ក្មេងៗស្រុកខ្ញុំ ពេលព្រឹកស្រែកយំ
ស្រែកហៅរកម៉ែ ផ្អើលអស់វ៉ូងព្រៃ
រស់ឆ្ងាយដាច់គេ ចាស់ៗតែងតែ
បញ្ឆោតខ្លាចខ្លា។
ក្មេងខ្លះស្រែកយំ ខ្លះឫកដូចធំ
ទាញអោបស្រវ៉ា តាមអោបជើងម្តាយ
មិនអោយទៅណា ព្រោះវាខ្លាចខ្លា
យាយតាបញ្ឆោត។
ក្មេងខ្លះសែនល្អ ភ្ងាក់មិនមាត់ក
បើកភ្នែកក្រឡោត អោយចាស់ធ្វើការ
ដកស្នាប*ស្ទូងដោត នៅតូចសែនឆោត
អោយបាយកកវា។
រដូវវស្សា ភ្លៀងជោកកាយា
ទឹកជន់រងា ក្មេងដើររើសខ្យង
រត់ប្រដេញគ្នា កុកសរងា
ទំខ្នងក្របី។
ក្មេងៗស្រុកខ្ញុំ រូបតូចមិនធំ
ធ្វើការរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់
រកប្រាក់កម្រៃ ពុកម្តាយទៅថៃ
ជំពាក់អ្នកមាន។
កូនៗរស់នៅ ឃ្លាតឆ្ងាយម៉ែឪ
មិនបានចូលរៀន ជួបកាលំបាក
ការងារក៏គ្មាន ចាញ់បោកអ្នកមាន
ជីវិតក្នុងព្រៃ។
ជីវិតក្មេងស្រែ គ្មានអ្វីពូកែ
ពីការរកឆី ងងឹតងងល់
ប្រឡាក់ភក់ដី ជីកក្តាមបាចត្រី
រស់បែបធម្មជាតិ។
មកឆ្ងាញឃ្លាតចិត្ត ក្មេងគួរអាណិត
ក្មេងមានមាយាទ មិនដែលចេះលួច
ឆក់អ្នកឯទៀត ទៅណាមិនឃ្លាត
នាំបបួលមិត្ត។
តាមពិតក្មេងស្រែ គ្នាចង់ចេះដែរ
មិនសូវជាស្និទ្ធ ពេលចេញពន្លក
គ្មានអ្នកយកចិត្ត ត្រូវក្តៅរួញស្វិត
ដោយពន្លឺខ្លាំង៕៚
![]() |
ប៉ាវ ចន្ទ្រា (គីមីវិទ្យា) chantreapav@gmail.com |