុសច្បាប់ ដើម្បីកាប់ឈើគ្រញូងមកលក់ឲ្យក្រុមឈ្មួញ៕៚