Wednesday, June 5, 2013

ប្រាសាទ​តា​មាន់



ប្រាសាទ​តា​មាន់​ជា​តំបន់​ទេសចរណ៍​មួយ​ដែល​ឋិត​ក្នុង​ឃុំ​គោគ​មន​ ស្រុក​បន្ទាយ​អំពិល​ ​ខេត្ត​ឧត្តរមាន​ជ័យ​ ប្រាសាទ​នេះ​នៅ​លើ​ភ្នំ​ដង​រ៉ែក​ជាប់​និង​ព្រំ​ប្រទល់​ប្រទេស​ថៃ​។ កាល​ដើម​ឡើយ​មនុស្ស​ចាស់​ដែល​រស់​នៅ​តាម​តំបន់​ក្បែរៗ​នោះ​អោយ​ដឹង​ថា​ ប្រាសាទ​នេះ​គឺ​មាន​រូប​ចំលាក់​​ក្បូរក្បាច់​ល្អ​ណាស់​តែ​ដោយ​សារ​តែ​ប្រទេស​យើង​រវល់​តែ​មាន​ទំនាស់​និង​មាន​សង្រ្គាម​ផ្ទៃ​ក្នុង​ ប្រជាជន​រវល់​រត់​គេច​តែ​គ្រាប់​កាំភ្លើង​ មិន​បាន​នៅ​ថែរក្សា​ការ​ពារ​ទ្រព្យ​សម្បត្តិ​ទាំង​នោះអោយ​បាន​ល្អ​ ដូច​នេះ​ធ្វើ​អោយ​ប្រជាជន​ថៃ​បាន​នាំ​គ្នា​មក​ដឹក​ជញ្ជូន​យក​ទៅ​ធ្វើ​ជា​របស់​ជាតិ​ខ្លួន​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ថៃ​បាន​មក​កាន់​កាប់​ប្រាសាទ​នេះ​អស់​មួយ​រយៈ​ទៀត​ផង​ និង​យក​ប្រាសាទ​ដែល​នៅ​ក្បែរ​ប្រាសាទ​តាមាន់​ថា​ជា​ព្រទ្យ​សម្បត្តិ​របស់​ខ្លួន​។ ក្រោយ​ពេល​ដែល​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញ​លេញ​ និង​រួប​រួម​គ្នា​វិញ​ប្រាសាទ​ទាំង​នោះ​បាន​គ្រប់​គ្រង​ដោយ​កង​ទាហាន​ព្រំ​ដែន​ថៃ​រួច​ទៅ​ហើយ លើស​ពី​នេះ​ទៀត​នោះ​គឺ​ថៃ​បាន​ចាក់​ផ្លូវ​ក្រាល​កៅស៊ូ​រហូត​ដល់​ប្រាសាទ​តាមាន់​ធំ​ផង​ដែរ​។ ក្រោយ​ពី​ពេល​ដែល​មាន​មនុស្ស​ចាស់​ និង​កង​ទាហាន​ការ​ពារ​ព្រំដែន​ខ្មែរ​បាន​ត្រួស​ត្រាយ​ផ្លូវ​ឡើង​ភ្នំ​ទៅ​កាន់​ប្រាសាទ​នេះ​ និង​បាន​ផ្សព្វ​ផ្សាយ​អោយ​កូន​ខ្មែរ​ដែល​រស់​នៅ​តំបន់​ក្បែរ​ៗ​នោះ​បាន​ដឹង​និង​ ស្គាល់​ប្រាសាទ​នេះ​។ ក្រោយ​មក​ទាហាន​ព្រំដែន​ខ្មែរ​និង​ថៃ​មាន​ការ​ស្រុះ​ស្រួល​គ្នា​ហើ​យ​ក៏​សម្រេច​ចិត្ត​បើក​អោយ​ប្រជាជន​ខ្មែរ​និង​ថៃ​ទៅ​លេង ជា​ពិសេស​គឺ​ពេល​ចូល​ឆ្នាំ​នៅថ្ងៃ​ទី១២​ខែ​មេសា​ជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​ទៅ​លេង​​ច្រើន​ក្នុង​នោះ​មាន​ទាំង​ប្រជាជន​ថៃ​និង​កម្ពុជា​រៀង​រាល់​ឆ្នាំ។ កាល​ពី​បើក​អោយ​ទៅ​លេង​ដំបូង​គឺ​មាន​តែ​ប្រជាជន​ខ្មែរ​ដែល​នៅ​ក្បែរៗ​នោះ​និង​ប្រជាជន​ថៃ​ដែល​យក​របស់​របរ​តិចតួច​មក​លក់​តែ​ប៉ុណ្ណោះ​ ហើយ​ផ្លូវ​ចេញ​ពី​ភូមិ​ទៅ​កាន់​ប្រាសាទ​នោះ​គឺ​មាន​ការ​លំបាក​ខ្លាំង​រួម​ទាំង​ឡើង​ភ្នំ​ផង​ នៅ​ពេល​​ដែល​ប្រជាជន​ដែល​ទៅ​លេង​ទាំង​អស់​នោះ​ទៅ ដល់​ខាង​ក្រោម​ភ្នំ​ ត្រូវ​ការ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ទៅ​កាន់​ប្រាសាទ​នេះ​ដោយ​ដើរ​ឡើង​ភ្នំ​តាម​ផ្លូវ​ដើរ​ដែល​តូច​ចង្អៀត​ឡើង​តាម​ថ្ម​ភ្នំ​ផង​ និង​ផ្តោង​វល្លិ៍​ផង​ អ្នក​ដែល​​ទៅ​មិន​ហ៊ាន​ដើរ​ផ្ដេសផ្ដាស​ទេ​ព្រោះ​នៅ​តាម​តំបន់​នោះ​គឺ​មាន​គ្រាប់​មីន​។ តែ​ផ្លូវ​ដែល​មាន​សភាព​យ៉ាង​នេះ​គឺ​មាន​រយៈពេល​ប្រហែស​ជា​ប្រាំ​ពីរ​ទៅ​ប្រាំ​បី​ឆ្នាំ​ ដែល​កាល​នោះ​គឺ​នៅ​តាម​តំបន់​ទាំង​នោះ​គឺ​មាន​ព្រៃ​នូវ​ក្រាស់​គ្រាន់​បើ។ តែ​ក្រោយ​ៗ​មក​ដំណឹង​ពី​ការ​បើក​អោយ​ទៅ​លេង​ប្រាសាទ​តា​មាន់​ត្រូវ​បាន​លេច​លឺ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​តំបន់​មួយ​ទៅ​តំបន់​ទៀត​ ក៏​បាន​ល្បី​ល្បាញ​ទូ​ទាំង​ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​ជាប់​នោះ​ តៗ​មក​ទៀត​ប្រជាជន​ក្នុង​ខេត្ត​នេះ​នរណា​ក៏​បាន​ស្គាល់​ពី​ប្រាសាទ​នេះ​ដែរ​។ អោយ​តែ​ថ្ងៃ​ទី​១២​ ខែ​មេសា​គឺ​មាន​មនុស្ស​អ៊ូអរ​ច្រើន​ទៅ​លេង​ ហើយ​ប្រជាជន​ថៃ​ក៏​មក​លេង​ច្រើន​ផង​ដែរ។ តែ​ចាប់​ពី​ឆ្នាំ​២០០៨​មក​ ក្រោយ​ពី​ទំនាស់​ព្រំដែន​ថៃ​និង​កម្ពុជា​បាន​កើត​ឡើង​ តំបន់​ប្រាសាទ​តា​មាន់​ធំ​ត្រូវ​បាន​គេ​អភិវឌ្ឈ​ ធ្វើ​ផ្លូវ​ចាក់​បេ​តុង​ពី​ជើង​ភ្នំ​ឡើង​រហូត​ដល់​បា្រសាទ​ ចំនែក​ឯ​ទាហាន​ព្រំដែន​ថៃ​វិញ​ ក្រោយ​ពី​កង​ទាហាន​ខ្មែរ​ទៅ​ការពារ​និង​ធ្វើ​ជា​បន្ទាយ​នៅ​ក្រោម​ជើង​ភ្នំ​ហើយ​ប្រចាំ​ការ​នៅ​លើ​ប្រាសាទ ​ថៃ​ក៏​បាន​ដក​ថយ​​ទៅ​នៅ​ខាង​ជើង​ប្រាសាទ​តាមាន់​ធំ​វិញ​ ដែល​មាន​ចម្ងាយ​ពី​ប្រាសាទ​នេះ​ប្រហែល​ជា​បី​រយ​ហា​សិប​ម៉ែត្រ​។ កាល​ពី​មុន​ពេល​ដែល​ថៃ​មាន​ជម្លោះ​ព្រំ​ដែន​ជា​មួយ​កម្ពុជា ​នៅ​ពេល​បើក​អោយ​ទៅលេង​ម្ដងៗ​ប្រជាជន​ខ្មែរ​យើង​បាន​ទៅ​លេង​រហូត​ដល់​ប្រាសាទ​ពីរ​ទៀត ​ដែល​នៅ​ខាង​ជើង​ប្រាសាទ​តា​មាន់​ធំ​គឺ​ប្រាសាទ​តា​តូ​ និង​ប្រាសាទ​បាយ​ក្រៀម (ប្រាសាទ​តា​មាន់​តូច​) បើ​គិត​ពី​ប្រាសាទ​តាមាន់​ធំ​ទៅ​ចម្ងាយ​ប្រហែល​ជា​មួយ​ទៅ​ពីរ​គីឡូ​ម៉ែត្រ​។ បា្រសាទ​ទាំង​ពីរ​នោះ​សព្វ​ថ្ងៃ​គឺ​ថៃ​ជា​អ្នក​កាន់​កាប់​ក្រោយ​ពេល​ដែល​ជំលោះ​ព្រំដែន​ចាប់​ផ្ដើម​កើត​ឡើង​ពី​ឆ្នាំ​២០០៨​មក​ ពេល​បើក​អោយ​ទៅ​លេង​ ថៃ​មិន​អោយ​ប្រជាជន​ខ្មែរ​ចូល​ទៅ​ដល់​ប្រាសាទ​ទាំង​ពីរ​នោះ​ទេ​ ចំនែក​ឯ​ប្រជាជន​ថៃ​អាច​ចូល​មក​ប្រាសាទ​តា​មាន់​ធំ​បាន​។​ កាល​ដើម​ឡើយ​ប្រាសាទ​ទាំង​ពីរ​នោះ​ជា​របស់​ខ្មែរ​ តែ​ក្រោយ​មក​ប្រាសាទ​នោះ​ត្រូវ​បាន​ថែ​យក​ជា​របស់​កម្ម​សិទ្ធិ​របស់​ខ្លួន​ ហើយ​បាន​ចាក់​ផ្លូវ​ក្រាល​កៅស៊ូ​មក​ដល់​ប្រាសាទ​ទាំង​នោះ​ទៀត​ផង​។ ប្រជាជន​ខ្មែរ​សុរិន្ទ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ថៃ​បាន​ធ្វើ​ភូមិ​ជិត​ដល់​ប្រាសាទ​តាមាន់​តូច ​បើ​ទៅ​លេង​ពេល​ដល់​ប្រាសាទ​នោះ​ហើយ ​យើង​ក្រលេក​មើល​ទៅ​ខាង​ជើង​ប្រាសាទ​តាមាន់​តូច​ យើង​នឹង​​ឃើញ​មាន​ចុងដូង​និង​ដំបូល​ផ្ទះ​របស់​ប្រជាជន​ខ្មែរ​សុរិន្ទ​ទាំង​នោះ​។ ចំនែក​ខាង​ខ្មែរ​វិញ​ក្រោយ​ពី​មាន​ទំនាស់​ព្រំ​ប្រទល់​ដែន​រវាង​ថៃ​រួច​មក​តាម​ជើង​ភ្នំ​ដង​រ៉ែក​ក្រោម​បា្រសាទ​តា​មាន់​ធំ​ត្រូ​វ​បាន​គេ​អភិវឌ្ឍ​ធ្វើ​ជា​ភូមិ​អោយ​ប្រជាជន​ទៅ​រស់​នៅ​ និង​ធ្វើផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំដែ​ន​សម្រាប់​ដឹក​ជញ្ជូន​ស្បៀង​ផ្សេង​ៗ​ដើម្បី​ផ្គត់​ផ្គង​កង​ទាហាន​ការ​ពារ​ព្រំដែន​នៅ​តំបន់​នោះ៕៚ អូត ឡាទីន